Ad Code

ភ្នំភ្លើង​ Agung ​លើ​កោះ​បាលី​ បាន​ព្រួស​កំអែ​ពណ៌​ទឹកក្រូច​នៅក្នុង​ការ​ផ្ទុះ​ថ្មី



ភ្នំភ្លើង​មួយ​នៅ​លើ​កោះ​បាលី​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ព្រួស​ផេះ​ឡើងលើ​កម្ពស់​២,០០០​ម៉ែត្រ​ ហើយ​បាន​បញ្ចេញ​កំអែ​ពណ៌​ទឹកក្រូច​ចេញពី​កំពូល​របស់​វា។

កាលពី​សប្ដាហ៍​មុន កោះ​ត្រូពិច​មួយ​នេះ​បាន​បិទ​អាកាសយានដ្ឋាន​ជា​បណ្តោះអាសន្ន​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជើងហោះហើរ​រាប់រយ​ជើង​ត្រូវ​ជាប់គាំង​បន្ទាប់ពី​ភ្នំភ្លើង Agung បាន​ផ្ទុះឡើង​។​

ភ្នាក់ងារ​ភូមិសាស្ត្រ​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ការ​ផ្ទុះ​ចុងក្រោយ​បំផុត​នៃ​ភ្នំភ្លើង Agung នៅ​ប្រហែល​ម៉ោង​៩​យប់​គឺមាន​រយៈពេល​ជាង​ប្រាំពីរ​នាទី​ហើយ​កំអែ​បាន​ធ្លាក់​ចុះទៅ​ចម្ងាយ​២​គីឡូម៉ែត្រ​ចេញពី​មាត់​ភ្នំភ្លើង​។​

មាន​តំបន់​ហាម​ចូល​ចម្ងាយ​៤​គីឡូម៉ែត្រ​នៅ​ជុំវិញ​ភ្នំភ្លើង Agung​។ វា​នៅតែ​ស្ថិតក្នុង​កម្រិត​ប្រុងប្រយ័ត្ន​ដែលជា​ការព្រមាន​គ្រោះថ្នាក់​បំផុត​ទី​២​ខណៈ​អាកាសយានដ្ឋាន Ngurah Rai របស់​កោះ​នេះ​នៅតែ​បើកទ្វារ​។​

ការផ្ទុះ​លើក​មុន​កាលពី​ខែវិច្ឆិកា​បានធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​រាប់ពាន់នាក់​ត្រូវ​ជាប់គាំង​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ដែល​រកប្រាក់​ចំណេញ​បាន​យ៉ាងច្រើន​របស់​កោះ​បាលី​។​

ផេះ​គឺមាន​គ្រោះថ្នាក់​ណាស់​ដល់​យន្តហោះ​ព្រោះ​វា​ធ្វើ​ឲ្យ​ផ្លូវ​រត់​មាន​ភាព​រអិល​និង​អាច​ស្រូប​ចូលទៅក្នុង​ម៉ាស៊ីន​។​

ភ្នំ​ Agung ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ​ពី​មជ្ឈមណ្ឌល​ទេសចរណ៍ Kuta​។ ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ទៅ​មជ្ឈមណ្ឌល​ជម្លៀស​បន្ទាប់ពី​សកម្មភាព​ផ្ទុះ​កាលពី​ឆ្នាំមុន។

ការ​ផ្ទុះ​ដ៏​ធំ​បំផុត​ចុងក្រោយ​របស់​ភ្នំ Agung ក្នុង​ឆ្នាំ​១៩៦៣​បាន​សម្លាប់​មនុស្ស​ប្រហែល​១,៦០០​នាក់​។​
​ប្រទេស​ឥណ្ឌូនេស៊ី​ស្ថិត​នៅ​លើ​ខ្សែក្រវាត់​ភ្នំភ្លើង​ប៉ាស៊ីហ្វិក​ ដែល​ជា​ទីតាំង​មានការ​រញ្ជួយ​និង​សកម្មភាព​ភ្នំភ្លើង​ជា​ញឹកញាប់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu