អ្នកចាំទី សំរឹទ្ធ សីហា កំពុងតែដែលមានតួនាទីជាគ្រូបង្វឹកផង និង ជាកីឡាករផង នៅក្លិបបាល់ទាត់ណាហ្គាវើល សមាជិកពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០១៩ (Metfone Cambodian League 2019) បានបង្ហើបឲ្យដឹងថា ខ្លួនមានបំណងបន្តដើរលើវិថីបាល់ទាត់ទៅមុខទៀត ក្រោយពេលចូលនិវត្តន៍ ព្រោះជាក្ដីប្រាថ្នាក្នុងជីវិត ហើយចង់ជួយបង្កើតធនធានអ្នកចាំទីសម្រាប់កម្ពុជា។
យោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានស្រង់សម្តីអ្នកចាំទីជើងចាស់រូបនេះថា «មកទល់ពេលនេះ វាជាឆ្នាំទី៣ហើយ ដែលខ្ញុំកាន់តួនាទីគ្រូផងកីឡាករផងនៅណាហ្គា។ ទោះជាវ័យខ្ញុំរាងជ្រេបន្តិចមែន ប៉ុន្តែខ្ញុំនៅអត់ទាន់ចង់ឈប់ចាប់ទេ ព្រោះកម្លាំងនៅមាននៅឡើយ ចាំអស់ពេលណាចាំឈប់ពេលហ្នឹងចុះ។ បើនិយាយពីពេលបញ្ចប់អាជីព គឺ៨០ទៅ៩០ភាគរយហើយ ដែលខ្ញុំចង់ចាប់អាជីពជាគ្រូអ្នកចាំទី ព្រោះតែស្រលាញ់ ហើយចង់ចែករំលែកបទពិសោធដល់ក្មេងៗស្រករក្រោយផង»។
ម្ចាស់ស្រោមដៃមាសលីគកំពូល២០១៨ឲ្យដឹងថា ខ្លួនធ្លាប់បានឆ្លងកាត់វគ្គគ្រូបង្វឹកអ្នកចាំទីដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយភាគីពាក់ព័ន្ធមួយចំនួនដែរដដូចជាវគ្គគ្រូអ្នកចាំទី FIFA Goalkeeper Coaching Course ចំនួន២លើក និង កាន់អាជ្ញាប័ណ្ណគ្រូបង្វឹកបាល់ទាត់កម្រិត C ទ្វីបអាស៊ីផងដែរ។
កីឡាករ សំរឹទ្ធ សីហា បានផ្ដើមអាជីពបាល់ទាត់ដំបូងនៅឆ្នាំ២០០៨ ជាមួយក្រសួងការពារជាតិ មុនផ្លាស់ទៅភ្នំពេញក្រោននៅឆ្នាំ២០១២។ ២រដូវកាលបន្ទាប់ សីហា ចូលលេងឲ្យណាហ្គាក្នុងឆ្នាំ២០១៤-១៥ បន្តទៅក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៦ ហើយកាលដើមឆ្នាំ២០១៧បានចូលរួមជាមួយណាហ្គាវើល ជាថ្មីរហូតមកដល់បច្ចុប្បន្ន៕
Source: Kampuchea Thmey Daily
0 Comments