Ad Code

សម្រាស់​ខុសច្បាប់​ធំៗ​ក្នុង​ឃុំ​កំពង់ព្រះ​គគីរ​ ជនល្មើស​កំពុង​ហ៊ុំ​ចាប់​ត្រី​រាល់​ថ្ងៃ​រាល់​យប់​

កំពង់ឆ្នាំង ៖ សម្រាស់​ធំ​២​កន្លែង​១​របស់​ខ្មែរ និង​១​ទៀត​របស់​វៀតណាម នៅក្នុង​ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ នៅ​រសៀល​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត្រូវ​បាន​គេ​ហ៊ុំ​ចាប់​ត្រី​យ៉ាង​រំភើយ សមត្ថកិច្ច​សង្កាត់​ជលផល​ស្រុក​បរិបូណ៌​ឈរជើង​នៅ​ភូមិ​កោះ​តា​ម៉ូ​វ​មិន​ខ្ចី​ធ្វើ​ឃើញ​ឡើយ ទាល់តែ​ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​លោក​ព្រះរាជអាជ្ញា​ទើប​បែក​សំបុក។​

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃុំ​កំពង់ព្រះ​គគីរ​បាន​ទូរស័ព្ទ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ មាន​មន្ត្រី​រដ្ឋបាល​ជលផល​សង្កាត់​បរិបូណ៌​២​ក្រុម​ឈរជើង​ការពារ​តំបន់​អភិរក្ស ដែល​១​ក្រុម​ឈរជើង​នៅ​ចំណុច​ស្ទឹង​ពោធិ និង​១​ក្រុម​ទៀត​គឺ​លោក​នាយរង​សង្កាត់​ឈរជើង​នៅក្នុង​ភូមិ​កោះ​តា​ម៉ូ​វ​តែម្តង។ ប៉ុន្តែ​នៅ​ក្បែរៗ​កន្លែង​ឈរជើង​នោះ​គឺ​សុទ្ធតែ​មាន​សម្រាស់​យ៉ាងច្រើន ហើយ​ប្រមាណ​១០​ថ្ងៃនេះ ជនល្មើស​បាន​នាំ​គ្នា​ហ៊ុំ​ចាប់​ត្រី​ទាំងថ្ងៃទាំងយប់​យ៉ាង​រំភើយ​ សមត្ថកិច្ច​ជំនាញ​បិត​ភ្នែក​ធ្វើ​មិនដឹងមិនឮ​នោះ​ឡើយ ដោយសារ​លុយ​បាំង​ភ្នែក។​
ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​០៥ ខែ​កុម្ភៈ​នេះ សម្រាស់​ធំៗ​២​កន្លែង​មាន​បណ្តោយ​ជាង​២០០​ម៉ែត្រ និង​ទទឹង​៣០​ម៉ែត្រ ដែល​១​របស់​ខ្មែរ​និង​១​ទៀត​របស់​វៀតណាម ត្រូវ​បាន​ជនល្មើស​នាំគ្នា​ហ៊ុំ​ចាប់​ត្រី​យ៉ាង​គគ្រឹកគគ្រេង​។​
នៅ​ម៉ោង​៥​ល្ងាច​ប្រជាពលរដ្ឋ​បាន​លួច​រាយការណ៍​រឿង​នេះ​ឲ្យ​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត​ម្នាក់​និង​អ្នកកាសែត​ដឹងឮ ក្រោយមក​លោក​ព្រះរាជអាជ្ញា​រង​នោះ​បាន​បញ្ជា​ឲ្យ​លោក​នាយ​រង​ខណ្ឌ​ម្នាក់​ខ្លាំង​ខាង​បិត​ភ្នែក​ចុះទៅ​បង្ក្រាប ប៉ុន្តែ​មិនបាន​២​ម៉ោង​រឿង​នេះ​ក៏បាន​បែកការ​ដឹង​ដល់​ក្រុម​ជនល្មើស​ទាំង​២​ក្រុម​ដែល​កំពុង​ហ៊ុំ​សម្រាស់​ចាប់​ត្រី ហើយ​ពួកគេ​បាន​សារ​សាច់​អួន​រត់​នៅ​ម៉ោង​៦​ល្ងាច​រត់​បាត់​អស់​ទៅ។ ចំណែក​សមត្ថកិច្ច​ជលផល​ទៅដល់​ចាប់​បានតែ​កំប៉ោង​និង​ខ្យល់​តែប៉ុណ្ណោះ ធ្វើ​មិច​រឿង​ស៊ី​លុយ​គេ​ហើយ​គឺ​ត្រូវតែ​ធ្វើ​អញ្ចឹង​ហើយ។​
ប្រជាពលរដ្ឋ​បាន​រិះ​គន់​ថា នៅ​ស្ទើរ​យ​តែ​គ្រប់​ទីកន្លែង​ក្នុងភូមិ​សាស្ត្រ​ស្រុក​បរិបូណ៌​ និង​ស្រុក​កំពង់​លែង អ្នកមាន​សម្រាស់​រាប់​រយ​នាក់​បាន​និង​កំពុង​នាំគ្នា​លួច​ហ៊ុំ​ចាប់​ត្រី​ទាំងយប់​ទាំង​ថ្ងៃ​ឲ្យបាន​មុន​បុណ្យចូលឆ្នាំ​ចិន​ថ្ងៃទី​១៨ ខែ​កុម្ភៈ​ខាងមុខនេះ ដើម្បី​យក​លុយ​សែន​ចូលឆ្នាំ​ចិន ដែល​កន្លែង​សម្រាស់​ធំៗ​ខ្លះ​គេ​ចាប់​ត្រី​លក់​បាន​រាប់ពាន់​និង​រាប់​ម៉ឺន​ដុល្លារ​។
រឿង​ខាង​លើ​នេះ​គេ​បាន​ឲ្យ​ដឹង​ថា ឆ្លៀត​ពេល​លោក ​ហោ អា​ត្រែ​ត​ ហើយ​លោក សោម​
ភិ​រុណ នឹង​ត្រូវ​ប្រកាស​ជា​ប្រធាន​រដ្ឋបាល​ជលផល​ថ្មី​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ​ខាងមុខនេះ លោក​នាយរង​ខណ្ឌ​ដែល​គេ​អាច​ឆ្លៀត​ស៊ីលុយ​ពី​ជនល្មើស​បាន​គឺ​គេ​ត្រូវតែ​ស៊ី​ហើយ រឿង​នេះ​ទម្រាំ​លោក​ប្រធាន​ជលផល​ឡើង​កាន់​តំណែង គេ​ស៊ីលុយ​ពី​សម្រាស់​អស់​ទៅ​ហើយ។ ប្រជាពលរដ្ឋ​ស្នើសុំ​លោក អេង​ ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​ថ្មី​បញ្ចេញស្នាដៃ​ទប់ស្កាត់​ផង៕
(​ថា​រិ​ទ្ធ​)

Post a Comment

0 Comments

Close Menu