ភ្នំពេញ ៖ តារាសម្ដែងប្រុសកម្សត់ ធ្លាប់មានប្រវត្តិចេញមកពីក្មេងដើរលក់នំតាមផ្សារ ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ថ្មីៗនេះ បានបង្ហើបប្រាប់ពីគម្រោងហក់ចូលលើមុខជំនួញរកស៊ីលើផ្នែកអចលនទ្រព្យដោយគ្រោងពុះដីឡូត៍លក់ជាច្រើនហិកតា នៅជាយក្រុងបាត់ដំបង ដែលជាដីត្រូវប៉ាន់ អាចទិញទុកសម្រាប់ចំណេញនាពេលអនាគត។
តារាប្រុសដែលកំព្រាឪពុកតាំងពីនៅផ្ទៃម្ដាយ លោក ស៊ីណា វ៉ាត់ត្រា បាននិយាយប្រាប់ឲ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនថា មូលហេតុដែលនាំឲ្យលោកចាប់អារម្មណ៍លើមុខជំនួញអចលនទ្រព្យ(លក់ដីឡូត៍)នៅពេលនេះ ដោយសារមានការជំរុញ និងលើកទឹកចិត្តទាំងស្រុងពីបងធម៌ម្នាក់ ដែលធ្លាប់ធ្វើការ និងរាប់អានគ្នាជាង៧ឆ្នាំមកហើយ គឺ លោក សឿប ស៊ីណាត។
លោកបន្តថា លោក សឿប ស៊ីណាត បានផ្ដល់ទំនុកចិត្តដល់លោកហើយ ទោះជាដំណាក់កាលដំបូងលោកមិនទាន់បានដាក់ភាគហ៊ុនចូលជាមួយបងធម៌ក៏ពិតមែន…។
តារាសម្ដែងប្រុស លោក ស៊ីណា វ៉ាត់ត្រា ក៏បានអះអាងពីការតាំងចិត្តដែរថា ខ្លួននឹងធ្វើជាអ្នកផ្សព្វផ្សាយឲ្យដីឡូត៍របស់បងធម៌ចិត្តធម៌ឲ្យទទួលបានជោគជ័យ ទៅតាមអ្វីដែលក្រុមហ៊ុនចង់បាន ព្រោះនេះជាការបើកគម្រោងលក់ដីឡូត៍ថ្មីទី២ ដែលមានទីតាំងនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ខេត្តបាត់ដំបង។
លោកបន្តថា ខ្ញុំត្រូវតែឆក់ឱកាសនេះឲ្យបាន ព្រោះខ្លួនក៏មានស្រុកកំណើតនៅខេត្តបាត់ដំបងដែរអញ្ចឹងអាចធ្វើឲ្យអតិថិជនទាំងឡាយកាន់តែមានទំនុកចិត្តថែមទៀត។
ចំពោះគម្រោងថ្មីនេះ គឺ អតិថិជនអាចទិញផ្ដាច់ ក៏បានចង់បង់រំលោះ ក៏បានហើយធានាប្លង់រឹង និងមិនមែនជាដីរបស់រដ្ឋ ឬសម្បទានឡើយ។ តារាសម្ដែង ស៊ីណា វ៉ាត់ត្រា បានលេចមុខចុងក្រោយក្នុងMVបទ អូនដឹងរបស់តារាចម្រៀង ធា រ៉ានី ដែលបទនេះ មានអ្នកចូលទស្សនាជាច្រើន ហើយក្នុងពេលឆាប់ៗនេះ លោកគ្រោងថតMVថ្មី បទ ចាំផ្លូវសង្សារ របស់តារា ចម្រៀង សុវណ្ណ មយូរ៉ា ជាដើម៕
Source: Kampuchea Thmey Daily
0 Comments