ព្រះវិហារ ៖ មន្ត្រីជំនាញរួមជាមួយ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារព្រមទាំងមន្ត្រីក្រោមឱវាទកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានរៀបចំដាំដើមចំប៉ិ និងដើមផ្កាលំអ បុស្បុក នៅរង្វង់មូលស្រុកគូលែន សម្រាប់តម្កល់រូបសំណាកលោកឪសួង (អ្នកសច្ចំភ្នំត្បែង)។
ការតម្កល់រូបសំណាកលោកឪសួង (អ្នកសច្ចំភ្នំត្បែង) និងការ ដាំដើមចំប៉ិ និងដើមផ្កាលំអ បុស្បុក រង្វង់មូលស្រុកគូលែននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តព្រះវិហារកាន់តែច្រើនថែមទៀត ស្របពេលដែលផ្លូវជាច្រើនខ្សែទៅកាន់ខេត្តនេះ ល្អស្អាតងាយស្រួលក្នុងការធ្វើដំណើរនោះ។
លោកសំ លាងទ្រី ធ្លាប់បានមានប្រសាសន៍ហើយថា ការរៀបចំរូបសំណាកនេះឡើង គ្រាន់តែជាការតំណាងអោយលោកឪសួង អ្នកមានបុណ្យបារមី អ្នកសច្ចំភ្នំត្បែង ជាពិសេសគឺមានបំណងសូមអោយវិញ្ញាណក្ខន្ធលោកតាមកសន្ធិនៅ ជាមួយប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីរស់នៅជាខ្មែរតែមួយ ក្រោមម្លប់សន្តិភាព វឌ្ឍនភាព ដូចសម័យមហានគរ។
លោកថា ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោកសូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅបំផុត និងទទួលយកនូវរាល់ការរិះគន់ដើម្បីស្ថាបនា ការផ្តល់មតិ ដែលជាការរួមចំណែកដ៏មានតម្លៃបំផុតសម្រាប់ជាតិខ្មែរយើង៕
Source: Kampuchea Thmey Daily
0 Comments