មេធាវីផ្ទាល់ខ្លួនរបស់លោក Donald Trump គឺលោក Rudy Giuliani កាលពីថ្ងៃពុធបានអះអាងថា លោក “មិនដែលនិយាយថាគ្មានការឃុបឃិតគ្នា” រវាងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦របស់លោក Trump និងរុស្ស៊ីទេ។
ថ្លែងទៅកាន់លោក Chris Cuomo របស់ទូរទស្សន៍ CNN, អតីតអភិបាលក្រុងញូវយ៉ករូបនេះបានថ្លែងថា លោកមិនដឹងថាតើមានអ្នកផ្សេងទៀតក្នុងយុទ្ធនាការនេះបានធ្វើការជាមួយរុស្ស៊ីដែរឬក៏អត់នោះទេ។
លោក Giuliani បានថ្លែងថា “ខ្ញុំមិនដែលនិយាយថាមិនមានការឃុបឃិតរវាងយុទ្ធនាការឬរវាងមនុស្សក្នុងយុទ្ធនាការនោះទេ”។ ខ្ញុំបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក" ។
មួយថ្ងៃមុននោះ លោក Trump បានទទូចថា លោកមិនដែលធ្វើការឲ្យប្រទេសរុស្ស៊ីទេបន្ទាប់ពីមានរបាយការណ៍ដ៏ចម្រូងចម្រាស់ចំនួនពីរ។
ក្នុងសេចក្តីរាយការណ៍ដំបូង កាសែត The New York Times បាននិយាយថា FBI បានបើកការស៊ើបអង្កេតមួយអំពីថាតើលោក Trump បានធ្វើសកម្មភាពក្នុងនាមរុស្ស៊ីបន្ទាប់ពីគាត់ក្លាយជាប្រធានាធិបតីភ្លាមៗមែនឬក៏អត់។
ស្របពេលជាមួយគ្នានោះ កាសែត The Washington Post បានរៀបរាប់លម្អិតពីអ្វីដែលខ្លួននិយាយថា វាគឺជារយៈពេលវែងមិនធម្មតាដែលលោក Trump បានចំណាយដើម្បីលាក់បាំងខ្លឹមសារនៃកិច្ចសន្ទនារបស់គាត់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
មតិយោបល់របស់បុរសទាំងពីរបានកើតឡើងខណៈការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller បានផ្តន្ទាទោសនិងចោទប្រកាន់អតីតសហការីរបស់លោក Trump ។
ទាំងនេះរួមមានអតីតទីប្រឹក្សាសន្តិសុខជាតិលោក Michael Flynn, អតីតប្រធានយុទ្ធនាការរបស់លោក Trump គឺលោក Paul Manafort និងអតីតមេធាវីផ្ទាល់ខ្លួនរបស់លោក Trump គឺលោក Michael Cohen៕ AFP
Source: Kampuchea Thmey Daily
0 Comments