ភ្នំពេញ ៖ អ្នកនាង ម៉ៅ ស៊ីណាត ក្រោយពេលរងនូវព័ត៌មានអាស្រូវ ដែលត្រូវបានគេចុះផ្សាយលើករណីចាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីកែកុនសម្រស់ឲ្យស្រស់ស្អាត នៅក្មេងជាងវ័យ ហើយជាលទ្ធផល ប្រែក្លាយធ្វើឲ្យនាងខកបំណងនោះ មិនបង្អង់យូរ សាមីខ្លួនក៏បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ព្រមនឹងការចេញមុខទទូចសូមចិត្តដល់សារព័ត៌មានមួយចំនួន ដែលចុះផ្សាយមិនពិត នាំឲ្យប៉ះពាល់កិត្តិយសរបស់នាងផងដែរ។
បើតាមការរៀបរាប់របស់អ្នកនាង ម៉ៅ ស៊ីណាត បានលើកឡើងថា ជម្រាបសួរបងប្អូនសារព័ត៌មានទាំងអស់ជាទីរាប់អាននាងខ្ញុំ ម៉ៅ ស៊ីណាត សូមលើកដៃសំពះអង្វរពីចម្ងាយដោយក្តីមេត្តា មានអ្នកសិល្បៈច្រើនណាស់រងគ្រោះដោយសារព័ត៌មានមិនពិត មិនបានដឹងរឿងច្បាស់ ធ្វើឲ្យអ្នកសិល្បៈមួយចំនួនខ្លាចរអាមានជំងឺបាក់ទឹកចិត្ត ដោយសារការជាន់ពន្លិចគ្នាថែម អ្នកខ្លះក៏លែងចង់ធ្វើអ្នកសិល្បៈ។
តារាចម្រៀងស្រីរូបនេះបានបន្តថា ដូចជារូបនាងខ្ញុំកន្លងមក និងថ្មីៗនេះ ត្រូវបានសារព័ត៌មានចុះយ៉ាងច្រើន ដោយមិនបានសួរខ្ញុំមួយម៉ាត់ បងប្អូនសារព័ត៌មានដឹងទេថា ខ្ញុំប៉ះពាល់អ្វីទេ កាលច្រើនឆ្នាំមុន ខ្ញុំបានបែកបាក់ស្វាមី ខ្ញុំបានរងសំពាធធ្ងន់ណាស់ តែកាន់តែធ្ងន់ជាងនោះទៀត គឺសារព័ត៌មានវាយប្រហារខ្ញុំរហូត ធ្វើឲ្យខ្ញុំ មានជំងឺផ្លូវចិត្ត ខ្ញុំខ្លាច គេងមិនចង់ងើប ប្រាប់ខ្លួនឯងថា ស្អែកស្លាប់ហើយ ទ្រាំទៅ លែងចង់ច្រៀង និងញ៉ាំ លែងចង់ធ្វើអ្វីទាំងអស់លុយរាប់លែងដឹង ដឹងតែខ្លាច និងដេករង់ចាំស្លាប់។
អ្នកនាង ម៉ៅ ស៊ីណា និយាយទៀតថា ដូចជាថ្មីៗនេះ មានការចុះផ្សាយពីខ្ញុំមហាសែនអាក្រក់ សួរថាមានបានសួរខ្ញុំទេ គឺអត់ទេ គ្រាន់តែចុះភ្លាម ភ័ក្ត្រ ឆាតប្រាប់ពីការសរសេរក្នុងអត្ថបទខ្លះ ខ្ញុំធ្វើទុក្ខបេះដូងមួយរំពេច ដែលខ្ញុំបានបន្សល់ទុកក្នុងខ្លួនតាំងពីជួបរឿងពីមុនមកម្ល៉េះ នេះជារឿងកើតលើខ្ញុំផ្ទាល់ តើអ្នកសារព័ត៌មានសប្បាយចិត្តទេ ស្តាប់ហើយ ? បើយល់ថាធ្វើត្រូវ ហើយសប្បាយចិត្តមិនខ្វល់ពីអ្នករងគ្រោះ អ្នកសារព័ត៌មានធ្វើទៀតចុះ តែខ្ញុំជឿលើបាបបុណ្យ និងការដាក់ទំនាយណាស់សូមមេត្តាឈប់សរសេរធ្វើបាបគ្នាអញ្ចឹងទៀតទៅ ខ្ញុំសូមលើកដៃអង្វរសារនេះ ខ្ញុំសូមផ្ញើទៅបងប្អូនសារព័ត៌មាន។
សូមបញ្ជាក់ថា តារាចម្រៀងចាស់វស្សា អ្នកនាង ម៉ៅ ស៊ីណាត គឺតារាជើងចាស់មួយរូបធ្លាប់មានប្រជាប្រិយភាព និងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន កាលពីអំឡុងពេលប៉ុន្មានឆ្នាំមុន។ ប៉ុន្តែក្រោយពេលផ្ទុះនូវរឿងរ៉ាវអាស្រូវមួយចំនួនរហូតឈានដល់ការបែកបាក់គ្នាជាមួយស្វាមីហើយនោះ ក៏ស្រាប់តែទីផ្សារសិល្បៈរបស់នាងហាក់មានភាពរង្វើល និងបាត់មុខមួយសន្ទុះពីអាជីពសិល្បៈផងដែរ៕
Source: Kampuchea Thmey Daily
0 Comments