Ad Code

ប្រធាន​កាកបាទក្រហម ​៖​ ប្រទេស​មី​យ៉ាន់​ម៉ា ​មិនមាន​សុវត្ថិភាព​សម្រាប់​ការវិលត្រឡប់​របស់​ជ​ន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទេ​



ប្រធាន​កាកបាទក្រហម (ICRC) កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា វា​មិនមាន​សុវត្ថិភាព​ទេ​ សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ក្នុងការ​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​​​របស់​ពួកគេ​វិញ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដែលជា​កន្លែង​គាត់​បាន​រៀបរាប់ថា ភូមិ​ទាំងមូល​ត្រូវបាន​គេបោះបង់​ និង​បំផ្លាញចោល​។​

លោក Peter Maurer បានធ្វើ​ដំណើរ​ទៅ​មើល​នៅ​ភាគ​ខាងលិច​ប្រទេស​មី​យ៉ាន់​ម៉ា​មុនពេល​ទៅ​ទស្សនា​ជំរំ​ជនភៀសខ្លួន​នៅតាម​ព្រំដែន​ក្នុងប្រទេស​បង់​ក្លា​ដែ​ស​ដែលជា​កន្លែង​មាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត​មួយ​លាន​នាក់​បាន​ស្វែងរក​ការ​ជ្រកកោន​ដោយ​គេច​ពី​អំពើហិង្សា​។​

ជន​មូស្លីម​ដែល​ត្រូវគេ​ធ្វើ​ទុក​បុក​ម្នេញ​នេះ​បាន​ទៅដល់​ប្រទេស​បង់​ក្លា​ដែ​ស​ចាប់តាំងពី​ខែសីហា​មកម្ល៉េះ​ដោយ​គេច​ចេញពី​ការបង្ក្រាប​ដោយ​កងទ័ព​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ដែល​អង្គការសហប្រជាជាតិ​បាន​ប្រដូច​ទៅនឹង​ការ​បោសសម្អាត​ជនជាតិភាគតិច​។​

នៅ​ថ្ងៃ​ចន្ទ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បានធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​ជំរំ​នោះ​ចាប់តាំងពី​ការហូរចូល​នៃ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត​៧០០,០០០​នាក់​ដែល​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស​។​

លោក Maurer ដែលជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​និយាយថា ការងារ​បន្ថែមទៀត​គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​កែលម្អ​ស្ថានភាព​ដែល​លោក​បានឃើញ​នៅក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។​

លោក Maurer បាន​ប្រាប់ AFP ក្នុង​បទសម្ភាសន៍​មួយ​នៅ​ជំរំ​ជនភៀសខ្លួន Chakmarkul ថា “​អ្វីដែល​ខ្ញុំ​បានឃើញ​គឺ​ការបំផ្លិចបំផ្លាញ​ភូមិ ការបោះបង់ចោល​ស្ថានភាព ការរំខាន​នៅក្នុង​ទីផ្សារ រំខាន​ការចិញ្ចឹម​ជីវិត​និង​រំខាន​សហគមន៍​។ ខ្ញុំ​មិន​គិតថា ពេលវេលា​បច្ចុប្បន្ន​គឺជា​លក្ខខណ្ឌ​ដ៏​ល្អ​មួយ​ដើម្បី​វិលត្រឡប់​មកវិញ​នោះទេ​”​។​

គួរបញ្ជាក់​ជាថ្មី​ថា ប្រទេស​បង់​ក្លា​ដែ​ស​និង​មី​យ៉ាន់​ម៉ា​បាន​ព្រមព្រៀងគ្នា​កាលពី​ខែវិច្ឆិកា​ដើម្បី​ចាប់ផ្តើម​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប៉ុន្តែ​ដំណើរការ​នេះ​បាន​ផ្អាក​ដោយសារ​ភាគី​ទាំងពីរ​បាន​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​។​
​មាន​មនុស្ស​តិចជាង​២០០​នាក់​ត្រូវបាន​តាំងទី​លំនៅ​ថ្មី​ហើយ​ភាគច្រើន​មិន​ព្រម​វិលត្រឡប់​មកវិញ​ទេរ​ហូត​ទាល់តែ​សិទ្ធិ ភាពជា​ពលរដ្ឋ​និង​សុវត្ថិភាព​របស់​ពួកគេ​ត្រូវបាន​ធានា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu