បាត់ដំបង ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា បទល្មើស លួច ឆក់ កាច់សោ និងគាស់ទម្លុះទម្លាយ និងហិង្សា ដោយប្រើប្រាស់កាំបិត បានកើតឡើងយ៉ាងខ្លាំងនៅកណ្តាលក្រុងបាត់ដំបង ដែលបញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគាត់ និងកូនៗរបស់គាត់ដែលធ្វើដំណើរទៅសាលា ឬក៏ចេញទៅប្រកបមុខរបរអ្វីមួយ។
ស្របពេលដែលបទល្មើសកំពុងកើតឡើងជាបន្តបន្ទាប់នេះដែរ គេមិនដែលឃើញសមត្ថកិច្ចក្រុងដែលដឹកនាំដោយ លោកអធិការ ប៉ាង ហៀង ដឹកនាំ ឬបញ្ជាកម្លាំងធ្វើការបង្ក្រាបមុខសញ្ញាណាមួយសោះឡើយ ដែលទុកឲ្យសំណុំរឿងបទល្មើសកាន់តែមានកំណើនកើនឡើងស្ទើរគ្រប់ទីកន្លែងក្នុងក្រុងបាត់ដំបង រីឯសមត្ថកិច្ចក្រុងដែលមានចំនួនប្រមាណជាង៥០រូបនោះ បច្ចុប្បន្នស្ទើរគ្មានសល់ គឺសឹងតែយកប្រជាការពារមកធ្វើជាកម្លាំងស្នូលទៅវិញ។
ស្របពេលដែលលោកអធិការក្រុង និងមន្ត្រីក្រោមឱវាទកំពុងតែលង់លក់នៅក្នុងដំណេកយ៉ាងសុខសាន្ត ដោយគ្មានរំខានដល់នរណាម្នាក់នោះ កម្លាំងសមត្ថកិច្ចទាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាព្រហ្មទណ្ឌកម្រិតធ្ងន់ ពិសេសគឺក្រុមអនុវត្តដីកា ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី កង សុផាណ្ណា នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបើកកិច្ចប្រតិបត្តិការ ដើម្បីតាមប្រមាញ់មុខសញ្ញា និងបំបែកសំណុំរឿង បានជាច្រើនករណី ដោយចាប់ខ្លួនជនល្មើសបានជាបន្តបន្ទាប់។
គួររំលឹកដែរថា លោកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលអតីតជាប្រធានក្រុមអន្តរាគមន៍ពិសេស ( ខ្លាហោះ ) ធ្លាប់បានមេឈ្មួញជួញដូរគ្រឿងញៀន ដ៏ធំមួយធ្វើការបាញ់ប្រហារម្តងរួចមកហើយ នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នាអំឡុងខែវិច្ឆិកា ឆ្នាំ២០០៩ នៅចំណុចភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដោយកាលណោះគ្រាប់កាំភ្លើងបានទម្លុះថ្គាមខាងឆ្វេងធ្លាយមកបំពង់ ក ខាងមុខ តែដោយសារអាយុថ្លៃទើបអាចរស់រានមកដល់សព្វថ្ងៃ។
លោកឧត្ដមសេនីយ៍ ស្នងការរង ជេត វណ្ណនី ធ្លាប់បានលើកឡើងថា ទោះជានៅក្នុងខេត្តមានរៀបចំពិធីអ្វីមួយ ឬក៏គ្មានអ្វីក៏ដោយ ក៏លោកនៅតែពង្រឹងដល់កងកម្លាំងដើម្បីចុះប្រតិបត្តិការទាំងយប់ ទាំងថ្ងៃដែរ ក្នុងគោលបំណងអនុវត្តឲ្យបាននូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព និងដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង។
ដោយឡែក ចំពោះ លោកអធិការក្រុង បើទោះបីជាលោកកំពុងសម្រាកយ៉ាងលង់លក់នៅក្នុងដំណេកក៏ដោយ ក៏គង់ថ្ងៃណាមួយ គេរំពឹងថា ថ្នាក់ដឹកនាំ នឹងដើរទៅដាស់ជាមិនខាន៕
Source: Kampuchea Thmey Daily
0 Comments