Ad Code

ចូលរួម​រំលែក​ទុក្ខ​ផង! ម្ចាស់​បទ ជីវិត​ក្មេង​វត្ត លោកគ្រូ យិន សារិន ទទួលមរណភាព​ហើយ



ភ្នំពេញ​ ៖ ​នេះ​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​និង​គួ​rឲ្យ​សោកស្ដាយ​បំផុត​ ខណៈ​ដែល​ម្ចាស់​បទ ជីវិត​ក្មេង​វត្ត និង​ទំនួញ​ផ្លូវលំ​លោកគ្រូ យិន សារិន​ បានទទួល​មរណភាព​ហើយ​កាលពី​រសៀល​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៨​ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​មាន​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នោះ។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ព្រះ​តេជគុណ​ព្រះនាម ព្រះព្រហ្ម​វិជ្ជា នី​សុវណ្ណ​មុនី​រ៉េត​បាន​សរសេរ​រៀបរាប់​ថា ​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​ដែល​អាត្មាភាព​ទទួល​បាន​ថា​ញោម យិន សារិន សិល្បករ​ជើងចាស់​ម្ចាស់​បទ ជីវិត​ក្មេង​វត្ត ពេលវេលា​នេះ​ញោម​បាន​ទទួល​មរណភាព​ហើយ​អាត្មាភាព​ពិតជា​ក្តុកក្តួល​ក្នុង​ចិត្ត​ខ្លាំង​ណាស់។

ព្រះ​តេជគុណ​ព្រះព្រហ្ម​វិជ្ជា​នី​សុវណ្ណ​មុនី​រ៉េត​បន្ថែមថា ​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រៀមក្រំ​នៃ​គ្រួសារ​សព​សូម​វិញ្ញាណក្ខន្ធ​ញោម​ផុត​ទុក្ខសោក​ទាំងឡាយ​ឆ្ពោះ​ទៅ​កាន់​ឋាន​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​រូបំ ទុក្ខំ អនត្តា មាន​រូប មានទុក្ខ កើត​ចាស់ ឈឺ​ស្លាប់ ជា​ច្បាប់ធម្មជាតិ គ្មាន​អ្នកណាម្នាក់​គេចផុត​នោះទេ​គ្រាន់តែ​មុន នឹង​ក្រោយ​ប៉ុណ្ណោះ។

តាមរយៈ​ដំណឹង​មរណភាព ​និង​សោកសៅ​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​លោក​គ្រូ យិន សារិន នេះ​ដែរ​ បានធ្វើ​ឲ្យ​មហាជន​និង​អ្នក​សិល្បៈ​ជាច្រើន​សម្តែង​អារម្មណ៍​សោកស្ដាយ​ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​របស់លោក​គ្រូ​ផងដែរ​ ​ខណៈ​ត្រូវបាន​បាត់បង់​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព​ជំនាន់​ដើម​រូបនេះ។

សូមបញ្ជាក់ថា​ លោកគ្រូ​យិន​សារិន​ បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​ជាច្រើន​មុខ​ដូចជា​៖ ទឹកនោមផ្អែម ក្រពះ ពោះវៀន​និង​ពុក​ឆ្អឹង​ជាដើម​។ បើ​យោងតាម​កម្រង​សៀវភៅ​ដែល​ដឹកនាំ​ស្រាវជ្រាវ​ដោយ​លោក ឆ​យ យី​ហ៊ាង ក្នុងចំណោម​បទ​ចម្រៀង​១១៥​បទ​ដែល​និពន្ធ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ចន្លោះ​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០៤​គឺ​លោក យិន សារិន​បាន​ច្រៀង​រហូតដល់​ទៅ​៥៥​បទ​។ ​បទ​ល្បីៗ​មួយចំនួន​ដែល​លោកគ្រូ យិន សារិន ច្រៀង​នោះ​រួមមាន​ ៖​ ជីវិត​ក្មេង​វត្ត​, ផ្លូវ​ឆ្លងកាត់​វាល​, ក្បាល​អូរ​អភិវឌ្ឍន៍​, ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ​,​កិត្តិនាម​ព្រះ​ដុ​ង្គ​ម៉ែ​ជ័យ​,​ព្រះ​គុណ​ម៉ែ​ខ្ញុំ​, បៅដោះ​អ្នកណា​?​បណ្តាំ​ឪពុក​កត់​ទុក្ខ​ណា​កូន និង​បណ្តាំ​ស្ពានដែក៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu