ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានរួចនាំស្វាគមន៍ពីបីជើងម្នាក់មុននិងប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍រដ្ឋបាលប៉ុស្តិ៍ទួលសង្កែ បន្ទាប់ពីជនសង្ស័យនោះធ្វើសកម្មភាពលួចម៉ូតូគេមិនបានសម្រេច កាលពីវេលាម៉ោង១៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចម្តុំផ្សារតូច(ផ្សារទួលសង្កែ) ផ្លូវលេខ៩០១ ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ន ដា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅសេរី2012 ពាក់ស្លាកលេខភ្នំពេញ1BE1382 ដែលត្រូវជនសង្ស័យលួចយកមិនបានសម្រេចនោះមានឈ្មោះ លាស ឡៃហៀក ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរនៅផ្ទះជួលផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូទៅទិញម្ហូបនិងឥវ៉ាន់នៅផ្សាទួលសង្កែ ដោយបញ្ឈរម៉ូតូទុកនៅក្បែរតូបលក់ឥវ៉ាន់ ដោយមិនបានដកសោម៉ូតូចេញនោះទេ ហើយក៏បញ្ជូនឥវ៉ាន់ដាក់ម៉ូតូ ពេលនោះជនសង្ស័យឃើញឱកាសល្អក៏ឡើងជិះបានបន្តិចស្ត្រីរងគ្រោះឃើញស្រែកថា ចោរៗហើយក៏ត្រូវប្រជាពលរដ្ឋចាប់ស្វាគមន៍ម្នាក់មួយដៃមួយជើងទ្បើងទ្រមខ្លួន ហើយប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ឌីរៀ

0 Comments