ជាមួយនឹងការបំផ្ទុះ និងការបាញ់កាំភ្លើងនោះ កងកម្លាំងសន្ដិសុខនៅថ្ងៃសុក្របានបញ្ចប់ភាពចលាចលភ័យខ្លាចរយៈពេលបីថ្ងៃនៅជុំវិញទីក្រុងប៉ារីស ដោយបានសម្លាប់បងប្អូនពាក់ព័ន្ធអាល់កៃដាពីរនាក់ដែលបានធ្វើការបាញ់សម្លាប់មនុស្សនៅការិយាល័យកាសែតមួយដែលសរសេរចំអក និងអ្នកសមគំនិតម្នាក់ដែលបានចាប់ចំណាប់ខ្មាំងនៅក្នុងផ្សារទំនើប Kosher ដើម្បីព្យាយាមជួយបងប្អូនទាំងពីរនាក់នោះឲ្យគេចខ្លួន។
អំពើហិង្សារបស់ភេរវករដ៏អាក្រក់បំផុតដែលប្រទេសបារាំងបានជួបប្រទះនៅក្នុងរយៈពេលច្រើនទសវត្សនោះបានសម្លាប់មនុស្សយ៉ាងតិច២០នាក់ ដែលក្នុងនោះរួមមានខ្មាន់កាំភ្លើងបីនាក់ដែរនោះ។ ជនសង្ស័យទីបួន ដែលជាប្រពន្ធមិនបានរៀបការរបស់អ្នកវាយប្រហារនៅទីផ្សារនោះ នៅរត់គេចខ្លួននៅឡើយ ហើយគេជឿថា មានអាវុធ។
សាខារបស់អាល់កៃដានៅក្នុងប្រទេសយេមែននិយាយថា ខ្លួនបានបញ្ជាឲ្យធ្វើការវាយប្រហារទៅលើកាសែត Charlie Hebdo ដើម្បីសងសឹកឲ្យព្យាការីមូហាមេដ ដែលជាគោលដៅនៃការប្រមាថរបស់ទស្សនាវដ្ដីប្រចាំសប្ដាហ៍នោះ។
បងប្អូនទាំងពីរនាក់នោះមិនមែនអាជ្ញាធរមិនស្គាល់នោះទេ ម្នាក់ត្រូវបានគេកាត់ឲ្យជាប់ទោសដែលពាក់ព័ន្ធអំពើភេរវកម្មពីបទមានចំណងទាក់ទងជាមួយបណ្ដាញមួយបញ្ជូនពួកយុទ្ធជនឲ្យទៅប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយអ្នកទាំងពីរមាននៅក្នុងបញ្ជីឈ្មោះហាមជិះយន្តហោះរបស់សហរដ្ឋអាមេរិក។ នេះបើតាមមន្ដ្រីសហរដ្ឋអាមេរិកម្នាក់បានឲ្យដឹង៕
រឹទ្ធ

0 Comments