ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមិនខ្វល់សូម្បីតែបន្តិចចំពោះការព្រួយបារម្ភជាអន្តរជាតិលើទោសប្រហារជីវិតដែលផ្តល់ទៅឲ្យជនជាតិកាណាដាម្នាក់សម្រាប់ការរត់ពន្ធគ្រឿងញៀន។
ការផ្តន្ទាទោសលោក Robert Schellenberg កាលពីថ្ងៃចន្ទពីបទរត់ពន្ធមេតំហ្វេតាមីនចំនួន២២២គីឡូក្រាមបានជំរុញឲ្យនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ចោទប្រកាន់ប្រទេសចិនថាបានដាក់ទណ្ឌកម្មតាមអំពើចិត្ត។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trudeau បានអំពាវនាវឲ្យមេដឹកនាំពិភពលោកមួយចំនួនចែករំលែកការព្រួយបារម្ភអំពីករណីរបស់លោក Schellenberg និងជនជាតិកាណាដា២នាក់ដែលទីក្រុងប៉េកាំងឃាត់ខ្លួនកាលពីខែមុនបន្ទាប់ពីនាយកប្រតិបត្តិជាន់ខ្ពស់របស់ចិនម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង Vancouver លើដីកាបង្គាប់របស់សហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា សម្ព័ន្ធមិត្តរបស់ប្រទេសកាណាដាអាចរាប់ម្រាមដៃដប់ហើយមិនបានតំណាងឲ្យទស្សនៈរបស់សហគមន៍អន្តរជាតិទូលំទូលាយនោះទេ។
លោកស្រី Hua បាននិយាយអំពីការរិះគន់នេះថា “ខ្ញុំអាចនិយាយយ៉ាងច្បាស់ថា យើងមិនព្រួយបារម្ភសូម្បីតែបន្តិច”។ លោកស្រីបានបន្ថែមថា ភាគច្រើននៃជនជាតិចិនបានគាំទ្រការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចំពោះឧក្រិដ្ឋកម្មគ្រឿងញៀន។
ការកាត់ទោសលោក Schellenberg បានធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសចិននិងកាណាដាដែលមានបញ្ហារួចទៅហើយដោយការចាប់ខ្លួនលោកស្រី Meng Wanzhou ដែលជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei Technologies Co Ltd តាមសំណើរបស់សហរដ្ឋអាមេរិកកាលពីខែធ្នូ។
នៅពេលសាកសួរអំពីការកត់សម្គាល់របស់លោកស្រី Hua, រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland បានកត់សម្គាល់ថា សហភាពអឺរ៉ុបមាន២៨ប្រទេសបានផ្តល់ការគាំទ្រដល់ទីក្រុងអូតាវ៉ា។
លោកស្រីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “យើងមានសេចក្តីរីករាយណាស់ដែលទទួលបានការគាំទ្រពីសហភាពអឺរ៉ុបហើយកាណាដាជឿលើនីតិរដ្ឋ”។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ថ្ងៃទី២ជាប់ៗគ្នា លោកស្រីបានសង្កត់ធ្ងន់ថា ប្រទេសកាណាដានិងចិននៅតែមានទំនាក់ទំនងយ៉ាងទូលំទូលាយនិងជ្រាលជ្រៅ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments