Ad Code

សម្តេច​តេ​ជោ ប្រាប់​ទៅ « ប្រែ​ត អា​ដាំ » ថា មេទ័ព​កម្ពុជា​ដែល​ស្មោះត្រង់​ជាមួយ​ហ៊ុន សែន​និង​រាជរដ្ឋាភិបាល មិនមែន​មានតែ ១២ រូប​ទេ គឺមាន​រាប់​ម៉ឺន​នាក់​ទៀត



ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឆ្លើយតប​ទៅ​លោក ប្រេដ អាដាម ថា មេទាហាន​កម្ពុជា​ដែល​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល ស្មោះត្រង់​ជាមួយ ហ៊ុន សែន មាន​រហូត​ជិត ១២ ម៉ឺន​នាក់ គឺជា​មេទាហាន​របស់​កម្ពុ​ជាមាន​ភាព​ស្អាតស្អំ​មិនមែន​ដូច​ការចោទប្រកាន់​រប​ស់​អ្នកឯង​ទេ។

សម្តេច​មាន​ប្រតិកម្ម​ដូចនេះ ធ្វើឡើង​បន្ទាប់ពី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​ចោទប្រកាន់ មេ​នគរបាល មេ​យោធា និង មេ​កងរាជអាវុធហត្ថ​កម្ពុជា ចំនួន ១២​រូប ថា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ។

​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ ២០១៨ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​មិត្តភាព កម្ពុជា​-​ចិន សែន​សុខ ហៅ​ស្ពាន​ផ្សារ​ដី​ហុយ។ ​សម្តេច​តេ​ជោ​មានប្រសាសន៍ថា “​រឿង នាយទាហាន ១២ រូប សូម​ផ្ដាំ​ទៅ ប្រេដ អាដាម ថា នេះ​វា​មាន​ចំនួន​តិច​ណាស់ សូម​ដាក់​ទាំងអស់​ទៅ ទើប​គ្រប់​មិនមែន​មានតែ ១២ នាក់​ទេ ដែល​ស្មោះត្រង់​នឹង ហ៊ុន សែន ស្មោះត្រង់​រាជរដ្ឋាភិបាល។ នាយទាហាន​ម៉ា​ប្រទេស​ជាង ១១ ម៉ឺន​នាក់ គឺ​ស្មោះត្រង់​នឹង ហ៊ុន សែន និង​រាជរដ្ឋាភិបាល។



សម្តេច​តេ​ជោ​បាន​បន្ត​ថា រឿង​អ្នកឯង​ចោទ​គឺជា​រឿង​របស់​អ្នកឯង ឯ​ភាព​ស្អាតស្អំ​របស់​មេទាហាន​ក​ម្ពុ​ជា​គឺជា​ភាព​ស្អាតស្អំ​របស់​នាយទាហាន​កម្ពុជា អ្នកឯង​គ្មាន​សិទ្ធិ​អ្វី​ទាំងអស់។ សម្តេច​បាន​ផ្ដាំ​ទៅ ប្រែ​ដ អាដាម ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ថា កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​គឺជា​ឧបករណ៍​ការពារ​ជាតិ ដូចនេះ​គេ​បង្កើត​កងទ័ព​មក​គឺ​ដើម្បី​ការពារ​ជាតិ ការពារ​រដ្ឋាភិបាល។ ប្រទេស​ណា​ដែល​គ្មាន​កម្លាំងប្រដាប់អាវុធ​នៅ​លើ​ពិភពលោក គឺ​សុទ្ធ​តែ​មាន​កម្លាំងប្រដាប់អាវុធ​ទាំងអស់ តើ​កម្លាំងប្រដាប់អាវុធ​គឺ​ទុក​ធ្វើ​អី គឺ​គេ​ទុក​សម្រាប់​ការពារ​ជាតិ ហើយ​គុក​គេ​ធ្វើ​សម្រាប់​ដាក់​អ្នកទោស។

គួរ​បញ្ជាក់​ថា ឧ​ត្ត​ម​សេនីយ៍ ១២​រូប ស្ថិត​ក្នុង​ស្ថាប័ន​គ្រប់គ្រង​ប្រដាប់​អាវុធ​ទាំង​៣​គឺ​យោធា នគរបាល និង​កងរាជអាវុធហត្ថ​។ អ្នក​ទាំងនោះ រួមមាន លោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, លោក គន់ គីម អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​, លោក សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក ជា ម៉ន មេបញ្ជាការរង​កងទ័ព​ជើងគោក​, លោក ប៊ុន សេង មេបញ្ជាការរង​កងទ័ព​ជើងគោក​, ឧត្ដមសេនីយ៍ទោ ជឿន សុវណ្ណ​ថា មេបញ្ជាការរង​កងទ័ព​ជើងគោក​, លោក ចាប ភក្ដី នាយរង​សេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ​, លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​, លោក សុខ ផល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, លោក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​, និង​លោក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។



នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ​មានប្រសាសន៍​ដែរ​ថា សន្តិភាព​មាន​ក្នុង​ដៃ​ហើយ ការអភិវឌ្ឍ​ជា​ជំហាន​មាន​ក្នុង​ដៃ​ហើយ តើ​គួរ​ត្រូវ​ឲ្យ​វា​បាត់​ទៅវិញ​ទេ មិន​ត្រូវ​ឲ្យ​មានការ​បាត់បង់​ណាមួយ​ទេ ទោះបី​តម្លៃ​ណាក៏ដោយ​ជនជាតិ​កម្ពុជា​មិន​ត្រូវ​អោនក្បាល​ឲ្យ​បរទេស​កៀបសង្កត់​ទៀត​ទេ ដោយសារតែ​បរទេស​ធ្វើ​ផ្ដេសផ្ដាស​មកលើ​យើង​នេះ​ហើយ ទើប​បង្ក​ឱ្យ​ប្រជាជន​យើង​ស្លាប់​រាប់លាន​នាក់។ រដ្ឋប្រហារ ៨ មីនា ១៩៧០ បាន​បង្កើត​ឡើង​នូវ​វិនាស​សកម្ម​រាប់មិនអស់​ដែល​យើង​ត្រូវ​ចង់ចាំ​លើ​រឿង​នេះ។ ជន​ណាក៏ដោយ​ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​ជនបរទេស​គឺជា​ជន​ក្បត់ជាតិ ខុស​ទៅ​នឹង​ពាក្យ​សម្បថ​ដែល​ខ្លួន​បាន​ស្បថ​ចំពោះ​ព្រះមហា​ស្វេត​ឆ័​ត្រ នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ និង ចំពោះ​ព្រះ​ភ័ក្ត្រ​សម្តេចព្រះសង្ឃរាជ​ទាំងពីរ​គណៈ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា សម្តេច​គ្មាន​កំហុស​ទេ នៅ​ពេល​ដែល​ដឹកនាំ​ប្រជាជន​ឲ្យ​ងើបឈរ​ឡើង​ដើម្បី​ការពារ​ឯករាជ្យ ការពារ​អធិបតេយ្យភាព​ជាតិ ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិភាព និង​ការ​អភិវឌ្ឍ ខ្ញុំ​មិនបាន​ខុស​ទេ ទោះបី​ត្រូវ​ប្រើ​កម្លាំងប្រដាប់អាវុធ​ក៏​សម្តេច​មិនបាន​ខុស​ដែរ ព្រោះនេះ​ជា​បេសកកម្ម​ការពារ​ជីវិត​មនុស្ស ការពារ​នូវ​សន្តិភាព និង ការពារ​នូវ​ការ​រីកលូតលាស់​របស់​ជាតិ៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu