Ad Code

រដ្ឋមន្ត្រី​កសិកម្ម ​សង្ឃឹម​ថា ​ប្រទេស​ថៃ​ នឹង​បន្ត​ការ​គាំទ្រ ផ្តល់​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ និង​ល្អ​ប្រសើរ ពិសេស​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម



ភ្នំពេញ​ ៖​ នៅក្នុង​ជំនួប​ជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបតែ​ទទួល​សារតាំង​ជា​ឯកអគ្គរាជទូត​ថ្មី នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែឧសភា គ​.​ស ២០១៨ លោក​វេ​ង សាខុន រដ្ឋមន្ត្រី សង្ឃឹម​និង​ជឿជាក់ថា ​ប្រទេស​ថៃ​នឹង​បន្ត​ការគាំទ្រ ផ្តល់​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ថែមទៀត ពិសេស​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម។

មានប្រសាសន៍​នាឱកាស​នេះ លោក រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍ និង​អបអរសាទរ​ជូន​ចំពោះ​លោក ឯកអគ្គរាជទូត​ដែល​ត្រូវ​បានតែងតាំង​ឲ្យ​មក​បំពេញការងារ​ការទូត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ដែល​កន្លងមក​បាន​ជួយ​គាំទ្រ​និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​ក្នុងនោះ​មាន​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ការបណ្តុះបណ្តាល​ធនធាន មនុស្ស​ទាក់ទង​នឹង​វិស័យ​កសិកម្ម ការទទួល​ទិញ​កសិផល​កម្ពុជា ពិសេស​ផលិតផល​ដំឡូង​មី​។​ល​។ លោក រដ្ឋមន្ត្រី សង្ឃឹម​និង​ជឿជាក់ថា ​ប្រទេស​ថៃ​នឹង​បន្ត​ការគាំទ្រ ផ្តល់​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹងមាំ និង​ល្អ​ប្រសើរ​ថែមទៀត ពិសេស​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​។​

លោក​ឯកអគ្គរាជទូត បាន​កោតសរសើរ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង ដែល​ជា​ចលករ​មួយ​ដ៏​សំខាន់​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​តា​មរយៈ​ការនាំចេញ​ផលិតផល និង​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ លោក​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក ពិសេស​លើ​វិស័យ​កសិកម្ម ហើយ​លោក ឯកអគ្គរដ្ឋទូត​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក រដ្ឋមន្ត្រី លោក ថ្នាក់​ដឹកនាំ​ក្រសួង​គ្រប់លំដាប់​ថ្នាក់​ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ក្រុមការងារ​បច្ចេកទេស​ថៃ និង​វិនិយោគិន​ថៃ​បាន​យ៉ាង​ល្អប្រសើរ​។ ក្នុងឱកាស​បំពេញបេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត​បាន​សន្យាថា​នឹង​ខិតខំ​អស់​លទ្ធភាព ធ្វើយ៉ាងណា​ជួយ​ជំរុញ ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន់តែ​ល្អប្រសើរ​មួយកម្រិត​ទៀត​។​

ក្នុងជំនួប​នា​ថ្ងៃនេះ ភាគី​ទាំង​ពីរបាន​លើកយក​ប្រធានបទ​សំខាន់ៗ​មួយចំនួន​មក​ពិភាក្សា​មាន​ជាអាទិ៍​៖ ទី​១.​កិច្ចសហប្រតិបត្តិការ​លើ​ការកំណត់​តំបន់​ដាំ​ដុះ​ឲ្យ​បាន​សម​ស្របតាម​ស្ថានភាព គុណភាព​ដី ប្រភេទ​ពូជ ភាពអំណោយ​ផល​នៃ​ទឹក និង​ការប្រែប្រួល​អាកាសធាតុ ដែល​ប្រទេស​ថៃ​ធ្លាប់មាន​បទពិសោធន៍​​ក​ន្ល​ង​មក ទី​២. ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​ឲ្យ​មាន​និរន្តរភាព ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​របស់​ប្រជា​សហគមន៍​តាមរយៈ​ការបង្កើត​មុខ​របស់​ថ្មី ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ផល​និង​អនុផល​ព្រៃឈើ​តែមួយ​មុខ ទី​៣. ការសហការ​លើ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា (Contract Farming) រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ទី​៤. ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជលផល តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើការ​គ្រប់គ្រង និង​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

សូម​រំលឹកថា ត លោក Panyarak Poolthup ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបតែ​ទទួល​សារតាំង​ជា​ឯកអគ្គរាជទូត​ថ្មី​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ កន្លងមកនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu