ភ្នំពេញ ៖ អ្នកសម្របសម្រួលរបស់អង្គការខុមហ្វ្រែល លោក កន សាវ៉ាង បានអះអាងប្រាប់អ្នកសារព័ត៌មានថា ដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ គ.ជ.ប បានខិតខិតខំប្រឹងប្រែងច្រើនជាងមុន ដោយបានបង្កើនការចុះឈ្មោះទៅដល់មូលដ្ឋាន ហើយការលុបឈ្មោះអ្នកបោះឆ្នោត ក៏បានប្រព្រឹត្តទៅតាមនីតិវីធីត្រឹមត្រូវផងដែរ។
លោក កន សាវ៉ាង បញ្ជាក់បែបនេះ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ គឺបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំរបស់ គ.ជ.ប ជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ និងចំនួនការិយាល័យបោះឆ្នោត ក្រោមអធិបតីភាពលោក ឌុច សុន សមាជិក គ.ជ.ប។
លោក ឌុច សុន បានមានប្រសាសន៍ថា គ.ជ.ប សម្រេចផ្តល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ហើយ គឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីចំនួន១៩៥,៣៨៥ នាក់, ប្រជាពលរដ្ឋត្រូវលុបឈ្មោះចេញពីបញ្ជីចំនួន៥៦,៩៤១ នាក់, ប្រជាពលរដ្ឋស្នើសុំកែតម្រូវទិន្នន័យចំនួន ១,៥៥៣ នាក់, ប្រជាពលរដ្ឋផ្ទេរចូលចំនួន២៦,២២៤ នាក់, ប្រជាពលរដ្ឋសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ ចំនួន៨,៥៤៤,៨៨៥ នាក់។ សម្រាប់ការិយាល័យបោះឆ្នោតវិញ លោកបានបញ្ជាក់ថា មានការកើនឡើងចំនួន៣២៧ ការិយាល័យ (ពី២២,៩៦៧ ការិយាល័យក្នុងឆ្នាំ២០១៧ ទៅដល់២៣,២៩៤ ការិយាល័យក្នុងឆ្នាំ២០១៨)។
ទាក់ទងបញ្ហាខាងលើនេះ លោក កន សាវ៉ាង អ្នកសម្របសម្រួលរបស់អង្គការខុមហ្វ្រែលបានថ្លែងថា ដំណើរការចុះឈ្មោះនេះ គ.ជ.ប មានការខិតខិតខំប្រឹងប្រែង តែបញ្ហាសំខាន់ គឺប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋហាក់ដូចជាមានការបាក់ទឹកចិត្តក្នុងការចូលរួម។ ទោះយ៉ាងណា លោក កន សាវ៉ាង ថា អ្នកទៅចុះឈ្មោះមានតែប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះប៉ុណ្ណោះ ហើយប្រជាពលរដ្ឋមួយចំនួនទៀត ពួកគាត់បានចំណាកស្រុក ដូច្នេះប្រជាពលរដ្ឋចំណាកស្រុកនេះហើយ ដែលយើងត្រូវរកដំណោះស្រាយយ៉ាងណា ឲ្យពួកគាត់ដែលកំពុងចំណាកស្រុកបានចុះឈ្មោះបោះឆ្នោតបាន។
ដោយឡែកទាក់ទងពេលវេលានៃការចុះឈ្មោះបោះឆ្នោត លោក កន សាវ៉ាង បានអះអាងថា ការចុះឈ្មោះនេះ មានពេលវេលាសមរម្យហើយ ដោយសាតែឆ្នាំនេះ មិនមែនជាឆ្នាំបោះឆ្នោត ហើយក្រុមការងារចុះឈ្មោះបោះឆ្នោត ក៏បានបង្កើនការចុះឈ្មោះដល់មូលដ្ឋាន ដែលជាការល្អប្រសើរជាងមុន។ ចំណែកការលុបឈ្មោះ ខុមហ្វ្រែលមិនបានសិក្សាលំអិតទេ ប៉ុន្តែបើតាមការសិក្សាទៅលើការិយាល័យចុះឈ្មោះប្រមាណ១០០ គឺអនុវត្តទៅតាមនីតិវិធីត្រឹមត្រូវ ពីព្រោះនៅពេលលុបឈ្មោះ គឺត្រូវមានឯកសារយោង។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ហើយការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងប្រកបដោយសុវត្ថិភាព។ បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០១៨ គ.ជ.ប នឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជីបោះឆ្នោតផ្លូវការនេះ គ.ជ.ប នឹងបញ្ជូនទៅរក្សាទុកជាឯកសារនៅលេខាធិការដ្ឋាន រាជធានីខេត្តរៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ សង្កាត់ទាំង ១៦៤៦ ទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments