Ad Code

រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង​ ស្លាប់​អ្នក​បើក​ម៉ូតូ​នៅ​នឹង​កន្លែង​

បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ទើបតែ​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ​មិនបាន​ប៉ុន្មាន​ផង​ ខណៈ​ពេល​ដែល​កំពុង​បើក​ម៉ូតូ​តែម្នាក់ឯង​តាមផ្លូវ​ជាតិ​លេខ​៥​ ដល់​ចំណុច​ខាងលិច​ផ្សារ​អូរ​អំបិល ​ក្នុងភូមិ/​សង្កាត់​អូរ​អំបិល​ ក្រុង​សិរីសោភ័ណ ​ក៏​ត្រូវ​រថយន្ត​កាំ​ម៉ា​រី​បើក​បុក​ចំ​ពេញទំហឹង ​ហើយ​កិន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​តែម្តង​។​

តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ពណ៌​ខ្មៅ​ ដោយ​ជិះ​ពី​លិច​សំដៅ​ទៅ​កើត​ លុះ​មកដល់​ចំណុច​ខាងលើ ​ក៏​មាន​រថយន្ត​កាំ​ម៉ា​រី​មួយ​គ្រឿង​បើក​ផ្ទុយគ្នា​ក្នុង​ល្បឿន​លឿន​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​ឮ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ជនរងគ្រោះ​ប៉ើង​ទៅ​ម្ខាង​នៃ​ផ្លូវ​រថយន្ត​ដែល​បុក ​ឯ​ម៉ូតូ​ខ្ទាត​ទៅ​ខាង​ឆ្វេង​នៃ​ផ្លូវ ​ហើយ​រថយន្ត​ដែល​បុក​បើក​ទៅមុខ​កិន​ជនរងគ្រោះ ​រួច​បើក​ទៅ​បាត់​បន្សល់ទុក​ជនរងគ្រោះ​បែកក្បាល​ស្លាប់​នៅ​នឹង​កន្លែង។​
ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ បាត់ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គាប​សង្កាត់​ទឹកថ្លា​ ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​ ដែល​ទើបតែ​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ​បាន​ជិត​មួយ​ខែ​ ហើយ​បាន​ដើរ​ធ្វើការ​តាម​ចុងភៅ​ការ។​
នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ពុំ​មាន​ពាក់មួក​សុវត្ថិភាព ទើប​បណ្ដាលឲ្យ​បែកក្បាល​ខ្ទេច​ស្លាប់​នឹង​កន្លែង​ ហើយ​នាំ​យក​សព​ជនរងគ្រោះ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សព ​ចំណែក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាក់​លេខ​បន្ទាយមានជ័យ​២I0934​ ត្រូវ​បាន​នាំ​យក​មក​រក្សាទុក​នៅ​ស្នងការ​ខេត្ត ​រីឯ​រថយន្ត​ដែល​បុក​ជន​រង​គ្រោះ​ បន្ទាប់ពី​បើក​រត់​ចេញពី​កន្លែង​កើតហេតុ​មិនបាន​ប៉ុន្មាន​គីឡូម៉ែត្រ ក៏​ឈប់​ទុកចោល​នៅ​ខាង​លិច​ស្ពាន​ទឹកថ្លា ​ដោយ​តៃកុង​រថយន្ត​រត់​បាត់ ​ត្រូវ​បាន​នាំ​យក​មក​រក្សាទុក​នៅ​ស្នងការ​ដូចគ្នា​ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​អនុវត្ត​តាម​ផ្លូវច្បាប់៕
អ ពៅ​.​

Post a Comment

0 Comments

Close Menu