ភ្នំពេញ ៖ ចោរឆក់កាបូប៣នាក់ ទើបចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងកាបូបជនជាតិខ្មែរ និងជនបរទេស បានចំនួន២លើក ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ហើយបញ្ជូនឡើងតុលាការនាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨នេះ។
ជនដៃដល់ទាំង៣នាក់នេះ ទី១.ឈ្មោះ តឺយ ពៅ អាយុ២៨ ឆ្នាំ ទីលំនៅផ្ទះលេខ៣៧២ ផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរ ចោរឆក់ ( ចាប់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០០ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ)។
ទី២.ឈ្មោះ ហេង កុសល ហៅ តឿ អាយុ ២៦ ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ទី៣.ឈ្មោះ ទៀវ បញ្ញា ហៅ បញ្ញា អាយុ ២០ ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្តស្នាក់នៅផ្ទះលេខ មិនចាំ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ គឺធ្វើឡើងតាមរយៈកម្លាំងសមត្ថកិច្ចជំនាញ ដែលបានស៊ើបអង្កេត និង ស្រាវជ្រាវ អស់ពេលជាច្រើនថ្ងៃទើបឈានដល់ការឃាត់ខ្លួន ហើយការឃាត់ខ្លួនពួកគេនោះ បានធ្វើឡើងជាបន្តបន្ទាប់ នៅចំណុចផ្ទះសំណាក់លេខ៦៩ ផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីពួកគេបានប្រព្រឹត្តបទល្មើស.លួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ប្រជាពលរដ្ឋចំនួន២ លើក។
លោក ប៊ុន សត្យា បន្តថា ការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង ដែលជាមធ្យោបាយជិះធ្វើសកម្មភាពរួមមាន ៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ផលិត ឆ្នាំ២០១៨ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១.GZ ២៥០៦ ចាប់យកពីជនសង្ស័យឈ្មោះ ទៀវ បញ្ញា ហៅ ច្រមុះ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង៣ នាក់ ឆ្លើយសារភាពប្រាប់សមត្ថកិច្ចប្រហាក់ប្រហែលគ្នាថា ពួកគេពិតជាបានចេញធ្វើសកម្មភាពចំនួន២ លើកមកហើយមែន ជាក់ស្តែងលើកទី១.ឆក់កាបូបយួរដៃ ពណ៌ប្រផេះពីជនបរទេសម្នាក់ នៅចំណុចមុខផ្ទះលេខ៧ មហាវិថីសុធារស់ ភូមិទី៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៤ និង ៤៥ នាទីរសៀល។
ជនរងគ្រោះឈ្មោះCHAO ZHANG ភេទប្រុស អាយុ៣២ ឆ្នាំ ជាជនជាតិ ចិនកាន់លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨ ចុះថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៣ មុខរបរ ជាភ្ញៀវទេសចរណ៍មកស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលសម្ភារៈបាត់បង់ កាបូបយួរដៃ ពណ៌ ប្រផេះ ១លិខិតឆ្លងដែន មួយក្បាលអត្តសញ្ញាណប័ណ្ណសញ្ជាតិចិនលេខ៣៣០៦៨២១៩៨៦១០០៣០០៥៦ មួយ ប្រាក់ហុងកុងចំនួន ៣៦,០០០ ប្រាក់ចិនចំនួន១០,០០០ ប្រាក់តៃវ៉ាន់ ចំនួន ៤,០០០ កាតATM ចំនួន១៥ ប្រាក់ដុល្លារអាមេរិកមួយចំនួន ទូរស័ព្ទដៃម៉ាក IPhoneX ពណ៌ ខ្មៅ ១គ្រឿង។
លើកទី២.ឆក់វ៉ាលិសដាក់សំលៀកបំពាក់ ពណ៌ស្ករ មិនបានសម្រេច នៅចំណុចមុខយានដ្ឋានហេង វណ្ណៈ ផ្លូវលេខ២៧៣ សង្កាត់ ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០ និង ៣០នាទីយប់។ សម្ភារៈចាប់ដកហូតបានម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ផលិត ឆ្នាំ២០១៨ ដែលមានពាក់ស្លាកលេខ ភ្នំពេញ ១.HB ២៥២៨ ទូរស័ព្ទដៃ២ គ្រឿង ម៉ាកអាយហ្វូន៥S ពណ៌ ទឹកមាស មួយគ្រឿង និងទូរស័ព្ទដៃម៉ាក អាយហ្វូន ៥ ពណ៌ ទឹកប្រាក់១ គ្រឿង គឺចាប់យកពីឈ្មោះ ហេង កុសល ហៅ តឿ។ យោងទៅលើចម្លើយជនសង្ស័យទាំង៣ នាក់ ពាក់ព័ន្ធបទល្មើសដូចបានរៀបរាប់ខាងលើ នេះ និង ភាពស៊ីសង្វាក់លើពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនដៃដល់មកតុលាការសម្រេចតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments