តារាម៉ូដែលមកពីប្រទេសបេឡារូសម្នាក់ដែលត្រូវបានចាប់ខ្លួនអំឡុង “សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការរួមភេទ” នៅក្នុងប្រទេសថៃហើយបន្ទាប់មកបានអះអាងថាមានភស្តុតាងនៃការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការជាប់ឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នោះគឺត្រូវបាននិរទេសកាលពីថ្ងៃព្រហស្បតិ៍។
អាជ្ញាធរថៃបាននិយាយថា នាង Anastasia Vashukevich អាយុ២៧ឆ្នាំនិងជនជាតិបេឡារូសពីរនាក់ទៀតព្រមទាំងជនជាតិរុស្ស៊ី៥នាក់គឺកំពុងត្រូវបានបញ្ជូនទៅប្រទេសកំណើតរបស់ពួកគេវិញ, ពីរថ្ងៃបន្ទាប់ពីពួកគេបានសារភាពទោសកំហុសចំពោះការចោទប្រកាន់នានារួមទាំងការឃុបឃិតនិងការបង្ខំផងដែរ។
នាង Vashukevich បានទាក់ទាញការយកចិត្តទុកដាក់របស់ពិភពលោកកាលពីខែកុម្ភៈនៅពេលដែលនាងនិយាយថា នាងមានខ្សែអាត់សំឡេងរយៈពេលច្រើនម៉ោងដែលអាចជួយបំភ្លឺដល់ទំនាក់ទំនងរវាងមន្ត្រីរុស្ស៊ីនិងការបោះឆ្នោតរបស់លោក Trump ក្នុងឆ្នាំ២០១៦។
នាង Vashukevich ដែលក៏ត្រូវបានគេស្គាល់ថាមានឈ្មោះ Nastya Rybka ផងដែរនោះបាននិយាយថា នាងបានថតសំឡេងនៃការសន្ទនាគ្នាស្តីពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកតាមរយៈសមាគមមួយជាមួយអ្នកដឹកនាំរុស្ស៊ីឈ្មោះ Oleg Deripaska។
នាងបានស្នើបញ្ចេញខ្សែអាត់សំឡេងនេះដើម្បីជាថ្នូរនឹងការសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិកប៉ុន្តែមិនបានបង្កើតភស្តុតាងបញ្ជាក់ពីការអះអាងរបស់នាងទេហើយក្រោយមកនាងបាននិយាយថា នាងគ្មានផែនការបញ្ចេញអ្វីទាំងអស់។
ប្រមុខផ្នែកអន្តោប្រវេសន៍ថៃលោក Surachate Hakparn បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជននិរទេសទាំង៨នាក់មានឆន្ទៈវិលត្រលប់ទៅប្រទេសរបស់ពួកគេវិញ។ លោកបាននិយាយថា ការនិរទេសនេះត្រូវបានសម្របសម្រួលជាមួយប្រទេសបេឡារូសនិងរុស្ស៊ី។
នាង Vashukevich មិនបានធ្វើអត្ថាធិប្បាយណាមួយនៅអាកាសយានដ្ឋានសុវណ្ណភូមិទេ។ កាលពីឆ្នាំមុន នាងបាននិយាយថា នាងភ័យខ្លាចថានាងនឹងត្រូវគេបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី។
គួរបញ្ជាក់ជាថ្មីថា ពួកគេត្រូវបានចាប់ខ្លួននៅរមណីយដ្ឋានឆ្នេរសមុទ្រប៉ាតាយ៉ាអំឡុងសិក្ខាសាលាមួយស្តីពីបច្ចេកទេសនៃការចែចង់៕ REUTERS
Source: Kampuchea Thmey Daily
0 Comments