Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​សុទិដ្ឋិនិយម​ថា ចំណងមិត្តភាព​កម្ពុជា​-​ចិន នឹង​រួមចំណែក​កសាង​សហគមន៍​រួមគ្នា សម្រាប់​មនុស្សជាតិ​ទាំងមូល



ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហាញ​នូវ​ការ​ជឿជាក់​ថា ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​-​ចិន​ នឹង​រួមចំណែក​កសាង​សហគមន៍ ដែល​មាន​ជោគវាសនា​ល្អប្រសើរ​រួមគ្នា​សម្រាប់​មនុស្សជាតិ​ទាំងមូល​ដូចដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ធ្លាប់បាន​លើកឡើង​កាលពី​ថ្មីៗ​នេះ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន នា​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​វិមាន ស៊ី​ធី ហោ​ស នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ។

លោក ស្យុ​ង ព័រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​សមាគម​កម្ពុជា​-​ចិន ក៏ដូចជា​អ្នក​វិនិយោគ​ធំ​របស់​កម្ពុជា និង​ចិន​ជាច្រើន​រូប​ទៀត​ក៏បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ផងដែរ។

កម្ពុជា និង​ចិន បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ កក្កដា ១៩៥៨ បន្ទាប់ពី​ជំនួប ទ្វេភាគី​លើក​ទី ១ រវាង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង លោក ជូ អេ​ន​ឡាយ អតីត​នាយករដ្ឋមន្ត្រី​ចិន​ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​ទីក្រុង​បាន​ឌុ​ង​នៅ​ខែមេសា​១៩៥៥ នៅ​ទីក្រុង​បាន​ឌុ​ង ប្រទេស​ឥណ្ឌូណេស៊ី និង ការបំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុង​ឆ្នាំ ១៩៥៦។ ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ​នេះ បាន​កសាង​ឡើង​រួមគ្នា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​ឯកឧត្តម​ប្រធាន ម៉ៅ សេទុង លោក​នាយករដ្ឋមន្ត្រី ជូ អេ​ន​ឡាយ ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុនៗ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ក្លាយទៅជា​កិច្ច​សហប្រតិបត្តិការ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល ៦០ ឆ្នាំ កន្លង​ទៅ​នេះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ តែងតែ​ខិតខំ​ប្រឹងប្រែង​រក្សា​ចំណងមិត្តភាព និង​ពុះពារ​ឧបសគ្គ​ជាច្រើន​ដើម្បី​ដឹកនាំ​ប្រទេស និង​ប្រជាជន​ឆ្ពោះ​ទៅ​កាន់​វឌ្ឍនភាព វិបុលភាព និង​ភាព​សុខដុមរមនា។ ទន្ទឹម​នេះ​ ការ​រីកចម្រើន​របស់​ប្រទេស​ចិន​មិន​ត្រឹមតែ​បាន​លើកកម្ពស់​ជីវភាព​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​នឹង​កំពុង​ចូល​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ទៀតផង។

ជាក់ស្តែង​ក្នុង​ក្របខណ្ឌ​តំបន់ ប្រទេស​ចិន​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួច​ផ្តើម «​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​» បង្កើត «​មូលនិធិ​ផ្លូវ​សូត្រ​» និង «​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ឤ​ស៊ី » ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង ជំរុញ​ការ​អភិវឌ្ឍ​បែប​«​ឈ្នះ​ឈ្នះ​»​ រវាង​ប្រទេស​ក្នុង​រង្វង់​តំបន់​ខ្សែក្រវាត់ និង​ផ្លូវ​សូត្រ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ស្ថាប័ន និង ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង​វិស័យ​គន្លឹះ​ផ្សេងៗ​ទៀត ដែល​កម្ពុជា​សូម​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​នេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​ខ្ញុំ​ជឿជាក់​ថា ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​យើង​ទាំងពីរ​នឹង​រួមចំណែក​កសាង​សហគមន៍ ដែល មានជោគ​វាសនា​ល្អប្រសើរ​រួមគ្នា​សម្រាប់​មនុស្សជាតិ​ទាំងមូល ដូចដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ធ្លាប់បាន​លើក ឡើង​កាលពី​ថ្មីៗ​នេះ​”​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល មេគង្គ​-​ឡាន​ឆាង លើក​ទី​២ របស់ លោក លី កឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ១០-១១ ខែមករា កន្លងទៅ គឺជា​ការបើកឆាក​នៃ​ការ​ប្រារព្ធ​ខួប ៦០ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ។ ចាប់ពី​ដើមឆ្នាំ ២០១៨ កម្ពុជា​បានរៀបចំ​ការ​សម្តែង​សិល្បៈ​ចម្រុះ​កម្ពុជា​-​ចិន ស្រប​ពេល​ជាមួយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ការរៀបចំ​ពិព័រណ៍​រូបថត វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​ឆ្នាំ ២០១៨ និង​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន​លើក​ទី ១ និង​បន្ត​មាន​សកម្មភាព​ផ្សេងៗ​ទៀត​រហូតដល់​ចុងឆ្នាំ ដូចជា​ការ​ផ្លាស់ប្តូរ ទស្សនកិច្ច គ្រប់​កម្រិត រួមទាំង​ការ​ផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន យុវជន និង យុវជន ការរៀបចំ​សិក្ខាសាលា​ស្តីពី​ការជំរុញ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិនិយោគ​ជាដើម។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា។ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ៥.៥៧៧ លាន​ដុល្លារ​កើនឡើង​ជាង ២១,៧% បើ​ធៀប​នឹង​ឆ្នាំ ២០១៦។ ក្នុង​ឆ្នាំ ២០១៧ ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត ​ដែល​មាន​ទំហំ​សរុប​ប្រមាណ​១.៦៤៤ លាន​ដុល្លារ។ លើស​ពី​នេះ ប្រទេស​យើង​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើនឡើង​ដល់ ៦.០០០ លាន​ដុល្លារ នៅ​ឆ្នាំ២០២០។

ចំពោះ​វិស័យ​ទេសចរណ៍ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១៥ កំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់​រវាង កម្ពុជា និង ចិន។ នៅ​ឆ្នាំ២០១៧ ទេសចរ​ចិន​មាន​ប្រមាណ ១,២ លាននាក់។ គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ ២០១៨ នេះ កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ១,៧ លាន​នាក់ ដែល​ក្នុង​នោះ​ទេសចរ​ចិន មាន​ចំនួន​ជាង ៥០ ម៉ឺន​នាក់។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ចិន​ក្នុង​ការគោរព ឯករាជ្យ អធិបតេយ្យ និង ការ​ចាត់វិធានការ​នា​នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការ​ការពារ​សន្តិសុខ​និង​ស្ថិរភាព​សង្គម​។

កម្ពុជា​សូម​អបអរសាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន ​នៃ​កិច្ច​សហប្រតិបត្តិការ​និង ផ្លែផ្កា​ដែល​ទទួលបាន​នា​ពេល​កន្លងមក​និង​ប្តេជ្ញា​បន្ត​លើកកម្ពស់​វិសាលភាព​នៃ​កិច្ច​ទំនាក់ទំនង​កិច្ច​សហ ប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​ ឲ្យ​ឈាន​ដល់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​យើង​ទាំងពីរ។

លោក ស្យុ​ង ព័រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា អ្នក​ទំនង​មិត្តភាព​ចិន​-​កម្ពុជា មាន​ប្រវត្តិសាស្ត្រ​និង​ប្រពៃណី​វប្បធម៌​យើង​វែង​ជិត​ពីរ​ពាន់​ឆ្នាំ​ហើយ​ប្រទេស​ទាំងពីរ​សុទ្ធតែ​ជា​ប្រទេស មាន​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​រុងរឿង​តាំងពី​បុរាណ​សុទ្ធ​តែ​ជា​ប្រទេស​មាន​វប្បធម៌​ជាច្រើន​និង​បាន​កសាង​ប្រទេស​ទាំងពីរ​ទៅជា​ប្រទេសជិតខាង​ល្អ​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សន្តិភាព​ព្រមទាំង​ទទួលយក​លក្ខណៈ​សម្បត្តិ​របស់​ជនជាតិ​នីមួយៗ។

ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បង្កើត​និង​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុន​នៃ​ប្រទេស​ទាំងពីរ “​នៅពេល​យើង​ផឹកទឹក យើង​គិតដល់​អ្នក​ដែល​ជីក​អណ្ដូង​”។ ជាមួយនឹង​សមិទ្ធិផល​នៃ​ទំនាក់ទំនង​ចិន​-​កម្ពុជា បច្ចុប្បន្ន យើង​មិន​គួរ​ភ្លេច​គុណូបការៈ​របស់​លោក​ប្រធាន ម៉ៅ សេង​ទុង លោកនាយក​រដ្ឋមន្ត្រី ជួ អេ​ន​ទ្បា​យ​ព្រះវររាជបិតា នរោត្តម​សីហនុ និង​មេដឹកនាំ​ផ្សេងទៀត​នៃ​ប្រទេស​ទាំងពីរ ហើយ​ជាច្រើន​ឆ្នាំ​មកនេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន​-​កម្ពុជា​កាន់តែ​រីកចម្រើន​ឡើង​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu