Ad Code

កសិករ​នៅ​ភូមិ​ដំណាក់​ព្រីង​ ចិញ្ចឹម​មាន់​ស្រែ​យក​សាច់​លក់​អោយ​ចំណី​ធម្មជាតិ​៣​ខែ​បាន​ទទួលផល



កំពង់ឆ្នាំង ​៖​ កសិករ​វ័យក្មេង​ម្នាក់​ ក្រោយពី​រៀន​ចប់​ទទួល​បាន​បរិញ្ញាប័ត្រ​ពី​សកលវិទ្យាល័យ កសិកម្ម ជំនាញ​ផ្នែក​ពេទ្យសត្វ​មក គាត់​បាន​ចាប់យក​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​យកសា​ច់លក់​ដោយ​ផលិត​ចំណី​ធម្មជាតិ​អោយមាន់​ស៊ី គឺ​ចិញ្ចឹម​៣​ខែ​ទទួលផល​បាន​មាន់​១​ៗ មាន​ទម្ងន់​ពី​១,៥០ ទៅ​១,៨០​គីឡូក្រាម ហើយ​មាន​ម៉ូ​យ​មក​​កុម៉្មង់​ទិញ​ច្រើន គឺ​ចិញ្ចឹម​មាន់នៅ​តិច​លក់​អោយគេ​មិនទាន់​ឡើយ ដោយ​ទាមទារ​អោយ​គាត់​ពង្រីក​មុខរបរ​នេះ​អោយ​ធំ​ថែមទៀត។

លោក ណ​ក់ ផល្លី អាយុ​៣០​ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ស្រែ នៅក្នុង​ភូមិ​ដំណាក់​ព្រីង​ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មានជ័យ និង​ជា​អតីត​និស្សិត​សកល​វិទ្យាល័យ​កសិកម្ម​ចំការ​ដូង បាន​និយាយ​អោយដឹងថា​ ៖ លោក​បាន​ចាប់យក​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ​យក​សា​ច់​លក់ រយៈពេល​ជិត​២​ឆ្នាំ​ហើយ ដោយមាន​ទ្រុងមាន់​ធំៗ​ទំហំ​១០​ម គុណ​៦០​ម ចំនួន​២​ខ្នង និង​មាន​មាន់​ស្រែ​កំពុង​ចិញ្ចឹម​ចំនួន​ជាង​៣​ពាន់​ក្បាល ដោយ​កាលពី​ខែមេសា​ពេល​ចូលឆ្នាំ​ខ្មែរ​មុន​នេះ​លោក បាន​លក់​មាន់​ចេញ​អស់​ជាង​២​ពាន់​ក្បាល​ទៅហើយ។

លោក ណ​ក់ ផល្លី បាន​អោយដឹងទៀតថា ​៖ រៀប​ចិញ្ចឹម​មាន់​ស្រែ​នេះ គឺជា​ដំបូ​ង​លោក​បាន​ទិញ​កូន​មាន់​ស្រែ​ដែល​មាន​អាយុ​៣​អាទិត្យ​ពី​អ្នកស្រុក​នៅ​តាម​មូលដ្ឋាន ដោយមាន​តម្លៃ​ក្នុង​១​ក្បាល​៤៥០០​រៀល មក​ចិញ្ចឹម​ថែបំប៉ន​នៅក្នុង​ទ្រុង​ ដោយ​អោយ​ចំណី​គ្រាប់ៗ​កា​រ៉ុង​ទិញ​ពី​ទីផ្សារ​អោយ​វា​ស៊ី​តិចតួច​តែប៉ុណ្ណោះ ហើយ​ភាគច្រើន​លោក​ផលិត​ចំណី​ធម្មជាតិ​ដោយ​ខ្លួនឯង​អោយមាន់​ស៊ី​ទើប​វា​ឆាប់​ធំធាត់។ ចំណី​ធម្មជាតិ​ដែល​លោក​ផលិត​នោះ​មាន ពោត សណ្ដែក សៀង ម្សៅ​ត្រី កាល់ស្យូម បាស់​ស្មិ​ច យក​មក​កិន​លាយ​ជាមួយ​កន្ទក់​អោយ​មាន់​ស៊ី គឺ​អោយ​វា​ស៊ីក្នុង​រយៈពេល​៣​ខែ​គឺ​វា​នឹង​ធំធាត់ ដែល​បើ​មាន់​ឈ្មោល​ក្នុង​១​ក្បាល​វា​មាន​ទម្ងន់ ពី​១,៦០ ទៅ​១,៨០​គីឡូ ចំណែក​មាន់​ញី​វា​មាន​ទម្ងន់​១​ក្បាលៗ ១,៤០ ទៅ​១,៦០​គីឡូ។

​លោក ណ​ក់ ផល្លី បានបញ្ជាក់​អោយដឹងថា​ ៖ ​ការចិញ្ចឹម​មាន់​មិន​ងាយស្រួល​ឡើយ​ដោយ​ត្រូវមាន​ដើមទុន​ច្រើន ត្រូវ​រៀន​បច្ចេកទេស​ចិញ្ចឹម ត្រូវ​ចេះ​ផលិត​ចំណី​ធម្មជាតិ និង​មាន​អ្នក​ថែទាំ​អោយ​ចំណី​វា​ស៊ី ទឹក​វា​ផឹក​ជាប្រចាំ និង​ក៏ត្រូវ​ចាក់​វ៉ាក់សាំង​អោយ​វា​ទៅតាម​ដំណាក់កាល​វា​ធំ និង​នៅពេល​វា​មាន​ជំងឺ​ជាដើម​គឺ​គ្មាន​ពេលទំនេរ​ឡើយ មិនតែប៉ុណ្ណោះ ក៏ត្រូវ​ការជួល​កម្មករ​៣​ទៅ​៤​នាក់ អោយជួយ​ធ្វើការ​នេះ​ផងដែរ​ទើប​អាច​ចិញ្ចឹម​វា​បាន​។​

ដោយឡែក នៅពេល​លក់​ចេញ​យើង​អាច​លក់​បាន​តម្លៃ​ក្នុង​១​គីឡូ ពី​១៥០០០​រៀល​ទៅ​
១៦០០០​រៀល ដោយមាន​ម៉ូយ​នៅ​លក់​ទីផ្សារ ​ម៉ូយ​ធ្វើ​ម្ហូប​ការ មក​ទិញ​ដល់​កសិដ្ឋាន។ ទន្ទឹម​គ្នា​នេះ​ដែរ ក៏​មាន​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ​ បាន​កុម្ម៉ង់​ទិញ​មាន់​ស្រែ​នេះ​ក្នុង​១​ថ្ងៃៗ ២០០​ក្បាល​ ប៉ុន្តែ​លោក​មិនទាន់​ហ៊ាន​ទទួល​ទេ ដោយ​លោក​នឹង​ត្រូវ​ពង្រីក​មុខរបរ​រដូវ​នេះ​៣​ដង​ទៀត​ក្នុង​រយៈពេល​៦​ខែ​ទៀត ទើប​ទទួល​ការ​​កុម្ម៉ង់​ទិញ​របស់​ក្រុមហ៊ុន​នេះ​បាន៕
​ ​
​ ​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu