ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងនឹងបង្កើនការផ្តល់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេដល់កុមារគ្របដណ្តប់ឲ្យបាន១០០ភាគរយនៅឆ្នាំ២០១៨នេះដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់របស់កុមារពីជំងឺដែលអាចការពារបានដោយវ៉ាក់សាំង។
លោកស្រីសាស្ដ្រាចារ្យ ទុង រដ្ឋាវី ប្រធានកម្មវិធីជាតិផ្ដល់ថ្នាំបង្ការនៃក្រសួងសុខាភិបាលបានឲ្យដឹងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដោយធ្វើការណែនាំដល់មន្ត្រីកម្មវិធីជាតិផ្តល់ថ្នាំបង្ការត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់ថ្នាំបង្ការដល់ទារក និងកុមារនៅតាមមណ្ឌលសុខភាព ចុះផ្តល់ថ្នាំបង្ការដល់ទារក និងកុមារនៅតាមតំបន់ដាច់ស្រយាលពិសេសកុមារ ដែលងាយរងគ្រោះដោយត្រូវឪពុកម្តាយធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ឬកុមារទៅជាមួយឪពុកម្តាយទៅធ្វើការផ្សេងៗចល័តនៅក្នុងប្រទេសជាដើម។
ជាមួយគ្នានេះដែរលោកស្រីសាស្ដ្រាចារ្យក៏បានណែនាំឲ្យបុគ្គលិកសុខាភិបាលបង្កើនការផ្សព្វផ្សាយពីសារៈសំខាន់ក្នុងការទទួលបានថ្នាំបង្ការនៅក្នុងសហគមន៍ និងប្រជាជនដើម្បីឲ្យពួកគាត់បានយល់ដឹង និងនាំកុមារមកទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ខណៈឆ្នាំ២០១៧កន្លងទៅក្រសួងបានផ្ដល់វ៉ាក់សាំងនេះ ដល់កុមារអាយុក្រោម១ឆ្នាំជាង៣៥ម៉ឺននាក់ និងកុមារក្រោមអាយុ៥ឆ្នាំជាង ១លាន៧សែននាក់។
លោកស្រី សង្ឃឹមថា ឆ្នាំ២០១៨នេះ នឹងផ្ដល់វ៉ាក់សាំងប្រភេទបេនេះ ដល់កុមារគ្របដណ្ដប់១០០ភាគរយតែម្ដង។
លោកស្រីសាស្ត្រាចារ្យបានបន្តថា បច្ចុប្បន្ននេះ វ៉ាក់សាំងរលាកថ្លើមប្រភេទបេនេះ ក្រសួងមានគ្រប់គ្រាន់ហើយសម្រាប់ផ្តល់ដល់ទារកដែលទើបកើតប្រមាណជាង៣៥ម៉ឺននាក់ក្នុង១ឆ្នាំៗដែលទិញតាមរយៈអង្គការយូនីសេហ្វដោយប្រើប្រាស់ថវិកាជាតិនិងថវិការបស់អង្គការGavi។
លោកសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទស្តីពីកម្ពុជាសម្រេចបានជោគជ័យលើការផ្តល់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចកាលពីរសៀលថ្ងៃទី៨មិថុនានៅទីស្តីការក្រ សួងដោយបានជំរុញឲ្យមន្ត្រីកម្មវិធីជាតិផ្តល់ថ្នាំបង្ការបន្តខិតខំផ្តល់វ៉ាក់សាំងគ្រប់ប្រភេទដល់ទារកនិងកុមារពិសេសវ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទបេគ្របដណ្ដប់បាន៩៨% លើសគោលដៅរបស់អង្គការសុខភាពពិភពលោក ដែលកំ ណត់ត្រឹមតែ៩៥%។
ចំណែកលោកវេជ្ជបណ្ឌិត Liu Yun guo តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានជំរុញឲ្យក្រសួងសុខាភិបាលពង្រឹងផ្ដល់ថ្នាំបង្ការជាប្រចាំ ធានាឲ្យមានវ៉ាក់សាំង នៅគ្រប់កម្រិត រក្សានិងបង្កើនអត្រាគ្របដណ្ដប់វ៉ាក់សាំងការងារ ជំងឺរលាកថ្លើមប្រភេទបេ ដូសពេលកើត នឹងត្រូវលុបបំបាត់ ជំងឺរលាកថ្លើមគ្រប់ប្រភេទ អា បេ ស៊ី ដេ និង អឺ នៅឆ្នាំ២០៣០ខាងមុខ។
រីឯលោកស្រី Natascha Paddison តំណាងអង្គការយូនីស្វេហ្វបានសន្យាបន្ដធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកក្នុងការគាំទ្រដល់កម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីធានាថាកុមារទាំងអស់ ទទួលបានថ្នាំបង្ការផ្ដល់ឱកាសដល់កុមាររស់រានមានជីវិត រួចផុតពីជំងឺដែលអាចការងារបាន ដោយការផ្ដល់វ៉ាក់សាំង ។
គួរបញ្ជាក់ថា ជំងឺរលាកថ្លើម ប្រភេទបេ ជាបញ្ហាសុខភាពសកលដ៏ធំមួយ ដែលជារៀងរាល់ឆ្នាំ ដែលមានមនុស្សជិត ២៦០លាននាក់ នៅជុំវិញពិភពលោក កំពុងរស់នៅជាមួយជំងឺនេះ ហើយមានមនុស្ស៨លាននាក់បានស្លាប់ដោយសារជំងឺថ្លើម ដែលបណ្ដាលមកពីការរលាកថ្លើមប្រភេទបេនេះ។
អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១១៥លាននាក់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច មានចំនួនជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ ស្មើនឹង៤៥% នៃជំងឺឆ្លង នៅទូទាំងពិភពលោក។ មនុស្សប្រហែល៩នាក់ ក្នុងចំណោម១០នាក់ ដែលមានជំងឺរលាកថ្លើមប្រភេទរ៉ាំរ៉ៃ មិនបានដឹងថា មានជំងឺនេះទេ រហូតដល់តែជំងឺនេះ បានវិវត្ដន៍ជ្រុលរួចទៅហើយ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងសុខាភិបាលបានផ្តល់វ៉ាក់សាំងការពារចំនួនជំងឺ11មុខដល់កុមាររួមមានវ៉ាក់សាំងរលាកថ្លើមប្រភេទបេ ជំងឺរបេង ជំងឺគ្រុនស្វិតដៃជើង ជំងឺក្អកមាន់ ជំងឺខាន់ស្លាក់ ជំងឺតេតាណូស ជំងឺកញ្ជ្រឹល ជំងឺស្អូច ជំងឺរលាកសួត/រលាកស្រោមខួរក្បាលដោយហ៊ីប ដប់-រលាកសួត/រលាកស្រោមខួរក្បាលដោយភ្នើម៉ូកូក និងដប់មួយ-រលាកខួរក្បាលដោយជេអ៊ី៕
Source: Kampuchea Thmey Daily
0 Comments