ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ដ្រី ក្រសួង ទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងទាំងអស់ បានថ្លែងនូវអំណរអរគុណយ៉ាងពន់ពេកចំពោះសម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវមន្ទីរពេទ្យបង្អែកថ្មីសន្លាង ដែលបានលិចរូបរាងជាបណ្តើរៗនេះ តាមការចង់បានរបស់ប្រជាពលរដ្ឋ។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនថ្លែងបែបនេះក្នុងពិធីបញ្ចុះបឋមសិលា កសាងអគារ មន្ទីរពេទ្យបង្អែក”សាមគ្គី” ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀងថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះ ស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។ សម្តេចទាំងទ្វេបានផ្តាំផ្ញើរនូវការអរគុណ និងជូនពរឱ្យបងប្អូនគ្រប់ៗក្រុមគ្រួសារឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ប្រកបកិច្ចការអ្វីៗសូមឱ្យបានជោគជ័យ និងសូមឱ្យមានសុខភាពល្អ ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សម្តេចទាំងពីរក៏តែងតែមាន ឧត្តម គតិគិតគូចំពោះវិស័យព្រះពុទ្ធសាសនា នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាជាតិ និងដើម្បីតែព្រះពុទ្ធសាសនា។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា សម្តេចទាំងពីរគឺជាពុទ្ធសាសនូបត្ថម្ភដ៏ថ្លៃថ្លាដោយបានប្រែក្លាយពីប្រទេសដែលពោរពេញ ទៅដោយសង្គ្រាមមកជាប្រទេសដែលមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះវិស័យ ព្រះពុទ្ធសាសនា និងជំនឿសាសនា ក៏ត្រូវបានរស់ឡើងវិញផងដែរ ដែលអាចឱ្យប្រជាពលរដ្ឋមាន សិទ្ធិធ្វើបុណ្យទៅតាមបំណងប្រាថ្នារៀងៗខ្លួនស្រប តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។
មន្ទីរពេទ្យបង្អែក ដែលនឹងលេចរូបរាងនាពេលឆាប់ៗខាងមុខនេះ បានប្រើប្រាស់ថវិការាជរដ្ឋាភិបាលសុទ្ធសាធ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ជូនប្រជាពលរដ្ឋនៅស្រុករំដួល ដោយការគិតគូរខ្វល់ខ្វាយយ៉ាងខ្លាំងរបស់សម្តេចតេជោចំពោះសុខភាពប្រជាពលរដ្ឋដែលត្រូវគាំពារថែរក្សាសុខុមាលភាពលោកយាយលោកតា ពូមីង បងប្អូនក្មួយៗឱ្យបានល្អដើម្បី មានសុខភាពល្អអាចប្រកប ការងារ បង្កើនជីវភាពគ្រួសារ ឱ្យកាន់តែ ខ្ពស់ឡើងមានសេចក្ដីសុខសុខភាពល្អ និងអាយុយឺនយូរ ទើបសម្ដេចតេជោ បានសម្រេចឱ្យកសាងមន្ទីរពេទ្យបង្អែកនេះ។ មន្ទីរពេទ្យបង្អែកនេះកសាងឡើងដើម្បីពិនិត្យ ព្យាបាល និងថែក្សា សុខភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុករំដួល រួមទាំងមូលដ្ឋាននៅជុំវិញនេះ។
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមឆ្លៀតឱកាសនេះ អំពាវនាវដល់បងប្អូនជនរួមជាតិត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់ វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
ជាថ្មីម្តងទៀត លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងអំណរគុណដល់លោកនាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម អគ្គមេបញ្ញាការរងកងយោធពលខេមរភូមិន្ទជាមេបញ្ជាការវិស្វកម្មនិងសហការីលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលស្រុករំដួល ដែលបានខិតខំ រួមគ្នាដោយស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចក្នុងការផ្ដល់សេវាសាធារណៈ លើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋបានល្អប្រកបដោយវិជ្ជាជីវៈ។
លោកជំទាវកិត្តិសង្គហបណ្ឌិតស្នើឱ្យបន្តប្រតិបត្តិការនេះបន្តទៅទៀត ដើម្បីឱ្យប្រជា ពលរដ្ឋ ខេត្តស្វាយរៀងក្នុងក្របខណ្ឌទូទាំងប្រទេសបានរស់នៅប្រ កប ដោយសេចក្តីសុខ សុខភាពល្អគ្រប់ៗគ្នា ក្រុមគ្រួសារប្រកបដោយស្នាមញញឹមជានិច្ច និងសូមឱ្យដំណើរការសាងសង់អគារមន្ទីរពេទ្យបង្អែក ”សាមគ្គី” នេះប្រព្រឹត្តទៅបានរលូនល្អ៕
Source: Kampuchea Thmey Daily
0 Comments