Ad Code

មិត្ត​រួម​ថ្នាក់​ ប្រាថ្នា​ឲ្យ​ក្មេងប្រុស​ថៃ​វិល​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព



កាលពី​ថ្ងៃ​ចន្ទ មិត្ត​រួម​ថ្នាក់​របស់​កុមារ​ទាំង​១២​នាក់​ដែល​ជាប់​នៅក្នុង​រូងភ្នំ​ថៃ​បានបង្ហាញ​ពី​ក្ដីសង្ឃឹម​របស់​ពួកគេ​ចំពោះ​ការជួយ​សង្គ្រោះ​ដោយ​អព្ភូតហេតុ​ ខណៈ​អ្នក​មុជ​ទឹកបាន​ឆ្លងកាត់​តាម​ភក់​ដ៏​ក្រាស់​និង​ទឹក​ឆ្ពោះទៅរក​កន្លែង​មាន​ខ្យល់​ដែល​ក្រុម​នេះ​ត្រូវបាន​គេ​ជឿថា​ជាប់​នៅ​ទីនោះ​។​

មិនមាន​ទំនាក់ទំនង​ជាមួយ​ក្មេងប្រុស​ទាំង​នោះទេ ​ចាប់តាំងពី​ពួកគេ​បាន​បាត់​ខ្លួន​ជាមួយ​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​កាលពី​៩​ថ្ងៃមុន​។​

កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ដ៏​ធំ​សម្បើម​ត្រូវបាន​រំខាន​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​លិច រូងភ្នំ Tham Luang នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ​ ដោយ​រារាំង​ការចូល​ទៅកាន់​ដំណាក់​ដែល​គេ​សង្ឃឹមថា​ក្រុម​នេះ​នឹង​ត្រូវបាន​រកឃើញ​ទាំង​នៅរស់​។​

អ្នក​មុជ​ទឹកបាន​ទាញយក​ប្រយោជន៍​ពី​អាកាសធាតុ​ល្អ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ចូល​កាន់តែ​ជ្រៅ​ទៅក្នុង​រូងភ្នំ​ ខណៈ​អ្នក​ព្យាករ​បាន​ព្យាករណ៍​ថា ភ្លៀង​អាច​វិល​ត្រលប់​មកវិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

មិត្តភក្តិ​និង​គ្រូបង្រៀន​នៃ​ក្រុមបាល់ទាត់ “​ជ្រូកព្រៃ​” មិន​បោះបង់ចោល​ក្តីសង្ឃឹម​នៃ​ការមើលឃើញ​កីឡាករ​វ័យក្មេង​ទាំងនេះ​ម្តងទៀត​នោះទេ​។​

កុមារ​ឈ្មោះ Tilek Jana អាយុ​១៤​ឆ្នាំ​ដែល​មិត្តភក្តិ​របស់ខ្លួន​ម្នាក់​ឈ្មោះ Prajak ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាត់​ខ្លួន​នោះ បាន​សម្តែង​បំណង​របស់ខ្លួន​ថា មិត្ត​របស់ខ្លួន​នឹង​ត្រឡប់មកវិញ​ឆាប់ៗ​។​
Tilek Jana បាន​ប្រាប់ AFP ថា “​សូម​ឲ្យ​រូបគេ​ចូលមក​លេង​បាល់ទាត់​រួមគ្នា ខ្ញុំ​នឹក​គាត់​ណាស់​”​។​

នាយក​សាលា Mae Sai Prasitsart ដែលមាន​កូនសិស្ស​ចំនួន​៦​នាក់​ក្នុងចំណោម​ក្មេងប្រុស​ដែល​បាត់​ខ្លួន​បាន​និយាយថា វា​ជា​សប្តាហ៍​ដ៏​ឈឺចាប់​មួយ​។​

លោក Kanet Pongsuwan បាន​ប្រាប់ AFP ថា “​យើង​សូត្រធម៌​ហើយ​អធិស្ឋាន​និង​ផ្តល់​ការគាំទ្រ​របស់​យើង​ទៅ​ឲ្យ​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​មាន​ថាមពល​រង់ចាំ​ជំនួយ​”​។​

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អ្នក​មុជទឹក​កំពុង​ស្ថិតនៅ​ចម្ងាយ​តិចជាង​មួយ​គីឡូម៉ែត្រ​ពី​តំបន់​ដែលមាន​ឈ្មោះថា “Pattaya Beach” ដែលជា​កន្លែង​ក្មេងប្រុស​ត្រូវបាន​គេ​គិតថា ជាប់គាំង​។​
​ក្រុម​អ្នក​មុជទឹក​រាប់បញ្ចូល​ទាំង​អ្នកជំនាញ​បរទេស​ផងដែរ​ត្រូវបាន​បញ្ជូន​ទៅក្នុង​រូងភ្នំ​ជាមួយ​ធុង​អុកស៊ីសែន​រាប់រយ​ដែល​បង្កើតបានជា​ជំរំ​មួយ​នៅ​ខាងក្នុង​ដំណាក់​មួយ​កាលពី​ចុង​សប្តាហ៍​។​

ថ្វីបើ​គ្មាន​អាហារ​ក៏ដោយ អ្នកជំនាញ​បាន​និយាយថា ក្មេងៗ​ដែលជា​អត្ត​ព​លិ​ក​ទាំងនោះ​អាចរ​ស់បាន​រយៈពេល​ជាច្រើន​សប្តាហ៍​បើសិនជា​ពួកគេ​មិនមាន​រងរបួស​។​

ក្រុមមន្ត្រី​បាន​ទម្លាក់​ស្បៀងអាហារ​ជាមួយនឹង​ឧបករណ៍​ជួយសង្គ្រោះ​ជីវិត ខោអាវ ការផ្គត់ផ្គង់​ថ្នាំពេទ្យ​និង​ផែនទី​រូងភ្នំ​មួយ​ចូលទៅក្នុង​ស្នាម​ប្រេះ​ក្រហែង​ជាមួយ​ក្តី​សង្ឃឹមថា ជំនួយ​ខ្លះ​នឹង​ទៅដល់​ក្មេងប្រុស​ទាំងនោះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu