Ad Code

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​នឹង​រៀបចំ​ការប្រកួតប្រជែង​កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ​២០១៩



ភ្នំពេញ​ ៖​ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​សហការ​ជាមួយ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​មេគង្គ​នឹង រៀបចំ​ការប្រកួតប្រជែង​កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ​២០១៩​ដើម្បី​លើកទឹកចិត្ត​ដល់​បណ្តា​សហគ្រិន​វ័យក្មេង​កម្ពុជា​ឲ្យ​មាន​ឱកាស​ចូលរួម​បង្ហាញ​ពី​សមត្ថភាព​និង​ចែករំលែក​នូវ​ភាព​ជោគជ័យ​ជា​លក្ខណៈ​ថ្នាក់​ជាតិ​។



​ការប្រកួតប្រជែង​កម្មវិធី​ពានរង្វាន់​លើក​ទី​៥​នេះ​ បាន​ចាប់​ផ្តើម​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃទី ២៤ ខែមីនា​ដល់​ថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៩​ ហើយ​ការប្រកាស​លទ្ធផល​វគ្គ​ជម្រុះ​វគ្គ​ទី​១​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ ​ខែឧសភា​ ឆ្នាំ​២០១៩ ​បន្ទាប់មក​នៅ​ថ្ងៃទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៩ ​ប្រកួត​ជ្រើសរើស​ចំរាញ់​យក​បេក្ខជន​ចំនួន​១៥​នាក់​និង​ប្រកាស​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃទី​១៤​ ខែកក្កដា ឆ្នាំ​២០១៩​។



ការប្រកួតប្រជែង​នេះ​បាន​ចូលរួម​យ៉ាង​ខ្លាំង​នៅក្នុង​ការ​លើក​កម្ពស់​ឲ្យ​សហគ្រិន​កម្ពុជា​មាន​ភាព​ក្លាហាន​ និង ទំនុកចិត្ត​ក្នុង​ការ​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត ការ​តស៊ូ​ប្រឹងប្រែង​រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​។ ក្រៅ​ពី​នេះ កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​អោយ សហគ្រិន​វ័យក្មេង​កម្ពុជា​ពាំនាំ​អាជីវកម្ម​របស់​ខ្លួន ដើម្បី​យក​ទៅ​ប្រកួតប្រជែង និង​ដណ្តើម​យក​ពានរង្វាន់​ផ្សេងទៀត​លើ​ឆាក​អន្តរជាតិ​ផងដែរ​។



លើស​ពី​នេះ​ទៅ​ទៀត សហគ្រិន​នឹង​ទទួល​បាន​ឧត្តមភាព​នៅក្នុង​ការស្វែងរក​ដៃគូ​អាជីវកម្ម ឬ អ្នកវិនិយោគ ទាំង​ក្នុង និង​ក្រៅប្រទេស ដែលជា​ផ្នែក​មួយ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​ ការប្រកួត​ឆ្នាំនេះ​នឹង​មាន​ការ​ចុះ​ទៅ​ធ្វើការ​ទស្សនា​ផ្ទាល់​នូវ​ទីតាំង​អាជីវកម្ម​នីមួយៗ​របស់​សហគ្រិន​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់​ផងដែរ​។​ បន្ទាប់​មក​ទៀត សហគ្រិន​នឹង​ត្រូវ​ជួប​ជាមួយនឹង​គណៈកម្មការ​នៅក្នុង​បន្ទប់​នីមួយៗ​ទៅតាម​មុខជំនាញ និង​ផ្នែក​ផ្សេងៗ​ដែល​ក្រុមការងារ​បាន​រៀបចំ ដើម្បី​ធ្វើការ​វាយតម្លៃ​ស៊ីជម្រៅ និង​ដាក់​ពិន្ទុ​ទៅលើ​អាជីវកម្ម​របស់​បេក្ខជន​ដែលជា​សហគ្រិន​ទាំងអស់​ឲ្យ​កាន់តែ​មា​នភា​សុ​ក្រឹត្យ និង​យុត្តិធម៌​។



កម្មវិធី​ពានរង្វាន់​សហគ្រិន​វ័យក្មេង​ឆ្នាំ​២០១៩​នេះ ក៏​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៅដល់​សហគ្រិន​វ័យក្មេង​នៅក្នុង​ខេត្ត​ចំនួន៥​បន្ថែមទៀត​ រួមមាន​ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និង​កំពត​។ ការ​ផ្សព្វផ្សាយ​នេះ​ក៏​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​លើកទឹកចិត្ត​ឲ្យ​សហគ្រិន​វ័យក្មេង​នៅ​តាម​ខេត្ត​មាន​ឱកាស​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​។



ចំពោះ​លក្ខខណ្ឌ នៃ​ការប្រកួតប្រជែង គឺ​បេក្ខជន ត្រូវ​មាន​អាយុ​ចាប់ពី ១៨ ដល់ ៤៥​ឆ្នាំ អាជីវកម្ម​ត្រូវ​បាន​បង្កើត​ដំបូង​នៅ​ប្រទេស​កម្ពុជា និង មាន​ភាគហ៊ុន​យ៉ាងតិច​៥១​ភាគរយ គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ​។ ​អាជីវកម្ម​ត្រូវ​ចុះបញ្ជី​ការត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ និង មាន​ដំណើរការ​យ៉ាងតិច​២​ឆ្នាំ​។​ អាជីវកម្ម​ត្រូវ​មាន​បុគ្គលិក​អចិន្ត្រៃយ៍​យ៉ាងតិច​៥​នាក់​។ ​សហគ្រិន​/​អាជីវកម្ម​មិនត្រូវ​បាន​ពាក់ព័ន្ធ​ជាមួយ​គណៈកម្មការ​ជ្រើសរើស និង ក្រុម​អ្នករៀបចំ​កម្មវិធី និង​មិនត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu