Ad Code

សហរដ្ឋអាមេរិក ​នឹង​វេតូ​សេចក្តីព្រាង​របស់ UN ស្តីពី​ការការពារ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន



ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោកស្រី Nikki Haley បាន​និយាយ​មុន​ថ្ងៃ​បោះឆ្នោតក្រុមប្រឹក្សា​សន្តិសុខ​ថា សហរដ្ឋអាមេរិក​នឹង “​បដិសេធ​ដោយ​មិនអាច​ប្រកែក​បាន​” ចំពោះ​ពង្រាង​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ដែល​អំពាវនាវ​ឲ្យ​មានការ​ការពារ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​និង​វេស​ប៊េ​ង​។​

លោកស្រី Haley បានចាត់ទុក​អត្ថបទ​ដែល​ដាក់​ដោយ​ប្រទេស​គុយ​វ៉ែត​ជំនួសមុខ​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់​ថា ​ជា “​វិធីសាស្ត្រ​តែ​ម្ខាង​ដែល​មិនបានការ​ ហើយនឹង​ធ្វើ​ឲ្យ​ខូច​យ៉ាងធ្ងន់ធ្ងរ​ដល់​កិច្ចប្រឹងប្រែង​ដែល​កំពុង​បន្ត​ឆ្ពោះទៅរក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​”​។​

យោងតាម​អត្ថបទ​ដែល​មើលឃើញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​ពង្រាង​សេចក្តីសម្រេច​របស់ខ្លួន​ផ្ទាល់​ដោយបាន​ស្តីបន្ទោស​ដល់​ក្រុម​ហា​ម៉ាស់​ចំពោះ​ការ​ផ្ទុះឡើង​នៃ​ជម្លោះ​នាពេល​ថ្មីៗ​នេះ​នៅ​តំបន់​ហ្គា​ហ្សា​និង​ទាមទារ​ឲ្យ​ក្រុម​ហា​ម៉ាស់​និង​ឥស្លាម​ជី​ហាដ​បញ្ឈប់​សកម្មភាព​ហិង្សា​និង​សកម្មភាព​បង្កហេតុ​ទាំងអស់​រួមទាំង​នៅតាម​របង​ព្រំដែន​ផងដែរ​។​

ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ច្បាស់​ទេ​ថា​តើ​នឹងមាន​ការបោះឆ្នោត​មួយ​លើ​អត្ថបទ​របស់​សហរដ្ឋ​អាមេរិក​ដែល​អាច​បរាជ័យ​ក្នុងការ​ប្រមូល​បានការ​គាំទ្រ​គ្រប់គ្រាន់​ដែរឬទេ​។​

ប្រទេស​គុយ​វ៉ែត​បានបង្ហាញ​សេចក្តីព្រាង​របស់ខ្លួន​កាលពី​ពីរ​សប្តាហ៍​មុន​ដោយ​អំពាវនាវ​ជាបឋម​ឲ្យ​មាន​បេសកកម្ម​ការពារ​អន្ដរជាតិ​មួយ​សម្រាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ខណៈដែល​ការតវ៉ា​បានប្រែក្លាយ​ទៅជា​អំពើហិង្សា​នៅលើ​ព្រំដែន​អ៊ីស្រាអែល - ហ្គា​ហ្សា​។​

ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១២២​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​នៅក្នុង​ភាពចលាចល​ចាប់តាំងពី​ចុងខែ​មីនា​មក​។​

វា​នឹង​ក្លាយជា​លើក​ទី​២​ហើយ​ដែល​លោកស្រី Haley ប្រើ​អំណាច​វេតូ​របស់​អាមេរិក​ដើម្បី​ទប់ស្កាត់​វិធានការ​របស់​អង្គការសហប្រជាជាតិ​លើ​ជម្លោះ​អ៊ីស្រាអែល - ប៉ា​ឡេ​ស្ទី​ន​។​

កាលពី​ខែធ្នូ លោកស្រី Haley បាន​វេតូ​លើ​វិធានការ​មួយ​ដែល​ច្រានចោល​ការសម្រេចចិត្តរ​បស់​លោក​ប្រធានាធិបតី Donald Trump ក្នុងការ​ផ្លាស់​ទីតាំង​ស្ថានទូត​អាមេរិក​ទៅ​ក្រុង​យេ​រូ​សា​ឡឹម​បន្ទាប់ពី​សមាជិក​ក្រុមប្រឹក្សា​ចំនួន​១៤​រូប​ផ្សេងទៀត​បាន​គាំទ្រ​វា​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu