Ad Code

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ ស្នើ​​ឲ្យ ប្រធាន​មូលនិធិ​ស្ដ្រី​មេផ្ទះ​មុ​ស្លិ​ម​ថៃ បន្ដ​កិច្ច​សហប្រតិបត្ដិការ​ឲ្យ​បាន​ល្អ​ចំពោះ​កិច្ចការ​ស្ត្រី​ក្នុង​សហគមន៍



ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានធ្វើការ​ស្នើសុំ​ឲ្យ​ប្រធាន​មូលនិធិ​ស្ដ្រី​មេផ្ទះ​មុ​ស្លិ​ម​ថៃ បន្ដ​កិច្ច​សហប្រតិបត្ដិការ​ឲ្យ​បានល្អ​ចំពោះ ស្ដ្រី​នៅ​សហគមន៍ ទទួល​បាន​ភាព​សុខដុមរមនា ផ្នែក​អាជីវកម្ម ទាំង​ខ្នាត​តូច និង​មធ្យម តែម្ដង។

លោក អូស្មាន ហាស្សាន់ បាន​ស្នើ​បែបនេះ ខណៈ​លោក​បាន​ទទួល​ជួប​គណៈប្រតិភូ​ថៃ ដឹកនាំ​ដោយ Hajah Dara Kattiya-Aree ប្រធាន​មូលនិធិ​ស្ត្រី​មេផ្ទះ​មុ​ស្លិ​ម​ថៃ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ជេស្ឋ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​៣១ ឧសភា ឆ្នាំ ២០១៨ នៅ​ស្នាក់ការ​កណ្ដាល​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​មុ​ស្លិ​ម​កម្ពុជា។

ក្នុងជំនួប​នេះ ​លោក​Hajah Dara Kattiya-Aree ក៏បាន កោតសរសើរ អំពី​គោលនយោបាយ​សុខដុមបនីយកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​បាន​សង្កត់ធ្ងន់​ថា សាសនិក​ឥស្លាម​កម្ពុជា មានភ័ព្វ​សំណាង​ជាង​សាសនិក​ឥស្លាម​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយចំនួន​ផ្សេងទៀត ព្រោះ​នៅ​កម្ពុជា មាន​មេដឹកនាំ​ដែលមាន​សមត្ថភាព​ដឹកនាំ​ពិតប្រាកដ ជា​មេដឹកនាំ​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការស្តារ​ប្រទេសជាតិ​ពី​ថ្លុក​សង្គ្រាមរ៉ាំរ៉ៃ រាប់​ទសវត្សរ៍ បាន​ក្លាយជា​ប្រទេស​ដែលមាន​ការរីកចម្រើន ការធ្វើសមាហរណកម្ម​សន្តិភាព ក៏​ទទួលបាន​ជោគជ័យ​ត្រចះត្រចង់ ដែលជា​គំរូ​ល្អ​ដល់​ឆាក​អន្តរជាតិ ដែល​មិនអាច​លាក់បាំង​បានឡើយ​។​

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់ថា តាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​សកម្មភាព​របស់ មូលនិធិ​ស្ត្រី​មេផ្ទះ​មុ​ស្លិ​ម ថៃ បាន​កំពុង​ដំណើរការ​ល្អ ក្នុង​ការ​សង្គ្រោះ និង​ផ្តល់​ហិរញ្ញប្បទាន​ ដល់​ស្ត្រី​ទន់ខ្សោយ​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ ដើម្បី​ទទួល​បាន​ដើមទុន​ខ្នាត​តូច និង​មធ្យម យក​ទៅ​ប្រកប​អាជីវកម្ម​កសាង​ជីវភាព ដោយមាន​ការ​បណ្តុះបណ្តាល​ត្រឹមត្រូវ។ ក្រៅពី​នេះ មូលនិធិ​ បាន​កំពុង​ផ្តល់​អាហារ​រូបករណ៍​ដល់ និស្សិត នារី​ក្រីក្រ​ជាច្រើន នៅ​កម្ពុជា​ឲ្យ​ទទួល​បាន ការអប់រំ​បញ្ចប់​កម្រិត​ឧ​ត្ត​មសិ​ក្សា និង ទទួល​បាន​ការងារ​ល្អជា មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន និង សហគ្រិន ផង​ដែរ។

លោក​អូស្មាន ហាស្សាន់ ក៏បាន​ថ្លែងអំណរគុណ​ដល់​គណៈប្រតិភូ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម​អបអរសាទរ ​និង​ជ្រោមជ្រែង​ចំពោះ​ពិធី​ទទួលទាន​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន របស់​សាសនា អ៊ីស្លាម​កម្ពុជា ដែល​រៀបចំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។

សូម​បញ្ជាក់​ថា គណៈប្រតិភូ​មូលនិធិ​ស្ត្រី​មេផ្ទះ​មុ​ស្លិ​ម​ថៃ​ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន របស់​សាសនា​ឥស្លាម​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ២០១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ នៅ​រសៀល​ថ្ងៃទី​៣១ ​ខែ​ឧសភា ​ឆ្នាំ​២០១៨ លោក​ក៏បាន​អញ្ជើញ​គណៈប្រតិភូ មក​ទទួលទាន​អាហារ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន នៅ​ឯ​ព្រះវិហារ​ឥស្លាម​អន្តរជាតិ​ អាល់​សារ​កាល បឹងកក់ រាជធានី​ភ្នំពេញ​មួយ​ពេល ដើម្បី​បន្ត​ភាព​ស្និទ្ធស្នាល​ទទួល ភាព​រាក់ទាក់ ​និង​ដឹងគុណ​ពី​សំណាក់​សហគមន៍​ខ្មែរ​អ៊ីស្លាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu