Ad Code

ផ្ដើម​ពី​ការ​ជំពាក់​លុយ ​ទារ​យក​ក្រដាស​សង​ ឈាន​ដល់​ហិង្សា​ប្លន់​យក​ទ្រព្យសម្បត្តិ



កណ្ដាល ​៖​ ស្ត្រី​កម្មករ​រោងចក្រ​ម្នាក់​ ​​ត្រូវ​​បាន​កម្លាំង​នគរបាល​ចាប់​ខ្លួន​ពាក់ព័ន្ធ​អំពើ​ហិង្សា ​ប្លន់​យក​ទ្រព្យសម្បត្តិ​ (​លួច​ មាន​ស្ថាន​ទម្ងន់​ទោស​)​ ដោយសារ​ការ​ខឹង​ភាគី​ម្ខាង​ទៀត​ មិន​ព្រម​ឲ្យ​ក្រដាស​ទូទាត់​សង​លុយ​រួចហើយ​មក​ខ្លួន។

ចំណែក​ភាគី​ដែល​ព្យាយាម​មិន​ព្រម​ឲ្យ​ក្រដាស​សង​លុយ ​រងរបួស​ជា​ទម្ងន់ ​ត្រូវបាន​ក្រុមគ្រួសារ​ចាត់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ។

អំពើ​លួច មាន​ស្ថាន​ទម្ងន់​ទោស​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃទី​២៦ ខែ​មីនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​០៩​និង​៣០​នាទី ​ត្រង់​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ ឈ្មោះ ​កៃ គឹម​ឡាង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ​(​រង​របួស​)​ រស់នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។ ជនសង្ស័យ​ ឈ្មោះ​ម៉ិច ទីណា ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ​(​ឃាត់ខ្លួន​) មាន​ទីលំនៅ ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។

នគរបាល​បញ្ជាក់​ថា ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​នេះ​ សម្ភារៈ​បាត់បង់​មាន​រួមមាន ប្រាក់​៤.០០០​ដុល្លារ ខ្សែក​១​ខ្សែ ចិញ្ចៀន​០១​វង់​ និង ​ប្រាក់​រៀល​០១​លាន​រៀល​។ រីឯ​វត្ថុតាង​ចាប់យក​ ៖
១.​ប្រាក់រៀល​៣៦៧.៣០០​រៀល​​
២.​ខ្សែក ដាច់ ចំនួន​០១​ខ្សែ​ ដែល​មាន​បន្តោង​រូប​បេះដូង​ចំនួន​០១​​
៣.​ចិញ្ចៀន​ដាំ​ត្បូង​ចំនួន​០១​វង់​​
៤.​ខោ​ក្រណាត់ ​ពណ៌​លឿង ​មាន​ប្រឡាក់​ឈាម០១​​
៥.​អាវ​ក្រឡា​ការ៉ូ សលាយ​ខ្មៅ​០១​​
៦.​ក្រមា​ ពណ៌​ត្រួយ​ចេក​លាយ​ក្រហម​០១​​
៧.​កាត​ សម្រាប់​បញ្ចូល​លុយ​របស់​ក្រុម​សែ​ល​កាត​២៣​ដុល្លារ​ ស្មា​ត​៤០​ដុល្លារ​ មិត្ត​ហ្វូ​ន​០៦​ដុល្លារ​។​

នៅ​ថ្ងៃទី​២៦ ខែ​មីនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨​និង​៣០​នាទី ជន​សង្ស័យ​ បាន​ដើរ​ចេញ​ពី​ផ្ទះ​មក​ទិញ​ជី​ស្លឹក​ខ្ទឹម​ នៅផ្ទះ​យាយ​ធំ ក្រោយពី​ទិញ​រួច ជនសង្ស័យ​បាន​ដើរ​ចូល​មក​ក្នុង​ផ្ទះ​​​ជនរងគ្រោះ​សួរនាំ​ពី​រឿង​ក្រដាស ​ជំពាក់​លុយ​ថា ​៖ (​ក្រដាស​ជំពាក់​មុន ​ខ្ញុំ​សង​ប្រាក់​រួច ម៉េច​មិន​ឲ្យ​ខ្ញុំ​) ជនរងគ្រោះ​ឆ្លើយ​ថា ​៖ (​អញ​អត់​ឲ្យ​ទេ ម៉េច​ខ្លាច​អញ​ទារ​លុយ​ទៀត​មែន​) ជនសង្ស័យ​ឆ្លើយ​ថា​ ៖(​អ៊ំ​ឯង​ច្រើនតែ​វង្វេង​) ប៉ុន្តែ​ជន​រងគ្រោះ​នៅតែ​មិន​ឲ្យ​ក្រដាស​ខ្ចី​ប្រាក់​មក​ជន​សង្ស័យ​ទេ ហើយ​ជន​សង្ស័យ​ក៏មាន​ការ​អន់ចិត្ត​ ដើរមក​ផ្ទះ​យក​ជី ខ្ទឹម​ទុក​។​

លុះដល់​វេលា​ម៉ោង​០៩​និង​៣០​នាទី ​ជនសង្ស័យ បាន​ដើរ​ទៅវិញ​តែ​ម្នាក់ឯង​ចូល​ផ្ទះ​ជនរងគ្រោះ និង​ជួប​ជនរងគ្រោះ​ទារ​ក្រដាស​ជំពាក់​លុយ​មុន​ ដែល​បាន​សង​រួចមក​ ហើយ​ខ្លាចក្រែង​ជនរងគ្រោះ​ទារ​ទៀត ប៉ុន្តែ​ជនរងគ្រោះ​មិន​ឲ្យ បែរជា​ទារ​ប្រាក់​ទើប​ខ្ចី​ថ្មី​ទៅវិញ ពេលនោះ​ក៏​មាន​ជជែក​គ្នា ហើយ​ជន​រងគ្រោះ​ក៏​ដើរ​ចូលមកក្នុង​បន្ទប់។ ចំណែក​ជនសង្ស័យ ​ក៏​ដើរមក​តាម​ក្រោយ ដោយ​ខឹង​ជនរងគ្រោះ​និយាយ​ទារលុយ​ដដែលៗ​ ទប់ចិត្ត​មិនបាន​ស្ទុះ​ច្រាន​ជនរងគ្រោះ​ផ្ទប់​ជញ្ជាំង​ថ្ម បណ្តាល​ឲ្យ​ដួល​ទៅ​លើ​ឥដ្ឋ ហើយ​ជនរងគ្រោះ​ស្រែកថា​ ៖ (​ងែង​ធ្វើ​អីចឹង​)​ ភ្លាម​នោះ​ ជន​សង្ស័យ បាន​ចាប់​សក់​ក្បាល​បោក​ទៅលើ​ថ្ម ចំនួន​ពីរដង​ថែមទៀត បណ្តាល​ឲ្យ​ជនរងគ្រោះ​សន្លប់​ ជនសង្ស័យ​យក​ក្រមា​ពណ៌​ប៉ៃតង​ខៀវ​ មក​ចង​រឹត​.ក​ ជនរងគ្រោះ​បន្ថែមទៀត ដោយ​នឹកស្មានថា​ជនរងគ្រោះ​ស្លាប់ ជនសង្ស័យ​បាន​ដកយក​កាបូប​លុយ​ស្ពាយ​ពណ៌​ខ្មៅ​ពី​ជនរងគ្រោះ ហើយ​លូក​យកលុយ​ពី​ក្នុង​កាបូប​នោះ​ដាក់​ក្នុង​ថង់​ខ្មៅ ហើយ​បោះ​កាបូបស្ពាយ​នោះ​ចោល មូលហេតុ​ដោយ​ឆ្កែ​ព្រុស​ពេក បន្ទាប់មក​ជនសង្ស័យ​ ក៏​ដើរ សសៀរ​តាម​មុខ​ផ្ទះ​។​ ក្រោយពី​កើតហេតុ រួច ប្តី​ជន​រង​គ្រោះ​បានមក​ផ្ទះកើតហេតុ ឃើញ​ប្រពន្ធ ដេក​សន្លប់​នៅលើ​ថ្ម ក្នុង​បន្ទប់ ដោយមាន​ក្រមា​ចង​រឹត.​ក​ ថែមទៀត ប្តី​ជនរងគ្រោះ​ ក៏​ស្រាយ​ក្រមា​ចេញ​ជន​រងគ្រោះ​ក៏​ដឹងខ្លួន​វិញ ដោយនិយាយ​ប្រាប់ថា ទីណា​អ្នក​វាយ ឮ​ដូច្នេះ ​ក៏​ទូរស័ព្ទ​ប្តឹង​មក​សមត្ថកិច្ច​ប៉ុស្តិ៍ រួចមក​ប៉ុស្តិ៍​បានមក​ដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ម៉ិច ទីណា​ មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ជនរងគ្រោះ​ប្លន់​យក​ប្រាក់​ពិតប្រាកដ​មែន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu