Ad Code

សមត្ថកិច្ច​ ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ករណី​ជួញដូរ​គ្រឿង​ និង​ដក​ហូត​អាវុធ​៣​ដើម



ព្រះវិហារ​ ៖ ​ជនសង្ស័យ​ម្នាក់ ​និង​វត្ថុតាង​អាវុធ​ចំនួន​៣​ដើម​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន ​ដោយ​ឆែក​រក​ឃើញ​នៅ​ជាប់​នឹង​ខ្លួន​មាន​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​តូច​ កាលពី​ថ្ងៃទី​១​ខែ​កក្កដា​ ឆ្នាំ​២០១៨ ​ស្ថិតនៅ​ភូមិ​អន្លង់វែង​ ឃុំ​កន្ទួត ​ស្រុក​ជាំ​ក្សាន្ត។

ភ្នាក់ងារ​បានឱ្យដឹងថា លទ្ធផល​ឃាត់ខ្លួន​នេះ​ដោយមាន​ការសហការ​ល្អ​រវាង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ទាហាន​កងពលតូច​អន្តរាគមន៍​លេខ​៨​ផងដែរ​។

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១ ខែ​​កក្កដា​ ឆ្នាំ២០១៨ ​ដោយ​ហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ក្រាម​ពណ៌​ស​ចំនួន​១០​កញ្ចប់​តូច ​,​អាវុធ​ចំនួន​៣​ដើម ​គ្រាប់​អាការ​៤៧​ចំនួន​៣២​គ្រាប់ ​ម៉ូតូ​វ៉េ​វ​១​គ្រឿង​ និង​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួនទៀត​។​

សមត្ថកិច្ច​រៀបចំ​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ទៅ​តុលាការ​នៅថ្ងៃនេះ ​ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។ ​ជនសង្ស័យ​ឈ្មោះ​ទន់​ ឈាន ​ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ​ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​អន្លង់វែង​ឃុំ​កន្ទួត​ខាងលើ។

ប្រជាពលរដ្ឋ​រាយការណ៍​ឱ្យដឹងថា ​ស្រុក​ជាំ​ក្សាន្ត​ជា​សម្បុក​សេព ​និង​ជួញដូរ​គ្រឿង​ធំជាងគេ​នៅ​ទូទាំង​ខេត្តព្រះវិហារ​ ដែល​ក្រុម​ជនល្មើស​និង​មេខ្លោង​គ្រឿង​ធំ​នាំចូល មកពី​ចំណុច​មុំ​៣​ស្រុក​ជាំ​ក្សាន្ត​និង​ច្រក​ទ្វារ​ព្រំដែន​ទ្បាវ​នៅ​ឃុំ​កំពង់​ស្រ​ទ្បៅ ​ស្រុក​ឆែប។ ប្រភព​បន្តថា ​ការបង្ក្រាប​ខាងលើនេះ ​មិន​ប៉ះចំ​មេខ្លោង​គ្រឿងញៀន​ធំ​នោះ​ទេ ​ដូច្នេះ​ខេត្តព្រះវិហារ​នៅតែ​ជា​ខេត្ត​កើត​បទល្មើស​គ្រឿង​ខ្លាំងក្លា​ដដែល៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu