សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកយុវជនអាយុក្រោម១៧ឆ្នាំ (U17) និងពានរង្វាន់យុវជនក្រោមអាយុ១៥ឆ្នាំ (U15) និងបាល់ទាត់នារី ប្រចាំឆ្នាំ២០១៨-១៩ ខណៈនៅចុងសប្ដាហ៍នេះនឹងប្រកួតផ្តាច់ព្រ័ត្រស្វែងរកឃើញក្រុមជើងឯកហើយ នៅលើទឹកដីខេត្តឧត្តរមានជ័យ ខណៈពានរង្វាន់បានរៀបចំពិធីបើកតាំងពីដើមធ្នូ ឆ្នាំ២០១៨ មកម្ល៉េះលើទីលានត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ។
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កម្មវិធីប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣១ ខែមីនា នៅលើទឹកដីនៃខេត្តឧត្តរមានជ័យ ទាំង៤ប្រភេទ ពោលគឺយុវជនអាយុក្រោម១៧ឆ្នាំ ១៥ឆ្នាំ និងបាល់ទាត់នារី កម្រិត១ កម្រិត២។ ការប្រកួតធ្វើឡើងនៅទីលានសាកលវិទ្យាល័យឧត្តរមានជ័យ និងវិទ្យាល័យខ្លាកូន។
សម្រាប់ពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំ ឆ្លងកាត់ការប្រកួតជា៣ដំណាក់កាលមកហើយ ស្របពេលដែលក្រុមត្រូវប្រជែងជើងឯក គឺរវាង យុវជនសាលាតម្រង់ទិសខេត្តបាត់ដំបង ត្រូវប៉ះជាមួយ យុវជនសាលាតម្រង់ទិសខេត្តកោះកុង។ សម្រាប់ចំណាត់ថ្នាក់លេខ៣ គឺបានទៅលើសាលាតម្រង់ទិសខេត្តប៉ៃលិន ក្រោយយកឈ្នះ លើសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ។
ចំណែកពានរង្វាន់យុវជនអាយុក្រោម១៧ឆ្នាំវិញ ប្រកួតបាន៣ដំណាក់កាលមកហើយដែរ ខណៈក្រុមដែលត្រូវប្រជែងជើងឯក គឺរវាង យុវជនសាលាតម្រង់ទិសខេត្តកណ្ដាល ត្រូវប៉ះជាមួយ យុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង។ សម្រាប់ចំណាត់ថ្នាក់លេខ៣ គឺបានទៅលើសាលាតម្រង់ទិសខេត្តឧត្តរមានជ័យ ក្រោយយកឈ្នះ លើសាលាតម្រង់ទិសខេត្តក្រចេះ នៅវគ្គដណ្ដើមយកលេខ៣។
ចំណែកការប្រកួតបាល់ទាត់នារី ដែលមាន២កម្រិតក៏ប្រើពេលជម្រុះ៣វគ្គដែរហើយសម្រាប់កម្រិតទី១ ក្រុមដែលត្រូវប្រជែងជើងឯកគឺរវាង ខេត្តស្វាយរៀង ត្រូវប៉ះប្រកួតជាមួយ ខេត្តសៀមរាប ខណៈកម្រិតទី២ គឺ ខេត្តកំពង់ចាម ត្រូវប្រជែងជាមួយ ខេត្តកណ្ដាល។ក្រុមចំណាត់ថ្នាក់លេខ៣ ក៏បានរកឃើញផងដែរ សម្រាប់កម្រិតទី១ បានទៅលើខេត្តបាត់ដំបង ស្របពេលកម្រិតទី២ បានទៅលើខេត្តកំពង់ស្ពឺ ក្រោយយកឈ្នះ ខេត្តក្រចេះ។
នេះជាឆ្នាំទី២ ដែលពានរង្វាន់ដដែលនេះ រៀបចំឡើងវិញដែលជាគោលដៅរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងទិសដៅដើម្បីត្រៀមខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ យ៉ាងណាក្តីក្រុមដែលបានចូលរួមគឺមានតំណាងរាជធានី-ខេត្ត នឹងមានក្រុម១ចូលរួមជាដាច់ខាតដូចឆ្នាំកន្លងទៅ ដែលចេញពីថ្នាលនៃសាលាតម្រង់ទិសប្រចាំរាជធានី-ខេត្តនីមួយៗ។ សម្រាប់កម្មវិធីប្រកួតបន្តនឹងធ្វើឡើងនៅចុងខែធ្នូ ខាងមុខនេះដោយមានតាមការកំណត់របស់សហព័ន្ធរួចរាល់លើ៤ពានរង្វាន់ផ្សេងគ្នានេះ។
គួររំលឹកដែរថាកាលពីរដូវកាល២០១៧-២០១៨ កន្លងទៅសម្រាប់ពានយុវជនអាយុក្រោម១៦ឆ្នាំ (U16) ចំណាត់ថ្នាក់ជើងឯកបានទៅក្រុមសាលាបាល់ទាត់ជាតិបាទី ជើងឯករងបានទៅខេតេ្តស្វាយរៀង និងលេខ៣ បានទៅក្រុមខេត្តកោះកុង។ ចំពោះពានយុវជនអាយុក្រោម១៤ឆ្នាំ (U14) វិញ ចំណាត់ថ្នាក់ជើងឯកបានទៅក្រុមខេត្តព្រៃវែង ហើយក្រុមជើងឯករងបានទៅខេត្តកោះកុង ខណៈក្រុមចំណាត់ថ្នាក់លេខ៣ បានទៅក្រុមខេត្តកំពង់ស្ពឺ។ ដោយឡែកពានរង្វាន់បាល់ទាត់នារី ជើងឯកបានទៅក្រុមខេត្តបាត់ដំបង ជើងឯករងបានទៅលើខេត្តកំពង់ស្ពឺ និងលេខ៣បានទៅក្រុមខេត្តកំពង់ឆ្នាំង៕
Source: Kampuchea Thmey Daily
0 Comments