ភ្នំពេញ ៖ បុរស/ស្ត្រី២នាក់ប្ដីប្រពន្ធ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ពាក់ព័ន្ធអំពើឆបោក បទក្លែងឯកសារ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។
ជនជាប់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកព្រលឹម ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងសំណុំរឿងឆបោក ក្រោមរូបភាពលក់ដីខ្យល់ប្រមូលប្រាក់ពីអ្នកទិញប្រមាណ១លានដុល្លារ។
ជនសង្ស័យទាំង២នាក់មាន ១-ឈ្មោះ ជៀម ច័ន្ទបុរី អាយុ៥០ឆ្នាំ ជាប្រពន្ធ មានស្រុកកំណើតនៅភូមិគោកទ្រា ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នរស់នៅផ្ទះលេខ៥៤៥៥ ផ្លូវសម្បត្តិមាស១ បុរីសម្បត្តិមាស ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ២-ឈ្មោះ អ៊ូ សៀករ៉ាន់ អាយុ៥៦ឆ្នាំ ជាប្ដី។
ប្រភពព័ត៌មានបានបញ្ជាក់ថា រូបភាពឆបោក នៃបុគ្គលទាំង២នាក់ ដោយមុនដំបូងឡើយ ពួកគេបានចាត់តាំងគ្នីគ្នាឲ្យមានអ្នកដើរតួនៅខាងក្រៅប្រទេស ជាមួយនឹងមេធាវីផងទៅចុះកិច្ចសន្យាជាមួយធនាគារដើម្បីឲ្យអ្នកទិញបង់ប្រាក់លក់ដីខ្យល់ឲ្យប្រជាពលរដ្ឋ ដោយមានប្ដីប្រពន្ធ២នាក់ជាជនសង្ស័យដើរឃោសនាអូសទាញប្រជាពលរដ្ឋឲ្យជឿស៊ប់ ព្រមទិញ និងបង់ប្រាក់ឲ្យពួកគេ។
ក្នុងនោះមានប្រជាពលរដ្ឋចំនួន១២គ្រួសារ បានចាញ់កលល្បិចលក់ដីខ្យល់នេះបានបង់លុយទិញដីជាបន្តបន្ទាប់ គ្រួសារខ្លះ៥ម៉ឺនដុល្លារ ខ្លះ៨ម៉ឺនដុល្លារ ខ្លះរហូតដល់៣៥ម៉ឺនដុល្លារ សរុបប្រមាណ១លានដុល្លារឯណោះ ប៉ុន្តែមិនឃើញមានអ្វីជាថ្នូរទេ ក្រៅអំពីក្រដាសបង្ហាញពីដីអភិវឌ្ឍនៅកន្លែងនេះកន្លែងនោះមិនច្បាស់លាស់។
ចំពោះដើមចម នៃពាក្យបណ្ដឹងបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៥ ឈ្មោះ ជៀម ចាន់បូរី និងឈ្មោះ អ៊ូច សៀកវ៉ាន់ បានយកឯកសារលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ទៅបង្ហាញជនរងគ្រោះទាំងអស់ ដោយអះអាងថា ខ្លួន(ប្តី.ប្រពន្ធ) មានដីរាប់ពាន់ហិកតា ស្ថិតនៅភូមិគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយត្រូវការលក់ឲ្យទៅក្រុមហ៊ុនចិន និងម៉ាឡេស៊ី ដូច្នោះគេបានតម្រូវឲ្យជនរងគ្រោះ ដាក់ប្រាក់ចូលហ៊ុនដើម្បីរៀបចំដីនោះ និងបានផលចំណេញចែកគ្នា។ ជនរងគ្រោះ១២នាក់មាន ១.ឈ្មោះ អ៊ូច ប៉ោ ភេទស្រី អាយុ៥៦ឆ្នាំ, ២.ឈ្មោះ ដាម សុផុន ភេទស្រី អាយុ៤៩ឆ្នាំ ,៣.ឈ្មោះ ទួន ស្រង ភេទស្រី អាយុ៥២ឆ្នាំ, ៤.ឈ្មោះ ទួន ស្រីពៅ ភេទស្រី អាយុ៥៦ឆ្នាំ ,៥.ឈ្មោះ លី ពុទ្ធី ភេទប្រុស អាយ៣៨ឆ្នាំ ,៦.ឈ្មោះ សុខ ស៊ីវអេង ភេទស្រី អាយុ៥៦ឆ្នាំ ,៧.ឈ្មោះ ប៉ាវ ឡន ភេទប្រុស អាយុ៦៦ឆ្នាំ ,៨.ឈ្មោះ គិន ណោ ភេទស្រី អាយុ៥៥ឆ្នាំ, ៩.ឈ្មោះ ឃុន ខេង ភេទស្រី អាយុ៦៣ឆ្នាំ ,១០.ឈ្មោះ ប៉េង ម៉េងហ៊ាង ភេទប្រុស អាយុ៥២ឆ្នាំ ,១១.ឈ្មោះ លឹម សុវណ្ណចំប៉ា ភេទស្រី អាយុ៥៤ឆ្នាំ និង១២.ព្រះតេជគុណនាម ពុំ សុឃឿន ជន្មាយុ៦៤វស្សា។
មន្ត្រីនគរបាលបន្តថា ក្នុងម្នាក់ៗ បានចំណាយប្រាក់មិនតិចពីក្រោម៥ម៉ឺនដុល្លារ រហូតដល់ខ្លះជាង៣០ម៉ឺន ក៏មានឲ្យទៅពីរនាក់ប្តីប្រពន្ធ(ជៀម ចាន់បូរី និងអ៊ូច សៀកវ៉ាន់) ដើម្បីចង់បានប្រាក់ចំណេញកប់ក្តោងមកវិញនោះ ដែលបើតាមសរុបជិត១លានដុល្លារអាមេរិកឯណោះ។ បានជាជនរងគ្រោះនាំគ្នាសម្រុកដាក់លុយចូលហ៊ុននោះ ដោយសារពួកគេបានមើលឃើញទង្វើពីរនាក់ប្តីប្រពន្ធម៉ាត់ណា ក៏ថ្នាក់ដឹកនាំៗ។ មិនតែប៉ុណ្ណោះ ប្តីប្រពន្ធ២នាក់នោះ បានប្រើល្បិចនាំជនរងគ្រោះចេញទៅក្រៅប្រទេសដូចជា ម៉ាឡេស៊ី ដែលប្រាប់គេថា ទៅទូទាត់ប្រាក់ដើម្បីយកមកចែកគ្នា ទីបំផុតដូចនាំទៅមើលមេឃមើលផ្កាយនៅស្រុកគេបានត្រឹមអស់លុយហោប៉ៅរៀងខ្លួន ទៅដើរលំហែកាយ។
រឿងរ៉ាវបានបែកធ្លាយ និងដឹងច្បាស់ថា ប្តីប្រពន្ធ២នាក់ ជាជនឆបោកនោះ តាមរយៈ នៃការស៊ើបសួរពីសំណាក់អាជ្ញាធរមូលដ្ឋានគ្មានដីរាប់ពាន់ហិកតាណាជាកម្មសិទ្ធិរបស់ ឈ្មោះ ជៀម ចាន់បូរី និងឈ្មោះ អ៊ូច សៀកវ៉ាន់ នោះទេ មានតែដីខ្យល់ ដូច្នោះបានជាជនរងគ្រោះនាំគ្នាដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីចាត់ឲ្យជួយចាត់ការចំពោះប្តីប្រពន្ធ២នាក់នេះ។ កាន់តែច្បាស់ទៀតនោះ នៅពេលសមត្ថកិច្ចបញ្ជូនពួកគាត់(ប្តីប្រពន្ធ)ទៅតុលាការ ដើម្បីធ្វើការសាកសួរ។
ចំណែកព្រះសង្ឃមួយអង្គដែលទៅជាប់ជំពាក់វាក់វិនក្នុងសាច់រឿងនឹងគេដែរនោះ ដោយសារកន្លងមកព្រះសង្ឃនេះបានឲ្យប្រាក់ចំនួន២ពាន់ដុល្លារឲ្យប្ដីប្រពន្ធ២នាក់នេះខ្ចី លុះពេលឃើញសមត្ថកិច្ចចុះទៅចាប់ខ្លួនប្ដីប្រពន្ធនាក់ ឆ្ងល់ក៏ចូលមកសួរទើបដឹងថា ញោមគាត់ឆបោកគេបានប្រាក់ច្រើនណាស់កន្លងទៅ។
ដោយឡែក នៅសាលាដំបូងរាជធានី ក្រោយពីបានសាកសួរជនសង្ស័យរួច នាថ្ងៃទី១៧មករា លោកហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុរស ស្ត្រីទាំង២នាក់ប្ដីប្រពន្ធ ពីបទ ឆបោក បទក្លែងឯកសារ និងប្រើឯកសារសាធារណៈក្លែង ហើយចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីបើកការសើបអង្កេតនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments