ភ្នំពេញ ៖ ខណៈកម្មករក្រុមហ៊ុនសិនទ្រីនាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែមិនព្រមធ្វើការប្រមូលសំរាម បណ្តាលឲ្យសំរាមនៅតាមមូលដ្ឋានគជាគំនរដូចភ្នំជះក្លិនស្អុយអសោចពេញភូមិ ជាហេតុធ្វើឲ្យ អាជ្ញាធរ មូលដ្ឋាននៅតាមបណ្តាលខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញ បានចុះប្រមូលសំរាម នៅតាមដងផ្លូវ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ខែធ្នូនេះ គេឃើញ កម្លាំងសណ្តាប់ធ្លាប់ ខណ្ឌឫស្សីកែវ និងប្រជាការពារនៅតាមសង្កាត់ នានានៅក្នុងខណ្ឌឫស្សីកែវ បានដើរតួជំនួសកម្មករ ស៊ិនទ្រី បានចុះប្រមូលសំរាមនៅតាមដងផ្លូវ យកទៅដាក់ដីឡូតិ៍មួយកន្លែង នៅតាមមាត់ទន្លេ នៅភូមិ ផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ការចុះប្រមូលសំរាមនេះ គឺជាការយកចិត្តទុកដាក់របស់ អាជ្ញាធរ ទៅលើ បរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួននិងក៏ជាការលើកកម្ពស់សោភណភាពរាជធានីភ្នំពេញនៅក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធវិមានឈ្នះ ឈ្នះនិងមានរៀបចំកម្មវិធិសប្បាយៗមានការប្រគំតន្ត្រី បាញ់កាំជ្រួចរយៈពេលថ្ងៃស្របពេលបុណ្យចូលឆ្នាំ សាកល ដែលនឹងឈានចូលមកដល់នៅក្នុងរយៈពេល៤ថ្ងៃទៀតនេះ។
ទោះបីជាយ៉ាង ណា នៅមានអាជ្ញាធរ និងខណ្ឌមួយចំនួន ហាក់ដូចជាមិនបានអើពើ ចំពោះបរិស្ថាននៅក្នុងមូលដ្ឋានរបស់ខ្លួន ឡើយខណៈពេលដែលខណ្ឌមួយចំនួន កំពុងតែយកចិត្តទុកដាក់ពីបញ្ហាសំរាមនោះ។
លោកប្រធានសណ្តាប់ធ្លាប់ខណ្ឌឫស្សីកែវបានឲ្យដឹងថា តាមការណែនាំ របស់លោកជា ពិសី អភិបាលខណ្ឌ និងមានការចុះបញ្ជាផ្ទាល់ពីលោកប្រាជ សីហា អភិបាលរងខណ្ឌ លោកបានដឹកនាំ កម្លាំង សណ្តាប់ធ្លាប់ខណ្ឌឫស្សីកែវ បានចុះមកប្រមូលសំរាមនៅតាមផ្លូវជាតិលេខ ៥តាំងពីវេលាម៉ោងប្រមាណព្រឹកថ្ងៃទី២៧ខែធ្នូនេះធ្វើយ៉ាងណា ឲ្យអស់ក្នុងរយៈពេល មួយថ្ងៃ។
លោកប្រធានសណ្តាប់ធ្នាប់បានឲ្យដឹងទៀតថា ក្នុងការចុះប្រមូលសំរាម លោក បានប្រើប្រាស់កម្លាំងសណ្តាប់ធ្លាប់ចំនួន ៣០នាក់ ទៅសហការណ៍ជាមួយប្រជាការពារនៅតាមបណ្តាលសង្កាត់ទាំង៧ ដោយប្រើប្រាស់ រថយន្តបែនចំនួន២គ្រឿង ,រថយន្តសណ្តាប់ធ្នាប់មួយគ្រឿង ,គ្រឿងចក្រសម្រាប់ចូករបស់សាលាមួយគ្រឿង និងម៉ូតូរ៉ឺម៉ករបស់សាលាខណ្ឌមួយគ្រឿង ។ក្រៅពីនោះ មានរថយន្តនិងម៉ូតូរ៉ឺម៉កនៅតាមសង្កាត់នានាផងដែរ។
លោក នុត សាវី ប្រធានសណ្តាប់ធ្លាប់ខណ្ឌឫស្សីកែវបានបន្តទៀត ថា បើសិន ជាក្រុមហ៊ុនស៊ិនទ្រីគ្មាន ដំណោះស្រាយ ហើយ បុគ្គលិក កម្មករស៊ិនទ្រីទាំងអស់នៅតែបន្តធ្វើកូដកម្ម លោក នឹងក្លាយខ្លួនជាអ្នកប្រមូលសំរាមជំនួសកម្មករស៊ីនទ្រីធ្វើកូដកម្ម។
គួរបញ្ជាក់ថា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីជាង២ពាន់នាក់បាននាំគ្នាធ្វើកូដកម្មមិនព្រមចេញទៅប្រមូលសំរាម ដោយនាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែចំនួន១២ដុល្លារ និងប្រាក់បំណាច់ផ្សេងៗ ដូចកម្មកររោងចក្រផងដែរ។ ការធ្វើកូដកម្ម បានផ្ទុះឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែធ្នូនៅទីតាំងចំណតរថយន្តស៊ីនទ្រី ស្ថិតនៅតាមផ្លូវបេតុង បឹងតាម៉ាត ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ បន្ទាប់ពីមានការតវ៉ាធ្វើឲ្យសំរាមនៅតាមដងផ្លូវ គរដូចភ្នំ និងមានក្លិនស្អុយអាសោចហើយ អាជ្ញាធរក៏បានក្លាយជាបន្ទុកមួយក្នុងការប្រមូលសំរាមនេះ៕
Source: Kampuchea Thmey Daily
0 Comments