មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងមូសុងលើកដំបូង បានវាយលុកជំរំនៅប្រទេសបង់ក្លាដែស ដែលជាកន្លែងមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់។ ភ្លៀងធ្លាក់បានបង្កឲ្យមានទឹកជំនន់និងការរអិលបាក់ដីប៉ុន្តែគ្មានអ្នករបួសនិងស្លាប់ឬការខូចខាតធំដុំនោះទេ។
បណ្តាទីភ្នាក់ងារផ្តល់ជំនួយបានព្រមានថា ខ្យល់មូសុងអាចបណ្តាលឲ្យមានគ្រោះមហន្តរាយមនុស្សធម៌នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះនៅឯជំរំជនភៀសខ្លួនធំបំផុតរបស់ពិភពលោកដែលផ្ទុកមនុស្សដែលរត់ភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
តំបន់នានានៅប្រទេសបង់ក្លាដែសភាគអាគ្នេយ៍ត្រូវបានគេព្យាករណ៍ថានឹងត្រូវរងការវាយប្រហារដោយព្យុះស៊ីក្លូនដ៏ខ្លាំងក្លានិងមានភ្លៀងធ្លាក់កម្រិតជាង២.៥ម៉ែត្រក្នុងរយៈពេលបីខែខាងមុខនៃរដូវមូសុង។
ការិយាល័យឧតុនិយមរបស់ប្រទេសបង់ក្លាដែសបានឲ្យដឹងថា តំបន់ Cox's Bazar ដែលមានជនភៀសខ្លួនជាច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្ននោះគឺមានភ្លៀងធ្លាក់កម្រិត១៣៨មីលីម៉ែត្រចាប់តាំងពីល្ងាចថ្ងៃសៅរ៍មក។
លោកស្រី Caroline Gluck ដែលជាអ្នកនាំពាក្យរបស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានប្រាប់ AFP ថា “តំបន់មួយចំនួនដូចជាទីលានកីឡាបាល់ទាត់ជាដើមគឺត្រូវបានជន់លិច។ ផ្ទះមួយចំនួនត្រូវបានលិចលង់ មានការរអិលបាក់ដីខ្លះ ស្ថានភាពគឺអាក្រក់ណាស់”។
ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានគេព្យាករណ៍ថានឹងកើតឡើងនៅថ្ងៃប៉ុន្មានខាងមុខនេះ។
មេដឹកនាំជនជាតិរ៉ូហ៊ីងយ៉ាបានប្រាប់ AFP ថា ភ្លៀងបានបំផ្លិចបំផ្លាញផ្នែកមួយចំនួននៃជំរំរួចទៅហើយ ហើយបានប្រែក្លាយផ្លូវថ្នល់ទៅជាភក់ល្បប់ដែលជាហេតុធ្វើឲ្យរាំងស្ទះដល់ការបំលាស់ទីរបស់ជនភៀសខ្លួននិងឧបករណ៍ជួយសង្គ្រោះ។
កាលពីឆ្នាំមុន ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការបាក់ដីភក់នៅតំបន់ Cox's Bazar និងនៅ Chittagong Hill Tracts ក្បែរនោះដែលបានសម្លាប់មនុស្សយ៉ាងតិច១៧០នាក់។ មនុស្សជាង ១០០នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីក្នុងតំបន់នេះកាលពីឆ្នាំ២០១២ហើយពីរឆ្នាំមុននោះ មនុស្សប្រហែល៥០នាក់បានស្លាប់។
មានការភ័យខ្លាចថា ការជន់លិចធ្ងន់ធ្ងរក៏អាចបណ្តាលឲ្យបង្គន់ហៀរហូរនិងរាលដាលជំងឺនៅក្នុងជំរំដែលមានមនុស្សច្រើនកកកុញនេះផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments