Ad Code

កាសែត Yonhap៖ សម​ភាគី​កូរ៉េខាងជើង​របស់លោក Pompeo ទៅដល់​ទីក្រុង ប៉េកាំង​



ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា បេសកជន​កំពូល​របស់​កូរ៉េខាងជើង​ ដែល​ចូលរួម​ក្នុង​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក​ បាន​ទៅដល់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​ត្រូវបាន​គេ​គិតថា​នឹងធ្វើ​ដំណើរ​ទៅកាន់​ក្រុង​វ៉ាស៊ីនតោន​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​ធ្លាប់​ដកស្រង់​ប្រភព​មិន​ច្បាស់លាស់​នានា​ដែល​និយាយថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo និង​មន្ត្រី​កូរ៉េខាងជើង​លោក Kim Yong Chol ត្រូវបាន​គេ​រំពឹងថា​នឹង​ជួបប្រជុំគ្នា​ក្នុង​រដ្ឋធានី​អាមេរិក​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​

Yonhap បាន​រាយការណ៍​ថា លោក Kim បាន​ទៅដល់​ព្រលានយន្តហោះ​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Koryo ពី​ទីក្រុង​ព្យុងយ៉ាង​ហើយ​ត្រូវបាន​ស្វាគមន៍​ដោយ​ឯកអគ្គរដ្ឋទូត​របស់​កូរ៉េខាងជើង​ប្រចាំ​ប្រទេស​ចិន​។​

ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​និយាយថា គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​ជិះ​យន្តហោះ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​នៅពេល​ល្ងាច​។​

លោក Pompeo គ្រោង​នឹង​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​របស់លោក​ដើម្បី​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​ជា​លើក​ទី​ពីរ​កាលពី​ខែវិច្ឆិកា​ប៉ុន្តែ​កិច្ចប្រជុំ​នោះ​ត្រូវបាន​ពន្យារពេល​។​

ពេល​ចុងក្រោយ​បំផុត​ដែល​លោក Kim Yong Chol ស្ថិតនៅ​ទីក្រុង​វ៉ាស៊ីនតោន​គឺ​កាលពី​ខែមិថុនា​នៅពេលដែល​លោក​បាន​ពាំនាំ​លិខិត​មួយ​ពី​លោក​គីម​ជុង​អ៊ុន​ទៅ​ឲ្យ​លោក​ត្រាំ​ដែល​បាន​បើកផ្លូវ​សម្រាប់​កិច្ចប្រជុំ​មិន​ធ្លាប់មាន​មួយ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​ខែមិថុនា​។​

ទូរទស្សន៍ CNN បាន​ដកស្រង់​ប្រភព​ដែល​ដឹង​ពី​ការចរចារ​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ដោយនិយាយ​ថា លោក Kim Yong Chol នឹង​ពាំនាំ​លិខិត​ថ្មី​មួយ​ពី​លោក​គីម​ជុង​អ៊ុន​ទៅ​ឲ្យ​លោក​ត្រាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំមុន លោក​គីម​ជុង​អ៊ុន​បាន​សន្យាថា​នឹងធ្វើ​ការ​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​ប៉ុន្តែ​មានការ​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់​តិចតួច​ណាស់​ចាប់តាំងពី​ពេល​នោះមក​។​

ទំនាក់ទំនង​បានចាប់ផ្តើម​ជាថ្មី​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​ថ្លែង​សុន្ទរកថា​ឆ្នាំ​ថ្មី​មួយ​ដែល​ក្នុងនោះ​លោក​បាន​និយាយថា លោក​មាន​ឆន្ទៈ​ក្នុង​ការជួប​ជាមួយ​លោក​ត្រាំ​នៅពេល​ណាមួយ​៕ REUTERS


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu