Ad Code

បុរស​អ្នក​ចាំចំការ​ឲ្យ​គេ​ ត្រូវ​ចោរលួច​មាន់​ កាប់សម្លាប់​ ពេល​ភ្ញាក់​ទាន់



ភ្នំពេញ​ ៖​ បុរស​ម្នាក់​ ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​ស៊ី​ឈ្នួល​ចាំ​ចំការ​ ត្រូវ​បាន​ឃាតករ​ ដែល​ជា​ចោរលួច​មាន់ ​កាប់​​​សម្លាប់​ ខណៈ​ពេល​ដែល​ជនរងគ្រោះ​ស្រែក​ចាប់ចោរ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃទី​៣១​ ខែឧសភា​ នៅ​ចំណុច​ដីចំការ​ស្វាយ​ភូមិ​មិត្តភាព ​សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចាំចំការ​ឲ្យ​គេ ស្នាក់នៅ ចំណុច​កើតហេតុ​ខាងលើ។

ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ​ជា ហៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិត​ប្រាកដ។

តាម​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា កាលពី​ថ្ងៃទី ៣១-០៥-២០១៨ វេលា​ម៉ោង​២០​និង​៤០​នាទី ជនសង្ស័យ​០៣​នាក់ ឈ្មោះ ជា ហៃ​, ឈ្មោះ តួ និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ​នាំគ្នា​ផ្លោះ​របង​ចូលទៅក្នុង​ដីឡូត៍​ចំការ​ស្វាយ (​ចំណុចកើតហេតុ​ខាងលើ​) ដើម្បី លួច​មាន់ ពេលនោះ​ជនរងគ្រោះ​ឮ​ឆ្កែ​ព្រុស​ក៏​បញ្ចាំង​ភ្លើង​ពិល​ឃើញ​ជនសង្ស័យ​កំពុង​ទាញ​សំណាញ់​លួច​មាន់ ក៏​ងើប​ពី គ្រែ​ដេក​ស្ទុះ​ចេញទៅ​ចាប់​ជនសង្ស័យ រួច​ពួក​ជនសង្ស័យ​នាំគ្នា​វាយ​ជនរងគ្រោះ​ដួល​ទៅលើ​ដី ហើយ​ជនសង្ស័យ​ឈ្មោះ តួ ស្ទុះ​ទៅយក​កាំបិតផ្គាក់​របស់​ជនរ​ង​គ្រោះ​នៅក្រោម​គ្រែ​កាប់​ទៅលើ​ជនរងគ្រោះ​ចំ​កញ្ចឹងក​, ចំ​ថ្ពាល់​ខាងស្តាំ និង​ចំ ក្បាល​របួសធ្ងន់ រួច​នាំគ្នា​គេចខ្លួន​បោះ​កាំបិតផ្គាក់​ចោល​នៅ​កន្លែងកើតហេតុ​។

ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រួច​ក៏បាន​ស្លាប់​។ រហូតដល់​ម៉ោង​២២​និង​០០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជា ហៃ នៅ​ភូមិ​កើតហេតុ​ខាងលើ បញ្ជូន​មក​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu