ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតវាយនៅសល់តែដង្ហើមចង្រិត ក្រោយពេលដែលជនសង្ស័យទាំង២នាក់នេះធ្វើសកម្មភាពឆក់យកទូរស័ព្ទអាយហ្វូន៥អេស(Iphone 5s) ពីនារីម្នាក់បានសម្រេច តែនៅពេលបន្ថែមល្បឿនម៉ូតូដើម្បីរត់គេចក៏បានជ្រុលចង្កូតទៅបុករថយន្តចតស្ងៀមហើយក៏ត្រូវប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាព្រួតវាយតែម្តង កុំតែប៉ូលិសទៅជួយទាន់ប្រហែលជាបាត់បង់ជីវិតទៅហើយ។
អំពើឆក់ទូរស័ព្ទខាងលើបានកើតមានឡើងកាលពីព្រឹកថ្ងៃទី១០មករាវេលាម៉ោង៩និង១៥នាទីនៅចំណុចមុខផ្ទះលេខ៤០ផ្លូវ២២៣កែងផ្លូវ១៥៦ក្រុម១១ ភូមិ៣សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
ជនសង្ស័យទាំង២នាក់នេះត្រូវបានប៉ូលិសខណ្ឌទួលគោកប្រាប់អោយស្គាល់ ទី១ឈ្មោះជា សុជាតិ ភេទ ប្រុស អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់ម្តុំផ្សារបឹងឈូកផ្លូវ៣៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២ឈ្មោះស៊ឹង ចាន់រឿន ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរផនិងទីលំ នៅមិនពិតប្រាកដ។ ជនសង្ស័យ២នាក់បានប្រើប្រាស់ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1I-5640ធ្វើសកម្មភាពឆក់ពេលជនរងគ្រោះពេលជនរងគ្រោះដើរតាមផ្លូវ។ ចំណែកជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះឃាង កណ្ណិកា ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរជាសិស្សសាលាឯកជនACEស្នាក់នៅផ្ទះលេខ៤៤E1ផ្លូវ១៥៦ក្រុម១១ ភូមិ៣សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ ត្រូវបានជនសង្ស័យឆក់យកទូរស័ព្ទអាយហ្វូន៥អេស(Iphone5s)បានសម្រេចតែឆកហូតបានមកវិញ។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានអោយដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះបានចុះពី លើផ្ទះដើម្បីមកយកម៉ូតូដែលបានផ្ញើនៅសណ្ឋាគារម៉ូណាកូ។ ក្នុងខណៈពេលដើរមកដល់ចំណុចកើតហេតុនារីរងគ្រោះក៏បានលើកទូរស័ព្ទនិយាយជាមួយម្តាយ ស្របពេលនោះក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកអែបក្បែរ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទនោះបានសម្រេចតែម្តង។ នៅពេលឆក់បាននិងបន្ថែមល្បឿនម៉ូតូដើម្បីរត់គេចក៏បានជ្រុលចង្កូតទៅបុករថយន្តចតស្ងៀមមួយគ្រឿងបណ្តាលអោយដួល ខណៈនោះក៏ត្រូវប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាព្រួតវាយម្នាក់មួយដៃមួយជើងរហូតដង្ហើមចង្រិតតែម្តង កុំតែបានប៉ូលិសទៅជួយទាន់កុំអីបាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវបានប៉ូលិសបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់។ ប៉ូលិសក៏បានអោយដឹងផងដែរថាជនសង្ស័យទាំង២នាក់នេះធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនករណីរួចមកហើយ ក្រៅពីធ្វើសកម្មភាពឆក់ហើយនោះជនសង្ស័យក៏ជាមនុស្សញៀនថ្នាំនិងជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មផងដែរ ដោយនៅក្នុងកាបូបរបស់ជនសង្ស័យមានឧបករណ៍សម្រាប់គាស់ផ្ទះជាច្រើនសម្រាប់ផងដែរ៕
ស្រីរ័ត្ន

0 Comments