អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានធ្វើដំណើរត្រឡប់ទៅចូលរួមជាមួយក្លិបMelbourne Victory នៅប្រទេសអូស្ត្រាលី វិញក្រោយបញ្ចប់បេសកកម្មដឹកនាំក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ (U23) ប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U-23 Championship 2020 សម្រាប់ឆ្នាំ២០២០ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពូល H កាលពីពេលថ្មីៗ។
មូលហេតុដែលអតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ អាចមកដឹកនាំក្រុមវិញបានគឺគាប់ជួនចំនឹងថ្ងៃប្រកួតដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ឬហៅថា( FIFA Day ) ដោយភាគច្រើនគឺក្លឹបអាជីពទាំងអស់បានអនុញ្ញាតឲ្យកីឡាករទៅចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំរៀងៗខ្លួន ដើម្បីធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ឬប្រកួតផ្លូវការណាមួយ ជាមួយបណ្ដាប្រទេសដែលសហព័ន្ធរបស់ខ្លួនត្រូវបានណាត់ប្រកួតនោះ។
ក្រុមកម្ពុជា ស្ថិតនៅក្នុងពូល H ជាមួយក្រុមខ្លាំងៗដូចជា យុវជន U-23 អូស្ត្រាលី, កូរ៉េខាងត្បូង និង ឆាយនីសតៃប៉ិ (តៃវ៉ាន់) ដោយការប្រកួតចាប់ផ្តើមពីថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០១៩ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ខណៈក្រុមកូរ៉េខាងត្បូង និងអូស្ត្រាលី ជាប់ឈ្មោះឡើងទៅប្រកួតជុំបន្ទាប់។ គួររំលឹកថា កាលពីឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាប់បានទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFC U-23 នេះម្តងហើយ ដោយកាលនោះជួបជាមួយ ចិន, ជប៉ុន និង ហ្វីលីពីន តែមិនមានឱកាសឆ្លងផុតវគ្គនេះឡើយ។
គិតត្រឹមពេលនេះពានរង្វាន់លីគកំពូលរបស់ប្រទេសអូស្ត្រាលី បានធ្វើដំណើរចំនួន២២ប្រកួតមកហើយ ខណៈប្រកួតក្នុងពានរង្វាន់ A-League ជាបន្តក្រុមMelbourne Victoryត្រូវប៉ះក្រុមPerth Glory នៅវេលាម៉ោង៣:៥០នាទីរសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ លើទីលានកីឡដ្ឋាន HBF Park ក្នុងទីក្រុង Perth។ ក្រុម Melbourne Victoryធ្លាក់មកឈរចំណាត់ថ្នាក់លេខ៣ បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១០ ពោលគឺប្រកួតឈ្នះ១២លើក ស្មើគ្នា៥លើកនិងចាញ់៥លើក។
កីឡាករ Keisuke Honda បានចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិបថ្មីនៅប្រទេសអូស្ត្រាលី គឺMelbourne Victoty ខណៈរូបគេធ្លាប់បានរក៣៧គ្រាប់ និងលេងបាន៩៨ប្រកួតឲ្យជម្រើសជាតិជប៉ុន។ រូបគេបានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិក្រោយ 2018 FIFA World Cup នៅប្រទេសរុស្ស៊ី ចប់នៅពេលក្រុមជម្រើសជាតិជប៉ុនធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ៕
Source: Kampuchea Thmey Daily
0 Comments