Ad Code

លោក ហេង វណ្ណដា ​៖ អ្នក​ប្រកាស ហាមឃាត់ ឬ​បន្ទច់បង្អាក់​មិន​ឲ្យ​ទៅ​បោះឆ្នោត គឺជា​អ្នក​សម្លាប់​ប្រជាធិបតេយ្យ



ភ្នំពេញ ​៖​ លោក ហេង វ៉ាន់ដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​លើកឡើង​បែបនេះ នៅក្នុង​ពិធី​មួយ ដែលមាន​ឈ្មោះថា “​ថ្ងៃ​ប្តេជ្ញាចិត្ត​ពណ៌​ខៀវ​” ស្តីពី​ការចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​ជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​រៀបចំ​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ ទី​០១ ខែកក្កដា ឆ្នាំ​២០១៨។

​លោក ហេង វ៉ាន់ដា លើកឡើងថា មូលហេតុ​ដែល​សមាគម​ចូលរួម​សង្កេត​ការ​ណ៍​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ មានបំណង​ចំនួន​៣ គឺ ទី​១, សមាគម​ចង់​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា តាមរយៈ​ហិប​ឆ្នោត ទី​២, សមាគម​ចង់​ចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ដើម្បី​ប្រជាពលរដ្ឋ​យើង​ទទួលបាន​នូវ​សុខដុមរមនា និង​ទី​៣, សមាគម​ចង់​តាមដាន​មើល តាមឃ្លាំមើល​ពី​ដំណើការ​បោះឆ្នោត​នៅ​កម្ពុជា និង​តាមឃ្លាំមើល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ផងដែរ ដើម្បី​ឲ្យ​សមាគម​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ទទួលស្គាល់ ឬ​ទទួលស្គាល់​ក្នុង​កម្រិត​ណា ឬ​មិន​ទទួលស្គាល់​តែម្តង​។​



ទាក់ទង​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ និង​ការលើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នោះ លោក​ឧកញ៉ា​ប្រធាន​បាន​លើកឡើងថា វា​ជា​ល្បែង​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា ហើយក៏​ជា​ល្បែង​ប្រជាធិបតេយ្យ​នៅក្នុង​ពិភពលោក​ផងដែរ ដែលមាន​គណបក្ស​ខ្លះ​ចូលរួម គណបក្ស​ខ្លះ​ក៏​ពហិកា អ្នកសង្កេតការ​ណ៍​ខ្លះ​ចូលរួម ខ្លះ​ក៏​មិន​ចូលរួម ដែល​នេះហើយ​ជា​ល្បែង​ប្រជាធិបតេយ្យ ហើយ​អ្វីដែល​សមាគម​កំពុង​ធ្វើ ដោយ​រួមគ្នា​១០៣ គ្រឹះស្ថាន​នេះ ក៏​មានច្បាប់​ត្រឹមត្រូវ ដោយបាន​ដាក់ពាក្យ​ទៅ គ​.​ជ​.​ប ដើម្បី​ក្លាយជា​អ្នកសង្កេតការ​ណ៍​ជាតិ ហើយ​នៅ គ​.​ជ​.​ប ទទួលស្គាល់ សមាគម និង​ចាប់ផ្តើម​មើល​បរិស្ថាន​ន​យោ​បាយ និង​បរិយាកាស​គ្រប់បែបយ៉ាង​នៅក្នុង​ដំណើការ​បោះឆ្នោត​។ ដូច្នេះ​ការចេញចូល​របស់​អ្នកនយោបាយ របស់​សង្គម​ស៊ីវិល ចូលរួម ឬ​មិន​ចូលរួម គឺជា​ល្បែង​ប្រជាធិបតេយ្យ​។​

ដោយឡែក​ការចូលរួម​របស់​សមាគម ទូទាំងប្រទេស​អាច​បញ្ជា​ក់បាន​ថា កម្ពុ​ជាមាន​សន្តិភាព​គ្រប់គ្រាន់​អាច​ដំណើការ​បោះឆ្នោត​ទៅបាន​ដោយ​រលូន ហើយ​បើ​ប្រៀបធៀប​ជាមួយ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ គឺ​បរិយាកាស​ពេលនេះ​ល្អ​ជាង ប្រជាពលរដ្ឋ​ប្រកប​មុខ​របរ​រកស៊ី យ៉ាង​ស្ងាត់ស្ងៀម គ្មានអ្វី​កើតឡើង​ទេ ហើយ​ការ​ការអំពាវនាវ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ពី​អ្នកនយោបាយ​ផ្សេងៗ​នោះ លោក​ឧកញ៉ា​ប្រធាន បាន​លើកឡើងថា “​លទ្ធិប្រជាធិបតេយ្យ​គេ​ឲ្យ​យើង​ទៅ​បោះឆ្នោត កាលណា​យើង​មិន​ទៅ​បោះឆ្នោត ជួនកាល​ក៏​អាចជា​ល្បែង​ប្រជាធិបតេយ្យ ប៉ុន្តែ​បើសិនជា​ប្រកាស ហាមឃាត់ ឬមួយ​បន្ទច់បង្អាក់​មិន​ឲ្យ​ទៅ​បោះឆ្នោត នោះ​គឺ​អ្នក​សម្លាប់​ប្រជាធិបតេយ្យ​។​

សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ហើយ​គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​មាន​ចំនួន​២០ រួមមាន គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១, គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” លេខ​រៀង​ទី​២, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ទី​៤, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២, គណបក្ស “​​ហ៊្វុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦, គណបក្ស “​ឆន្ទៈ​ខ្មែរ​” លេខ​រៀង​ទី​១៧, គណបក្ស “​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ និង​គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu