ភ្នំពេញ ៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ មីនានេះ បានអនុញ្ញាតឲ្យ លោកស្រី Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចូលជូនសារតាំង និង សម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។
ក្នុងជំនួបនេះ លោកស្រី Ana Lucy Gentil Cabral Petersen ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានថ្លែងអំណរគុណសម្ដេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអនុញ្ញាតឲ្យលោកស្រី បានចូលជូនសារតាំង និង សម្តែងការគួរសម។
លោកស្រីAna Lucy Gentil Cabral Petersen បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលនេះ គឺជាលើកទី១ហើយ ដែលលោកស្រី ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅអាស៊ី ជាពិសេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកស្រីមានសេចក្តី សង្ឃឹមថា លោកស្រីនឹងមានឱកាស ស្វែងយល់បន្ថែមទៀត អំពីប្រទេសកម្ពុជា បើទោះបីជាប្រទេសកម្ពុជានៅឆ្ងាយពីប្រទេសប្រេស៊ីលយ៉ាណាក៏ដោយ ក៏ប្រទេសកម្ពុជាស្ថិតក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋប្រេស៊ីល។
លោកស្រីAna Lucy Gentil Cabral Petersen បានសន្យាថា នឹងខិតខំប្រឹងប្រែងពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និង ប្រទេសទាំងពីរ។
ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សម្ដេច វិបុលសេនាភក្តី សាយ ឈុំ បានសម្ដែងនូវការស្វាគមន៍ដ៏កក់ក្ដៅជាទីបំផុត ដែលលោក រដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល តែងតាំងលោកស្រីAna Lucy Gentil Cabral Petersen ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំ ព្រះរាជាណាចក្រកម្ពុជា។
សម្ដេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី មានជំនឿជឿជាក់ថា ក្នុងឋានៈលោកស្រី ជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី នឹងបន្តខិតខំពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់តែទូលំទូលាយ ដើម្បីជាគុណប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្ដេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយ ដោយបានមើលឃើញទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្តបន្ទាប់។
សម្ដេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកស្រីឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈានឡើង កម្រិតថ្មីមួយទៀត ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទៅវិញទៅមក។
តាមរយៈ លោកស្រីឯកអគ្គរដ្ឋទូត សម្ដេចវិបុលសេនាភក្តី ប្រមុខរដ្ឋស្តីទី បានពាំនាំនូវព្រះរាជ បណ្តាំសួរសុខទុក្ខ សេចក្តីគោរព និងសេចក្តីនឹករលឹកអំពី ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្ដម ប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments