អាជ្ញាកណ្ដាល-ចៅក្រមប្រដាល់សាកលចំនួន៤០រូប ដែលក្នុងនោះមាន២រូបជានារីផងនោះបានឆ្លងកាត់វគ្គបណ្តុះបណ្ដាលដោយគ្រូជនជាតិថៃ មកពីសហព័ន្ធប្រដាល់ស្ម័គ្រចិត្តអន្តរជាតិAIBA (Ama teur International Boxing Association) គឺលោកChampahom Chattuchai ដែលជាគ្រូកម្រិតផ្កាយ ២ ។
វគ្គសិក្សាដែលមានរយៈពេល៣ថ្ងៃពីថ្ងៃទី២៦ដល់២៨ធ្នូនោះ សិក្ខាកាមបានសិក្សាលម្អិតពីបទបញ្ជាបច្ចេកទេសប្រកួតជា លក្ខណៈអន្តរជាតិ។ បទបង្ហាញពីការរៀបចំសង្វៀន និងតួនាទីរបស់មន្ត្រីបច្ចេកទេសនៅក្នុងទីលានប្រកួតបទបង្ហាញស្ដីពីនីតិវិធីនិងដំណើរការនៃការវិនិច្ឆ័យ និងផ្ដល់ពិន្ទុរបស់អាជ្ញាកណ្ដាល-ចៅក្រម។ បទបង្ហាញពីតួនាទីរបស់អាជ្ញាកណ្ដាលនៅក្នុងសង្វៀន។
ជាមួយនឹងការអនុវត្តន៍ជាក់ស្ដែងរបស់អាជ្ញាកណ្ដាលដើម្បីឲ្យគ្រូកែកំហុសនោះគ្រូក៏បានធ្វើបទបង្ហាញពីនីតិវិធីនៃដំណើរការ និងបទបញ្ញត្តិនៃការថ្លឹងទម្ងន់ សម្រាប់កីឡាករ-កីឡាការិនីត្រៀមចូលរួមប្រកួត ការអនុវត្តន៍ជាក់ស្ដែងស្ដីពីការបង្ហាញសញ្ញាព្រមានរបស់អាជ្ញាកណ្ដាលចំពោះកីឡាករដែលមានកំហុសបន្ទាប់ពីឆ្លងកាត់វគ្គសិក្សា ដែលមានការធ្វើតេស្តនេះមកគេសង្កេតឃើញថា មានសិក្ខាកាម២រូបស្មើនឹង៦ភាគរយ បានទទួលនិទ្ទេសល្អណាស់១៣រូបស្មើនឹង៣៧ភាគរយបាននិទ្ទេសល្អ ១៤រូបស្មើនឹង៤០ភាគរយបាននិទ្ទេសមធ្យមនិង៦រូបស្មើនឹង១៧ភាគរយបាននិទ្ទេសខ្សោយ។
លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាបានអះអាងថា ចាប់ពីពេលនេះទៅអ្វីៗត្រូវធ្វើតាមស្ដង់ដារបស់AIBA ព្រោះកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣៕
Source: Kampuchea Thmey Daily
0 Comments