កំពង់ឆ្នាំង ៖ ព្រះសង្ឃមួយអង្គបានសុគតភ្លាមៗបន្ទាប់ពីព្រះអង្គបានឡើងលើដើមអំពិលមួយដើមកំពស់ជាង១០ម៉ែត្របេះយកផ្លែបានធ្លាក់មកដី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងវត្តបល្ល័ង្ក ក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ។
ញោមព្រះសង្ឃរងគ្រោះបានឲ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម នូ ធីតា ព្រះជន្ម២៥ព្រះវស្សា មានស្រុកកំណើតនៅភូមិទព័ត្បែង ឃុំពង្រ ស្រុករលាប្អៀរ ព្រះអង្គបួសបាន៤វស្សា និងបានគង់រៀនធម៌អារនៅក្នុងវត្តបល្ល័ង្កនេះ។ ញោមលោកបាននិយាយឲ្យដឹងទៀតថា លោកធ្លាប់មានជំងឺស្កន្ទ ពេលធ្វើទុក្ខម្តងៗតែងតែប្រកាច់ជាច្រើនម៉ោង ហើយការធ្លាក់ពីលើដើមអំពិលនេះសុគត ប្រហែលជាជំងឺស្កន្ទធ្វើទុក្ខ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុក្នុងវត្តមានធ្វើពិធីបុណ្យ ប្រហែលជាលោកឃើញអ្នកស្រុកមកធ្វើម្ហូបបុណ្យខ្វះអំពិល ទើបលោកឡើងដើមអំពិលកំពស់ជា១០ម នៅក្នុងវត្តបេះផ្លែឲ្យអ្នកភូមិ ហើយចៃដន្យក៏បានធ្លាក់ពីចុងអំពិលមកដីសុគតភា្លមៗតែម្តង។
ព្រះសពព្រះសង្ឃរងគ្រោះ ត្រូវបានញោមញាតិរបស់លោកតម្កល់ក្នុងវត្តបល្ល័ង្កធ្វើបុណ្យទានតាមប្រពៃណីសាសនា ក្រោមការសោកស្ដាយយ៉ាងខ្លាំងពីក្រុមគ្រួសាររបស់ព្រះអង្គ។ ជីវិតសត្វលោកគឺមិនទៀងឡើយ តែទៀងនឹងស្លាប់ គឺមិនអាចគេចផុតពីសេចក្តីស្លាប់បានឡើយ គ្រាន់តែមុននិងក្រោយតែប៉ុណ្ណោះ៕
( ឈៀង ថារិទ្ធ )

0 Comments