Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ៖ កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ភាពជា​អ្នកដឹកនាំ​ជា​សកល​របស់​អង្គការសហប្រជាជាតិ



​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ភាពជា​អ្នកដឹកនាំ​ជា​សកល​របស់​អង្គការសហប្រជាជាតិ និង ប្តេជ្ញា​អនុវត្តន៍​នូវ​ការទទួលខុសត្រូវ​រួម​ក្នុង​កិច្ចប្រឹងប្រែង​កសាង​សង្គម​មួយ​នៃ​មនុស្សជាតិ​ដែល​ប្រកបដោយ​សន្តិភាព សមធម៌ និង មានការ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ការ​គាំទ្រ​បែបនេះ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ទូទៅ​នៃ​មហាសន្និបាត​អង្គការ​ប្រជាជាតិ​លើក​ទី​៧៣ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នា​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ម៉ោង​នៅ​កម្ពុជា ដែល​ត្រូវ​នឹង​ម៉ោង​ជិត​២​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា ម៉ោង​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បន្តថា​ ពិភពលោក​កំពុង​ជួប​បញ្ហា​អស្ថិរភាព​យ៉ាងធ្ងន់ធ្ងរ ការ​គំរាមកំហែង​ចំពោះ​សន្តិភាព​ក៏​កើតមាន​យ៉ាងច្រើន​សណ្ឋាន គឺ​ច្រើនជាង​អ្វី​ដែល​យើង​ធ្លាប់​បានឃើញ​ក្នុង​រយៈពេល ២៥ ឆ្នាំ កន្លងទៅនេះ។

សម្តេច​បន្ត​ទៀត​ថា យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ងាយ​និង​ប្រែប្រួល​,​មិនអាច​ព្យាករណ៍​បាន ជាមួយ​ការ​ផ្លាស់ប្តូរ​យ៉ាង​ស្មុគស្មាញ​និង​ការ​ប្រឈម​កាន់តែ​ធំ​ពី​គ្រប់មុខ​ព្រួញ រាប់​ចាប់ពី​ការកើនឡើង​នៃ​ជម្លោះ​ហិង្សា​ដែល​អូសបន្លាយ និង វិបត្តិ​មនុស្ស​ធម៌​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​អំពី​ការ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ភាព​តានតឹង​ដែល​បង្កឡើង​ដោយ​មហាអំណាច​ពិភពលោក លំដាប់​ទី​១ នៅក្នុង​រង្វង់​នៃ​ទំនាក់ទំនង​ការទូត និង ជម្លោះផ្ទៃក្នុង​ជា ច្រើន​កន្លែង​ដែល​កំពុង​កើតឡើង​ដោយសារ​ការ​ជ្រៀតជ្រែក​ពី​សំណាក់​មហាអំណាច​នេះ​។ យើង​ក៏​មាន​ការ ព្រួយ​បារ​ម្ភ​ផង​ដែរ ​ចំពោះ​ការសម្រេចចិត្ត​យ៉ាង​តក់ក្រហល់​របស់​មហាអំណាច​នេះ ក្នុង​ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា​ដ៏​សំខាន់​ជា​សាកល ដែល​ជាការ​គំរាមកំហែង​ដល់​ស្នូល​នៃ​ភាពស្របច្បាប់​នៅក្នុង​សណ្តាប់ធ្នាប់​គតិយុត្តិ​អន្តរជាតិ​។

សកម្ម​ភាពជា​ឯកតោភាគី​ទាំងនេះ បាននឹងកំពុង​ធ្វើ​ឲ្យ​ចុះខ្សោយ នូវ​ទំនាក់ទំនង​រវាង​បណ្តា​រដ្ឋ និង បង្ក​ភាព​តានតឹង​នៅក្នុង​សហគមន៍​អន្តរជាតិ​។ ប៉ុន្តែ​អ្វីដែល​បង្ក​សម្ពាធ​ធ្ងន់ធ្ងរ​បំផុត​នោះ​គឺ​ការវាយប្រហារ​ដោយ​ត្រង់​ទៅលើ​«​ពហុភាគី​និយម​»​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ប្រាកដ​ណាស់​នៅក្នុង​ពិភព​សាកលភាវូបនីយកម្ម​របស់​យើង​, អ្វីៗ​គ្រប់យ៉ាង​ត្រូវ​បាន​ផ្សារភ្ជាប់​គ្នា​។ ប្រសិនបើ​យើង​ចាប់ផ្តើម​ប្រកាន់​គោលនយោបាយ​គាំពារ​និយម ឯកតោភាគី​និយម និង ធ្វើសង្គ្រាម​ពាណិជ្ជកម្ម ,​នោះ​យើង​និង​បិទទ្វារ​លែង​ឲ្យ​មាន​កាលានុវត្តភាព​ពាណិជ្ជ​កម្ម និង ការ​វិនិយោគ ដែល​ធ្លាប់​បាន​នាំមក​នូវ​វិបុលភាព​សម្រាប់​ប្រទេស​យើង ,​ទាំង​តូច ទាំង​ធំ ជាច្រើន​សតវត្សរ៍​មក​ហើយ​។

ជា​លទ្ធផល​ចុងក្រោយ​យើង​ទាំងអស់គ្នា​ប្រាកដជា​និង​កាន់តែ​ក្រ​,​កំណើនសេដ្ឋកិច្ច របស់​យើង​និង​ធ្លាក់ចុះ ,​ធនធាន​ហិរញ្ញវត្ថុ​របស់​យើង​និង​ថមថយ​,​ហើយ​លទ្ធភាព​ក្នុងការ​សម្រេច​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក៏ដូចជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ នឹង​ទទួលរង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។ កត្តា​ទាំងអស់​នេះ​នឹងធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ទន់ខ្សោយ ស្ថិតក្នុង​ស្ថានភាព​ក្រីក្រ​អូស​បន្លាយ​កាន់តែ​យូរ ហើយ​ប្រទេស​ទាំង​ក៏​ងាយ​ផលប៉ះពាល់​ពី​មនោគមវិជ្ជា​ដ៏​គ្រោះថ្នាក់​នៃ​ភេរវកម្ម លទ្ធិ​ជ្រុលនិយម និង ជម្លោះ​តំបន់​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា កម្ពុជា ក្នុងនាម​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​តូច​,​ជឿ​លើ​អត្ថប្រយោជន៍​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ឈរលើ​វិធាន​គតិយុត្តិ​។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ​ពិតមែន ណាស់​យើង​បាន​រីកចម្រើន​ដោយសារ​សាកលភាវូបនីយកម្ម​។ ហេតុនេះហើយ​បានជា​យើង​ជឿជាក់ថា​ពាណិជ្ជកម្ម​ពិភពលោក​មិន​គួរ​ត្រូវ​រាំងស្ទះ​ដោយសារ​ការកំណត់​ពន្ធ​ជា​ឯកតោភាគី​នោះទេ ,​ប៉ុន្តែ​គួរ​ត្រូវបាន​លើកតម្កើង​និង​គាំទ្រ​តាមរយៈ​ការ​ប្រកាន់​គោលនយោបាយ​សមស្រប​ព្រមទាំង​ការផ្តល់​ក្របខណ្ឌ​អនុគ្រោះ ពិសេស​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ។ ស្ថិរភាព​និង​ការធ្វើ​ពិពិធ​កម្ម​លើ​វិស័យ​ហិរញ្ញវត្ថុ គួរ​ត្រូវបាន​លើកកម្ពស់​ដើម្បី​ជំរុញ​ន​វា​នុ​វត្ត​ភាព និង ការអភិវឌ្ឍ​។ សរុបមក​យើង​ត្រូវ​រួមគ្នា​ថែរក្សា​និង​ពង្រឹង​របប​«​ពហុភាគី និយម​»​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ជា​ការពិត​សន្តិភាព​ដែល​គ្មាន​ការ​អភិវឌ្ឍ​មិនអាច​ស្ថិតស្ថេរ​បាន​ឡើយ​។ ក្នុង​បរិបទ​នេះ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​” របស់​អង្គការសហប្រជាជាតិ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​នាំ​ផ្លូវ​យើង​ឆ្ពោះទៅ​រក​វិបុលភាព​ជូន​ប្រជាជន។ កម្ពុជា​យល់ថា ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​គឺជា​កាលានុវត្តភាព​ដ៏​សំខាន់​សម្រាប់​កិច្ចប្រឹងប្រែង​កាត់បន្ថយ​ភាព​ក្រីក្រ ​នឹង ​ការ​សម្រេចបាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​មាន​បរិ​យាប​ន្ន​។ រាជរដ្ឋាភិបាល​កម្ពុជា​និង​អនុម័ត​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ​នូវ​“​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​”​ដែល​ត្រូវបានធ្វើ​ជាតូបនីយកម្ម​ពេញលេញ​ហើយ​យើង​នឹង​ប្រើប្រាស់​គោលដៅ​ទាំងនេះ​ដើម្បី​តម្រង់ទិស​គោលនយោបាយ​និង​ផែនការ​រយៈពេល​មធ្យម​និង​រយៈពេល​វែង​របស់​ក​ម្ពុ​ជា​។

​សម្តេច​តេ​ជោ​បន្ត​ថា បន្ថែម​លើ​នេះ​ការទប់ស្កាត់​ជម្លោះ​គឺជា​បុ​រេ​លក្ខខណ្ឌ​សម្រាប់​សន្តិភាព​ចីរភាព​។​ កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​មាន​តួនាទី​ដ៏​សំខាន់​ពិសេស​នៃ​ជួរមុខ​ក្នុង​កិច្ចប្រឹងប្រែង​នេះ​។ ហេតុដូច្នេះ​ហើយ​ទើប​កម្ពុជា​ស្វាគមន៍​យ៉ាងខ្លាំង​ក្លា​ចំពោះ​ទស្សនវិស័យ​របស់លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​អង្គការ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រែស ស្ដីពី​ការកសាង​និង​រក្សា​សន្តិភាព​ជាពិសេស​លើ​ការបន្ត​ផ្ដោត​ការ​យកចិត្តទុកដាក់​ទ​ប់​ស្កាត់​ជម្លោះ។​កម្ពុជា​គឺជា​អ្នកគាំទ្រ​ប្រកបដោយ​សង្គតភាព​ចំពោះ​និមាបន្នកម្ម​សន្តិភាព​និង​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​។

ជាក់ស្តែង​អស់​រយៈពេល ១២ ឆ្នាំ​មកនេះ​ដែល​កម្ពុជា​បាន​ចូលរួម​បញ្ជូន​កងកម្លាំង​មួក​ខៀវ​រាប់ពាន់នាក់​ទៅ​បំពេញ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។ ក៏ប៉ុន្តែ​ការរក្សា​សន្តិភាព​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក​ដោយ​តួអង្គ​មិនមែន​រដ្ឋ​បាន​បង្ក​សង្គ្រាម​ឧទាន​វាយប្រហារ​មកលើ​កងក​ម្លាំ​ង​រក្សា​សន្តិភាព​របស់​យើង​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​និង​ពិការ​ជាច្រើន​នាក់។ យើង​ជំពាក់​គុណ​ធំ​ដ៏​ធំធេង​ចំពោះ​ពលី​កម្ម​របស់​វីរបុរស​ថែរក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ​ទាំងអស់​នេះ​។ យ៉ាងណាក៏ដោយ​មោទនភាព​និង​ពលី​កម្ម​របស់​ពួកគេ ពុំបាន​កែប្រែ​នូវ​ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ក្នុង​ការបន្ត​រួមចំណែក​ដល់​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នេះឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu