ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាមដោយស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងបរិវេណវិមានរដ្ឋសភា ក្រោមប្រធានបទ "កុំចាំដល់ពេលមានអាសន្ន ផ្ដល់ឈាមថ្ងៃនេះ សម្រាប់ ខ្លួនអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នក"។
នេះជាលើកទី៦ហើយ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាមដោយស្ម័គ្រចិត្ត ក្រោមអធិបតីភាព លោក មិត្ត ការ៉េន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និង លោក លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
លោក មិត្ត ការ៉េន បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងក្រៃលែងដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលបានចូលរួមបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមនាឱកាសនេះ ដើម្បីទុកផ្តល់ឈាមជួយសង្គ្រោះជីវិតពលរដ្ឋដែលត្រូវការឈាម ជាបន្ទាន់នោះ។ លោកបន្តថា ការផ្តល់ឈាមមានអត្ថប្រយោជន៍សំខាន់ណាស់ អត្ថប្រយោជន៍ចំពោះសង្គមផង ចំពោះប្រជាពលរដ្ឋផង និងចំពោះខ្លួនឯងផង។
លោក លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលផ្តល់ឈាម អះអាងថា ក្នុងមួយថ្ងៃៗមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រើប្រាស់ឈាមពី ១៥០ ទៅ២០០ប្លោក។ ឈាមទាំងអស់បានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ពិសេសយុវជនដែលមានការយល់ដឹងខ្ពស់ពីសារៈសំខាន់ នៃការផ្តល់ឈាមនេះ។ លោកអនុប្រធានមជ្ឈមណ្ឌលផ្តល់ឈាម ក៏បានអំពាវនាវដល់ពលរដ្ឋ ពិសេសយុវជនចូលរួមបរិច្ចាគឈាមឲ្យបានសកម្ម ពីព្រោះគ្មាននរណាម្នាក់ដឹងថា ថ្ងៃនេះ ឬថ្ងៃស្អែក នរណាម្នាក់ត្រូវការ ឈាមនោះទេ បើមានឈាមនៅក្នុងស្តុកគឺអាចជួយសង្គ្រោះជីវិតបានគ្រប់វិនាទី៕
Source: Kampuchea Thmey Daily
0 Comments