ភ្នំពេញ ៖ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញបានមានប្រសាសន៍ថា លោកនឹងជំរុញណែនាំដល់មន្ត្រីជំនាញរបស់លោកឲ្យចុះមកតាមមូលដ្ឋានភូមិ/សង្កាត់នានា ស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណ គឺត្រូវធ្វើជូនពួកគាត់នៅទីនោះតែម្តង។
លោកអធិការបានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពិធីចែកអត្តសញ្ញាណប័ណ្ណជូនប្រជាជនចំនួន១២៦៤នាក់ នៅឯទីស្នាក់ការសាលាសង្កាត់ទឹកថ្លា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលរៀបចំឡើងដោយសាលាខណ្ឌសែនសុខ។
តាមរបាយការណ៍សង្ខេបរបស់លោកដែលបានឡើងរាយការណ៍ជូនគណៈអធិបតីនៅក្នុងពិធីនោះ ក៏ដូចជាផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានដឹងផងដែរបានលើកឡើងថា ពាក់ព័ន្ធការធ្វើសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ លោកបានជំរុញឲ្យមន្ត្រីនគរបាលជំនាញរបស់លោកយកចិត្តទុកដាក់ចំពោះការងារនេះឲ្យបានល្អ ហើយបានប្រាប់ជូននូវលេខទូរស័ព្ទរបស់លោកផ្ទាល់ គឺលេខ០៧៨ ៩២៦ ៩២៦ជូនដល់ប្រជាជនដែលនៅទីនោះបានដឹង ដោយបញ្ជាក់ថាបើមន្ត្រីប៉ូលិសណាម្នាក់មិនបម្រើការងារជូន សូមឲ្យទូរស័ព្ទមកប្រាប់លោកភ្លាម ដើម្បីលោកជួយសម្រួលជូន។
លោកបន្តថា ចំពោះការងារធ្វើអត្តសញ្ញាណប័ណ្ណវិញ នៅទូទាំងខណ្ឌបានចំនួន២៣.៤៥៤នាក់ ក្នុងនោះបុរសមាន៩.២៣២នាក់។ ប្រជាជននៅសង្កាត់ទឹកថ្លាចែកជូន៦ដងមកហើយ មាន ចំនួន៧.៦៧៥នាក់ បុរសចំនួន៣.៥៦០នាក់ ហើយបានកំពុងចែកជូននៅពេលនេះចំនួន១.២៦៤នាក់បន្ថែមទៀត។
លោកអធិការបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីលោកស្នងការរាជធានីបានជំរុញណែនាំឲ្យមន្ត្រីជំនាញត្រូវចុះធ្វើការតាមភូមិ/សង្កាត់នានា ស្រាវជ្រាវរកប្រជាពលរដ្ឋណាដែលគាត់ពុំទាន់ធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវធ្វើជូនពួកគាត់នៅទីនោះតែម្តង ហើយយើងនឹងអនុវត្តការងារនេះជូនប្រជាពលរដ្ឋ៕
សឿន

0 Comments