Ad Code

សម្តេច​តេ​ជោ ៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ពលរដ្ឋ​៩៩,៣ % នៃ​កម្លាំង​ពលកម្ម​ប្រមាណ ១០​លាន​នាក់



ភ្នំពេញ​ ៖ ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ​(១៩១៩-២០១៩ )​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និង ខួប​៥០​ឆ្នាំ (១៩៦៩ -២០១៩) នៃ​សមាជិកភាព​របស់​កម្ពុ​ជា​នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ក្រោម​ប្រធានបទ «​បង្កើន​យុត្តិធម៌​សង្គម​លើកកម្ពស់​ការងារ​សម​រម្យ » កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ក្នុង​អត្រា​៩៩,៣ % នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ១០ លាន​នាក់។



សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​ក្នុង​អត្រា​៩៩,៣ % នៃ​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ១០​លាន​នាក់ រួមមាន​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ជិត ១​លាន ៥​សែន​នាក់​កម្មករ និង​និយោជិត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជិត ២,៤​លាន​នាក់ វិស័យ​កសិកម្ម​ប្រមាណ​ជាង ៤ លាន​នាក់ ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​ចំនួន​ប្រមាណ ១​លាន ២​សែន​នាក់ និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ​ជាង ៥​សែន​នាក់​»។



ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ស្ដីពី​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម មុខរបរ​និង​ការងារ​និង​ការ​គាំពារ​សង្គម ជាពិសេស​ដើម្បី​លើកកម្ពស់​ជីវភាព​សុខុមាលភាព​កម្មករនិយោជិត​និង​ទំនាក់ទំនង​វិជ្ជាជីវៈ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចុះ​ជួប​ផ្ទាល់​ដើម្បី​សំណេះសំណាល​និង​សាកសួរ​សុខទុក្ខ​កម្មករនិយោជិត​គិត​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ មកទល់​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩ គឺ​មាន​រយៈពេល ១៩​ខែ និង ៨​ថ្ងៃ បាន​ចំនួន ៦៦​លើក សរុប​កម្មករនិយោជិត​ចំនួន ៩៥០ ០០០ នាក់ ដែល​តាមរយៈ​នេះ សម្តេច​បាន​រក​ឃើញ​បញ្ហា​ហើយ​បាន​ដាក់ចេញ​នូវ​គោលការណ៍ និង វិធានការ​ជាច្រើន ដែល​បានធ្វើ​និង​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់​ដូចខាងក្រោម​៖
​ទី​១-​អនុវត្ត​គោលនយោបាយ ធានា​ការគោរព​សិទ្ធិ​ការងារ លក្ខខណ្ឌ​ការងារ​ស្របតាម​ច្បាប់​និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ ដែល​កម្ពុជា​បានផ្ដល់​សច្ចាប័ន​។ រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ការអនុវត្ត​សិទ្ធិ​ការងារ​គឺជា​ការអនុវត្ត​សិទ្ធិមនុស្ស​ដោយបាន​ដាក់​ចេញ​នូវ​នយោបាយ​ផ្សាភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ​សហការ​ជាមួយ​គម្រោង​ឃ្លាំមើល​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ន​ជា​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​(ILO-BFC)​ដែល​បង្ហាញ​ពី​ឆន្ទៈ​និង​តម្លាភាព​នៃ​បរិយាកាស​ការងារ​នៅ​កម្ពុជា។



ទី​២-​ផ្ដោត​ការ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​វិជ្ជាជីវៈ តាមរយៈ​បន្ត​យន្តការ​ត្រីភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន​ទាក់ទង​សិទ្ធិ​និង​ផលប្រយោជន៍​របស់​កម្ម​ករ និយោជិត​និង​និយោជក។ ជាក់ស្ដែង​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បង្កើត​ក្រុមការងារ​ត្រីភាគី​បាន​ដោះស្រាយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​បាន​កើនឡើង​ពី ៤០ដុល្លារ​ក្នុង​១​ខែ នា​ឆ្នាំ​១៩៩៧ រហូត ១៨២​ដុល្លារ​ក្នុង​១​ខែ​ក្នុង​ឆ្នាំ ២០១៩ នេះ ហើយ​បាន​បើក​ផ្តល់​ពីរដង​ក្នុង​មួយខែ។

ទី​៣-​បន្ត​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ តាមរយៈ​ការអនុវត្ត​ច្បាប់​ស្តី​ពី​ការងារ​និង​ច្បាប់​ស្ដីពី​សហជីព​។ គិត​មកដល់​ខែធ្នូ ឆ្នាំ​២០១៨ ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​ការ​នៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មាន​ចំនួន ៤៨៣៨ ក្នុង​នោះ​សហជីព​មូលដ្ឋាន​មាន​ចំនួន ៤៦២១ ,​សហព័ន្ធ​សហជីព​មាន​ចំនួន​១៨០ សហភាព​សហជីព​មាន​ចំនួន​២៨ និង​សមាគម​និយោជក​មាន​ចំនួន​៩ ។



​ទី​៤-​ផ្ដោត​ការ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​អនាម័យ​និង​សន្តិសុខ​ការងារ​របស់​កម្មករ​និយោជិត​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​ទាំងអស់​មាន​គិលានដ្ឋាន​សម្រាប់​សង្គ្រោះ​បន្ទាន់​ប្រចាំ​រោងចក្រ មាន​កន្លែង​ហូបបាយ មាន​បន្ទប់​បំបៅ​កូន​និង​មាន​ទារកដ្ឋាន​ដើម្បី​កាត់បន្ថយ​បញ្ហា​ដួលសន្លប់​គ្រោះថ្នាក់​ការងារ បង្កើន​សមត្ថភាព​ក្នុង​ការ​ដឹកជញ្ជូន​និង​ការ​ធ្វើ​ដំណើរ​របស់​កម្ម​ករ​និយោជិត​។​ បន្ត​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ផែនការ​ជាតិ​ស្ដីពី​ការ​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ឆ្ពោះទៅ​ការបញ្ចប់​បេសកកម្ម​កុមារ​នៅ​ឆ្នាំ​២០២៥។



ទី​៥-​បន្ត​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម តាមរយៈ​ការ​អភិវឌ្ឍ​របប​សន្តិ​សុខ​សង្គម ដែល​មក​ទល់​ពេល​នេះ​មាន​សហគ្រាស​គ្រឹះស្ថាន​ជាង ១​ម៉ឺន ជា​សមាជិក​និង​មាន​កម្មករនិយោជិត​និង​មន្ត្រី​សាធារណៈ​១,៥​លាន​នាក់​កំពុង​ទទួល​អត្ថប្រយោជន៍​ទាំងអស់នេះ។ នៅ​ឆ្នាំ២០១៩​នេះ រាជរដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​ដំណើរការ​របប​សោធន​សម្រាប់​កម្មករនិយោជិត​និង​របប​អាហារ​និភ័យ​ការងារ​សម្រាប់​មន្ត្រី​សាធារណ​ព្រមទាំង​រៀបចំ​កិច្ច​សហប្រតិបត្តិការ​របប​សន្តិសុខ​សង្គម​ជាមួយ​ប្រទេស​ដែល​ទទួល​ពលករ​កម្ពុ​ជា។ ជា​មួយ​នេះ រាជរដ្ឋាភិបាល​បាន​អនុវត្ត​គោលនយោបាយ​ឧបត្ថម្ភ​សាច់ប្រាក់​ដែល​កម្មការិនី​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​និង មន្ត្រី​សាធារណៈ​នៅពេល​សម្រាលកូន​មក​ទល់​ពេល​នេះ​កម្មការិនី សរុប ៦៥០០០ នាក់​និង​កូន​ជិត ៦៦ ០០០​នាក់ ដោយ​សរុប​ជា​ទឹកប្រាក់​ជិត ៦,៥​លាន​ដុល្លារ។ ដោយឡែក ចំពោះ​ស្ត្រី​ដែល​មាន​កូនភ្លោះ​៣ បន្ថែម​លើ​ប្រាក់​របស់​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ឧបត្ថម្ភ​បន្ថែម ៥​លាន​រៀល ផងដែរ​។



ទី​៦-​បន្ត​យកចិត្តទុកដាក់​ក្នុងការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដែល​ប្រជាពលរដ្ឋ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​និង​ការបង្កើត​មុខរបរ​ថ្មីៗ។ បន្ត​អភិវឌ្ឍ​សេវា​រក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ការផ្តល់​ព័ត៌មាន​អំពី​តម្រូវការ​ការងារ​រប​ស់​សហគ្រាស​គ្រឹះស្ថាន​ដែល​យុវជន​យុវនារី​កំពុង​ស្វែងរក​ការងារ​ធ្វើ និង​ជួយ​ដល់​សហគ្រាស គ្រឹះស្ថាន​ក្នុងការ​ស្វែងរក​កម្លាំង​ពលកម្ម​តាម​តម្រូវការ​។ ទន្ទឹមនឹង​នេះ បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ពហុភាគី​និង​កិច្ចការពារ​សិទ្ធិ​ពលករ​ទេស​ន្ត​ប្រវេសន៍​កម្ពុជា។

ទី​៧-​បន្ត​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ​អន្តរជាតិ​ខាង​ការងារ។ កន្លងមក​រាជរដ្ឋាភិបាល​បាន​រួមគ្នា​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នៅ​កម្មវិធី​ការងារ​សមរម្យ​ចំនួន ៤​លើក​រួច​មក​ហើយ ចាប់ពី​ឆ្នាំ​២០០៥ ជាមួយ​ដៃគូ​តំណាង​ត្រីភាគ​គី ហើយ​ថ្ងៃនេះ​បន្ទាប់ពី​ពិធី​នេះ​សម្តេច​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ដើម្បី​បន្ត​អនុវត្ត​លើ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​លើក​ទី​៥ ឆ្នាំ​២០១៩-២០២៣ សំដៅ​សម្រេច​យក​ឲ្យ​បាន​នូវ​អាទិភាព​បី​៖ ទី​១-​ការ​លើកកម្ពស់​មុខរបរ​និង​ការងារ​និង​ការ​អភិវឌ្ឍ​សហគ្រាស​ប្រកបដោយ​ចីរភាព។ ទី​២-​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​គាំពារ​សង្គម ព្រមទាំង​សុខភាព​និង​សុវត្ថិភាព​ការងារ និង​ទី​៣-​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សិទ្ធិ​ការងារ។



ទី​៨-​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​លក្ខខណ្ឌ​ការងារ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព​និង​តម្លាភាព​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​សុខដុម​ប​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ​លើកកម្ពស់​គម្រោង​បទដ្ឋាន​សង្គម​និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​ក្នុង​តំបន់​អាស៊ី​(GIZ-SLSG) គម្រោង​គំនិត​ផ្ដួចផ្ដើម​កិច្ចព្រមព្រៀង​សកល​(Global Deal Initiative)​និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត។

គួរ​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​អង្គការ​អន្តរជាតិ​ខាង​ការងារ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​១៩៦៩។ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​ក​ម្ពុ​ជា​ជាមួយនឹង​អង្គការ​អន្តរជាតិ​ខាង​ការងារ​បាន​រីកចម្រើន​ខ្លាំង​ចាប់ពី​ឆ្នាំ​១៩៩២ មកទល់​បច្ចុប្បន្ននេះ ។ កម្ពុជា​ធ្លាប់បាន​ជាប់ឆ្នោត​ជា​សមាជិក​ពេញសិទ្ធិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (Governing Body ) ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ​២០១៧ ហើយ​កម្ពុជា​បាន​ខិតខំ​បំពេញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ទៅតាម​អនុសញ្ញា​ដែល​បានផ្ដល់​សច្ចាប័ន​ព្រមទាំង​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន​ក្នុង​វិស័យ​ការងារ រួមមាន​ការបង្កើត និង​ដោះស្រាយ​ការងារ​ជូន​ប្រជាពលរដ្ឋ ,​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​,​ការអនុវត្ត​សិទ្ធិ​ការងារ​,​ការអនុវត្ត​សេរីភាព​អង្គការ​វិជ្ជាជីវៈ​,​សិទ្ធិសេរីភាព​នៃ​កូដកម្ម​,​ការ​អភិវឌ្ឍ​យន្តការ​ត្រីភាគី​,​ការអភិវឌ្ឍ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​,​ការអនុវត្ត​អនាម័យ​និង​សុវត្ថិភាព​ការងារ​,​កិច្ច​គាំពារ​សង្គម​,​សមភាព​យេនឌ័រ​ក្នុង​វិស័យ​ការងារ​,​ការទប់ស្កាត់​និង​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​,​ការអភិវឌ្ឍ​គោលនយោបាយ​ទេស​ន្ត​ប្រវេសន៍​ការងារ​ដោយ​សុវត្ថិភាព។

សមិទ្ធផល​ទាំងអស់​នេះ​ បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ហើយ​កម្ពុជា​កន្លងមក​ក៏បាន​ចែករំលែក​បទពិសោធន៍​ល្អៗ​ទាំងនេះ​ដល់​ប្រទេស​ជា​មិត្ត​មួយចំនួន​នៅក្នុង​តំបន់​ផងដែរ។

លោក Graeme bukley នាយក​ការិយាល័យ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​កម្ពុជា​ថៃ​និង​ឡាវ បាន​បញ្ជាក់​អំពី​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ ភាពជា​ដៃគូ​មិនអាច​ខ្វះ​បាន​រវាង​កម្ពុជា​និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ក្នុង​រយៈពេល​កន្លងមក​និង​ទៅ​អនាគត។

លោក Graeme bukley បាន​មានប្រសាសន៍ថា ខួប ១០០​ឆ្នាំ នឹង​ផ្តល់ឱកាស​សម្រាប់​យើង​មិន​ត្រឹមតែ​ដើម្បី​ក្រឡេក​មើលទៅ​អតីតកាល​និង​អបអរ​ប្រវត្តិសាស្ត្រ​និង​សមិទ្ធផល​របស់​អង្គការ ILO ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ឱកាស​សម្រាប់​យើង​សម្លឹង​មើលទៅ​ថ្ងៃ​អនាគត និង កំណត់​មាគ៌ា​ដែល​អាច​ផ្តល់​លទ្ធភាព​ឲ្យ​អង្គការ ILO ក្នុងការ​ប្រឈមមុខ​នឹង​បញ្ហា​ថ្មីៗ​ស្រប​ពេលដែល​ឈានចូល​ទៅក្នុង​សតវត្ស​ទី​២១ របស់ខ្លួន​។

​ក្នុងការ​ប្រារព្ធ​ខួប ១០០​ឆ្នាំ នៅ​ឆ្នាំនេះ អង្គការ​អន្តរជាតិ​ខាង​ការងារ​បានដាក់​ចេញ​នូវ “​គំនិត​ផ្តួចផ្តើម​ស្តីពី​អនាគត​នៃ​ការងារ​” ។ គណៈកម្មាធិការ​សកល​ស្តីពី​អនាគត​នៃ​ការងារ​ត្រូវបាន​ប​ង្កើត​ឡើង​នៅ ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ស៊ីជម្រៅ​អំពី​អនាគត​នៃ​ការងារ ដែល​ផ្តល់​មូលដ្ឋាន​ក្នុងការ​វិភាគ​ទៅលើ​ការផ្តល់​យុត្តិធម៌​សង្គម នៅក្នុង​សតវត្ស​ទី​២១​។ ដោយ​សហការ​ជាមួយ​ដៃគូ​នានា​ទាំង​នៅក្នុង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា យើង​នឹង​រៀបចំ​ឲ្យ​មាន​កិច្ចសន្ទនា​ថ្នាក់​ជាតិ​មួយ​នា​ខែក្រោយ​ដើម្បី​ឆ្លុះបញ្ចាំង​ទៅលើ​ការ​កើន​ទ្បើង​នូវ​តម្រូវការ​របស់​និយោជក និង​កម្មករនិយោជិត ការ​ផ្លាស់ប្តូរ​ស្ថានភាព​ការងារ និង​របៀប​ដែល​យើង​អាច​ធ្វើ​ការ​ត្រៀមខ្លួន​ដើម្បី​ប្រឈម​ទៅ​នឹង​អនាគត​នៃ​ការងារ​ក្នុងប្រទេស​កម្ពុជា​។

លោក Graeme bukley បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ ដែល​ឱកាស​នេះ​ជូន​គ្នា​នឹង​ការ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា​លើក​ទី​៥ សម្រាប់​រយៈពេល ២០១៩-២០២៣ ហើយ​សង្ឃឹមថា ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ថ្មី​នេះ​នឹង​មានការ​សម្រប​ខ្លួន​និង​វិវត្តន៍​តាម​មធ្យោបាយ​ប្រកបដោយ​នវានុវត្តន៍ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា ក្នុង​ពេល​អនាគត​ដែល​មិន​មាន​ភាព​ប្រាកដប្រជា​។ កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​នេះ​ឈរ​លើ​សមាជិកភាព​រយៈ​ពេល ៥០​ឆ្នាំ​របស់​កម្ពុជា នៅក្នុង​អង្គការ ILO ហើយនឹង​នាំ​ពួក​យើង​ឆ្ពោះ​ទៅ​កាន់​ទំព័រ​ថ្មី​មួយ​ក្នុង​ដំណើរ​វិវត្តន៍​នៃ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​របស់​អង្គការ ILO ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក និង​កម្មករនិយោជិត​។



កម្មវិធី​ការងារ​សមរម្យ​នេះ​រួមចំណែក​ក្នុងការ​សម្រេច​នូវ​គោលដៅ​អភិវឌ្ឍ​ជាតិ​របស់​កម្ពុជា។ កម្មវិធី​នេះ​គាំទ្រ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ,​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៩-០២៥ និង គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា។ កត្តា​សំខាន់​គឺ​ការ​ផ្សារភ្ជាប់​កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​ជាមួយនឹង​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដើម្បី​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។ ក្នុង​បរិបទ​នេះ អាទិភាព​នឹង​ផ្តោត​ទៅ​លើ​ការអនុវត្ត​គោលដៅ​ទី​៨ ៖ ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន មុខរបរ​ពេញលេញ​ប្រកបដោយ​ផលិតភាព និង​ការងារ​សមរម្យ​សម្រាប់​ប្រជាជន​គ្រប់រូប​។ ការរួមចំណែក​ទាំងឡាយ​ទៅលើ​សូចនាករ​គាំពារ​សង្គម ក្រោម​គោលដៅ​ទី​១ ក្នុង​គោលបំណង​បញ្ចប់​ភាពក្រីក្រ​គ្រប់​ទម្រង់​នៅ​គ្រប់​ទីកន្លែង ក៏មាន​រំលេច​នៅក្នុង​កម្មវិធី​នេះ​ផងដែរ ។ ការងារ​ដែល​យើង​កំពុង​ចាប់​ផ្តើមធ្វើ​ដើម្បី​គាំទ្រ​ដល់​កំណែទម្រង់​ប្រព័ន្ធ​គាំពារ​សង្គម​របស់​កម្ពុ​ជា គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​ភាព​ប្រទាក់ក្រឡា​គ្នា​នៃ​គោលនយោបាយ​មួយ​នេះ​។

​លោក Graeme bukley បន្តថា យើង​ត្រៀមខ្លួន​សហការ​ជាមួយ​អ្នក​ទាំងអស់គ្នា​ក្នុងការ​អនុវត្ត​កម្មវិធី​នេះ​ដើម្បី​លើកស្ទួយ​យុត្តិធម៌​សង្គម​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​ការងារ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប និង​ចូលរួម​អបអរ​ទាំងអស់គ្នា​នូវ​ខួប ១០០​ឆ្នាំ របស់​អង្គការ ILO ពេញ​មួយឆ្នាំ​២០១៩ នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu