Ad Code

ចៅ ផល​ឌឿ និង ថៃ ប៊ុន​ហាន ​ជួបគ្នា​ជា​លើកដំបូង ចំណែកឯ ចាន់ ប៊ុន​ហឿន ជួប វ៉ែន សុ​ភ័​ក្រ​ ​

ភ្នំពេញ ៖ ចៅ ផល​ឌឿ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ ថៃ ប៊ុន​ហាន អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ នា​រសៀល​ថ្ងៃ​សៅរ៍ ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​។​

នេះ​ជា​ការ​ជួបគ្នា​លើកដំបូង​ហើយ​សម្រាប់​ពួកគេ​ទាំងពីរ​នាក់​នេះ​។ តាមពិត​ពីមុន​នោះ ថៃ ប៊ុន​ហាន​ ពុំ​មែន​ជា​ដៃគូ​ប្រកួត​របស់ ​ចៅ ផល​ឌឿ​ទេ ដោយសារតែ​កម្រិត​សមត្ថភាព​ខុសគ្នា តែ​ពេល​នេះ​ ថៃ​ ប៊ុន​ហាន​ គេ​មានការ​ឈានឡើង​ហើយ​។ ថៃ ប៊ុន​ហាន ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​៦៥​គីឡូ​ក្រាម បន្ទាប់ពី​វាយ​ឈ្នះ​ ធា នុ​រាជ ក្លិប​ពោធិ​ជ័យ​កីឡា​យ៉ាង​ត្រដាបត្រដួស​នោះ​។ ទោះជា​ម្ចាស់​ខ្សែ​ក្រវាត់​ក្តី ប៊ុន​ហាន​ ក៏​ពិបាក​នឹង​ឈ្នះ​ ចៅ ផល​ឌឿ ដែរ នៅក្នុង​ការ​ជួបគ្នា​នេះ​។ ប៊ុន​ហាន ​វ៉ៃ​ខ្លាំង ហើយ​ក៏​វាយ​រំលោភ​ខ្លាំង​ណាស់​ដែរ តែ​គ្មាន​បច្ចេកទេស​នោះ​ទេ គឺ​វាយ​តាម​កម្លាំងបាយ​ និង​តាម​លក្ខណៈ​ផ្សងព្រេង​ប៉ុណ្ណោះ​។ ការប្រកួត​ចុងក្រោយ ប៊ុន​ហាន​ វាយ​ចាញ់​ ថៃ ​ដោយ​ពិន្ទុ​ដាច់​តែម្តង​។​
ចំណែក ចៅ ផល​ឌឿ គេ​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ខ្លាំង​និង​កម្រោល​ដូច ​ថៃ ​ប៊ុន​ហាន ​ដែរ តែ​គេ​មាន​តិចនិក​ប្រកួត​ល្អ​ជាង​។ កណ្ដាប់ដៃ​របស់ ​ផល​ឌឿ រហ័ស លឿន និង​ខ្លាំង​ថែមទៀត​។ ការប្រកួត​ចុងក្រោយ​របស់​ ផល​ឌឿ គេ​វាយ​ឈ្នះ​ពិន្ទុ​ដាច់​លើ​ ម៉ូ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​។​
ទោះជា​យ៉ាងណា​រវាង ​ចៅ ផល​ឌឿ និង ថៃ ប៊ុន​ហាន ជួបគ្នា​នេះ ថ្វីត្បិតតែ​ពុំ​មាន​នរណា​ហ៊ាន​ទស្សន៍ទាយ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ប្រដាល់​ក្នុងស្រុក ពួកគេ​មាន​ជំនឿ​ថា ថៃ ប៊ុន​ហាន អាច​ជា​អ្នក​ឈ្នះ​សម្រាប់​ការប្រកួត​នេះ​។​
វ៉ែន សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពល​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​ ចាន់ ប៊ុន​ហឿន​អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​និរោធ​មានជ័យ​។ ពួកគេ​ពីរ​នាក់​នេះ​ពុំដែល​ជួបគ្នា​ទេ​កន្លងមក​។​ ទោះ​ជា​យ៉ាងនេះ​ក្តី សម្រាប់​ការ​ជួប​គ្នា​នេះ គេ​មិន​មាន​ជំនឿ​ថា ប៊ុន​ហឿន​ ឈ្នះ ​សុ​ភ័​ក្រ ​នោះ​ឡើយ​។​
វ៉ែន សុ​ភ័​ក្រ ថ្វីត្បិតតែ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ប៉ុន្តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​វាយ​មាន​ផ្លែ​ល្អ​ថែមទៀត​។ ចិត្ត​ប្រដាល់​របស់​គេ​ក៏​ធំ​គួរសម​ដែរ ជាមួយនឹង​ការ​វាយ​លឿន រហ័សរហួន និង​បម្លាស់ទី​បាន​រហ័ស។ អ្នក​ប្រដាល់​រូប​នេះ មិនសូវ​ជា​ចូលចិត្ត​វាយ​ពី​ប្រយោល​ទេ គឺ​ភាគច្រើន​ចូល​កៀក និង​ចាប់​អោយ​វាយ​ជង្គង់ កែង​យក​តែ​ម្តង​។​
ចំណែក ចាន់ ប៊ុន​ហឿន គេ​រាង​ស្ពឹក​បន្តិច តែ​មាន​ស្នៀត​ប្រដាល់​ល្អ និង​តិចនិក​ប្រកួត​ល្អ​ដែរ ។ តែ​យ៉ាងណា មិន​ដឹង​ថា​គេ​អាច​ឈ្នះ ​សុ​ភ័​ក្រ បាន​ឬ​អត់​នោះ​ទេ នៅក្នុង​ការ​ជួប​គ្នា​លើក​នេះ ព្រោះ​ប៊ុន​ហឿន​ រាង​អន់​ខ្សោយកម្លាំង​ស៊ុ​ហ្វ​នោះ​។ ​តែ​យ៉ាងណា ប៊ុន​ហឿន​ មាន​ផ្លែ​ជង្គង់​ល្អ​ណាស់ ហើយ​ខ្ពស់​ល្អ​ថែមទៀត​។​
ការប្រកួត​ចុងក្រោយ ចាន់ ប៊ុន​ហឿន បាន​ផ្ដួល​ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​បង្ក្រាប​គ្រឿង​ញៀន​ខេត្តរតនគិរី ក្នុង​ទឹក​ទី​២ (ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤) ឯ វ៉ែន សុ​ភ័​ក្រ ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ​ ឃីម សា​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រះខ័នរាជ្យ​ដោយ​ពិន្ទុ ​(ថ្ងៃទី២៥​ ខែមករា ឆ្នាំ​២០១៥)។ ចាំ​មើល ចាន់ ប៊ុន​ហឿន​ និង វ៉ែន សុ​ភ័​ក្រ តើន​រណា​ឈ្នះ​សម្រាប់​ការ​ជួប​គ្នា​លើកដំបូង​នេះ ? ​
សល់ រី​ប៊ែ​ល អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​នឹង​ជួប​ប្រកួត​ជាមួយ​ វ៉ែន ហុន​ជី​វ៉ុ​ង អ្នក​ប្រដាល់​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង​។ ពីរ​នាក់​នេះ​ពុំដែល​ជួបគ្នា​ទេ​កន្លងមក​។​
អ្នក​ប្រដាល់​ទាំងពីរ​នេះ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​ប៉ុណ្ណោះ បើ​តាម​ការ​កត់​សម្គាល់​ឃើញ​ពួកគេ​ប្រកួត​កន្លងមក​នោះ​។ វ៉ែន ហុន​ជី​វ៉ុ​ង​នេះ ទើបតែ​បង្ហាញមុខ​នៅ​សង្វៀន​ភ្នំពេញ​២-៣​ដង​នេះ​ទេ តែ​គេ​វាយ​ល្អ​និង​ខ្លាំង​គួរសម​ដែរ​។​ គេ​ប្រកួត​ចុងក្រោយ​វាយ​ឈ្នះ​ នូវ ស៊ីថា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​។
សល់ រី​ប៊ែ​ល គេ​ក៏​វាយ​ខ្លាំង​ដែរ ដែល​ការប្រកួត​ចុងក្រោយ​នេះ គេ​បាន​វាយ​ឈ្នះ ​មាស ឆូ​យ ក្លិប​សុភា​នូ​ដោយ​ពិន្ទុ​។ រវាង​ សល់ រី​ប៊ែ​ល និង វ៉ែន ហុន​ជី​វ៉ុ​ង​នេះ បើ​តាម​ការ​សន្និដ្ឋាន​នោះ សល់ រី​ប៊ែ​ល​អាច​ជា​អ្នកឈ្នះ​ក្នុង​ការ​ប្រកួត​នេះ ព្រោះ​រី​ប៊ែ​ល​ខ្ពស់​ជាង​ជី​វ៉ុ​ង​។​
ផូ សុ​ភី អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ប្រកួត​ជាមួយ​ ចាន់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​និរោធ​មាន​ជ័យ​។ ពួកគេ​ទាំងពីរ​នេះ​ជា​អ្នក​ប្រដាល់​ថ្មីថ្មោង​ប៉ុណ្ណោះ​៕

Post a Comment

0 Comments

Close Menu