Ad Code

រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​នេះ​ ប៉ូលិស​ស្រុក​គីរីវង់ ​បង្ក្រាប​បាន​ទីតាំង​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​បាន​១០​ទីតាំង​



តាកែវ ៖ រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​នេះ ​ប៉ូលិស​ស្រុក​គីរីវង់ បាន​បើក​ប្រតិបត្តិការ​ជាថ្មី​ឡើង​ភ្នំ​ស្វែងរក​ទីតាំង​លួចលាក់​ដំណាំ​កញ្ឆា​ដោយ​ខុសច្បាប់​បាន​១០​ទីតាំង ដែលមាន​ដើម​កញ្ឆា​រហូតដល់​៣២៣៩​ដើម​ ត្រូវបាន​កាប់​ និង​ដុត​បំផ្លាញចោល​។​

លោក​វរសេនីយ៍​ឯក យ៉ុ​គ សារ៉ាត់ អធិការនគរបាល​ស្រុក​គីរីវង់​បាន​ឲ្យ​ដឹងថា ក្រោម​ការណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ កម្លាំង​ក្នុង​អធិការដ្ឋាន​លើក​បាន​បើក​ប្រតិបត្តិការ​ឡើង​ភ្នំ​រុករក​ កាប់ ​និង​ដុតបំផ្លាញ​ដំណាំ​កញ្ឆា ​ដែល​ជន​ខិលខូច​លួច​ដាំ​ដោយ​ខុសច្បាប់ ដែល​ថ្ងៃ​ទីមួយ គឺ​នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ បាន​ចំនួន​០៦​ទីតាំង ស្មើ​នឹង​២១១៥​ដើម អាង​ស្តុ​ប​ទឹក​០១ ធ្វើឡើង​នៅ​ចំណុច​ខ្នង​បន្ទាយ និង​អង់តែន ស្ថិតនៅ​ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះ​បាទ​ជាន់ជុំ ស្រុក​គិរី​វង ខេត្ត​តាកែវ ដែល​មាន​ផ្ទៃដី​ប្រមាណ​១៥៧០​ម៉ែត្រការ៉េ។​

ថ្ងែ​ទី​ពីរ គឺ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ បង្ក្រាបបាន​០៤​ទីតាំង ស្មើ​និង​១១២៤​ដើម អាង​ស្តុ​ប​ទឹក​០២ ធ្វើឡើង​នៅ​ចំណុច​ជើងភ្នំ​ដុប​ថ្ម​ចង្ក្រាន ស្ថិតនៅ​ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ ដែលមាន​ផ្ទៃដី​ប្រមាណ​៧៤៤​ម៉ែត្រការ៉េ។​

លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ដោយនៅ​ទីផ្សារងងឹត​ក្នុងប្រទេស​វៀតណាម​មាន​ហាងឆេង​ល្អ​នោះ​ ពួក​សង្គម​ងងឹត​បាន​ដើរ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​លួចលាក់​ដាំ​ដំណាំ​កញ្ឆា​ទាំង​បំពាន​ច្បាប់ ដោយ​ពួកគេ​បាន​ប្រើ​មធ្យោបាយ​គ្រប់​រូបភាព​ឲ្យ​ពលរដ្ឋ​លួច​ដាំ ពីព្រោះ​ដំណាំ​កញ្ឆា​នេះ​បើ​ហាល​គ្រាម​យកទៅលក់​ដល់​ដី​វៀតណាម​១​គីឡូក្រាម​ មានតម្លៃ​៥​លាន​ដុង​ ស្មើ​នឹង​១​លាន​រៀល​លុយ​ខ្មែរ​។

ហើយ​បើ​យើង​មើល​ទីតាំង​ដែល​ប្រជាពលរដ្ឋ​លួច​ដាំ​ដំណាំ​កញ្ឆា​ទាំងនោះ​វិញ គឺ​ពិបាក​នឹង​រុករក​ណាស់​ ព្រោះ​នៅលើ​ភ្នំ​មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត​។​

ទោះជា​យ៉ាងនេះ​ក្តី ​លោក​អធិការ​ស្រុក​គីរីវង់​បាន​បញ្ជាក់ថា លោក​នៅតែ​បន្ត​ស្រាវជ្រាវ​ដក​ និង​ដុត​បំផ្លាញ​ចោល​ដំណាំ​កញ្ឆា​ខុសច្បាប់​នេះ​ឲ្យ​ដូច​ភ្លៀងរលឹម និង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ដំណាំ​កញ្ឆា​ដើម្បី​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ឲ្យ​ខាន​តែ​បាន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu