Ad Code

បុរស​ជនជាតិ​រុស្សី​ម្នាក់ ​ដើរ​ដួល​ក្នុង​សណ្ឋាគារ MARVEL BOUTIQUE​ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ក៏​ស្លាប់​តែម្ដង​



​សៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបរទេស​ម្នាក់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ ខេត្ត​សៀមរាប បន្ទាប់ពី​ក្រុម​គ្រួសារ នាំមក​សង្គ្រោះ ក្រោយពេល​ដួល​ទៅលើ​ដី នៅ​ក្នុង​សណ្ឋាគារ MARVEL BOUTIQUE​។​ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​២១​ ថ្ងៃ​ទី​១៥​ ខែ​មករា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

មន្ត្រីនគរបាល​ជំនាញ ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ROMANOV ALEKSANDR ភេទ​ប្រុស កើត​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​១៩៧៦ ជនជាតិ​រុស្សី កាន់​លិខិតឆ្លងដែន​លេខ ៧៥៩៣៣៦២៣២ ជា​ភ្ញៀវ​ទេសចរ​ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ ២០១៩ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍ VELES AMAZING ស្នាក់​នៅ​បន្ទប់​លេខ ៣០១ សណ្ឋាគារ MARVEL BOUTIQUE ស្ថិតនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

មន្ត្រី​ដដែល​បន្ថែម​ថា តាម​ការសាកសួរ​ប្រពន្ធ​ជនរងគ្រោះ នា​វេលា​ម៉ោង​ប្រហែល​២០​និង​៤០​នាទី​ថ្ងៃ​ទី​១៥​ ខែ​មករា ឆ្នាំ​២០១៩ បន្ទាប់ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ​ជនរងគ្រោះ បាន​ចុះទៅ​ហែល​ទឹក​អាង​ក្នុង​សណ្ឋាគារ​បាន​រយៈពេល​ប្រហែល​១០​នាទី​ ក៏បាន​ឡើងមក​វិញ ស្រាប់តែ​គាត់​បាន​ដួល​ទៅ​លើ​ដី​។ ភ្លាមៗ​នោះ ​ខ្លួន​ក៏បាន​ឲ្យ​បុគ្គលិក​សណ្ឋាគារ​ និង​មិត្តភ័ក្ដិ ជួយ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ពេលទៅដល់​ក្រុមគ្រូពេទ្យ​បាន​ជួយសង្គ្រោះ​បឋម និង​បាន​បញ្ជាក់​ថា ជនរងគ្រោះ​បាន​ស្លាប់​ហើយ​។

​បើតាម​មន្ត្រី​បន្តថា​ ករណីនេះ​មូលហេតុ​ នៃ​ការស្លាប់​សមត្ថកិច្ច​ជំនាញ​ និង​លោក​វេជ្ជបណ្ឌិត កំពុង​ធ្វើ​កោសល្យវិច័យ​។​ សាកសព ​ត្រូវបាន​តម្កល់ទុក​បណ្ដោះអាសន្ន​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូយ៉ាល់​អង្គរ​ដើម្បី​រង់ចាំ​ការសម្រេច​ពី​ក្រុម​គ្រួសារ​ និង​ស្ថានទូត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu