Ad Code

ជ័យ ប៊ុន​សង់​ ជួប​ ឆាយ​មាស និង​ម៉ាត់​ ឆ្វេង​ ជួប ​អាន ​មុន្នី​ ឯ​ហេង វាសនា ជួប ឃីម សា​វ៉េ​ត​នៅ​SEA-TV​

ភ្នំពេញ ៖ ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លិប​គី​សែន​មាន​រិ​ទ្ធ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ជើងចាស់ ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង នា​យប់​ថ្ងៃអាទិត្យ​ ទី​០៨ ខែកុម្ភៈ​នេះ នៅ​លើ​សង្វៀន​SEA-TV​។ ពីរ​នាក់​នេះ​មិន​ធ្លាប់​ដែល​ប៉ះ​គ្នា​ទេ​កន្លងមក​។ ការផ្គូផ្គង​ ឆាយ មាស ឲ្យ​ជួប​ជា​មួយ ​ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ស្រករ​ក្រោយនេះ ដោយសារតែ ​ឆាយ មាស ឥឡូវ​គេ​រាង​ចាស់​ស្រុត​ធ្លាក់​មិន​ខ្លាំង​ដូច​ពីមុន​នោះ​។

ជ័យ ប៊ុន​សង់ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។ និយាយ​រួម​គេ​ពុំ​សូវ​ដែល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ប៉ុន្មាន​ទេ​។ តែ​យ៉ាង​ណា ប៊ុន​សង់​គេ​វាយ​ល្អ វាយ​មាន​ផ្លែ ហើយ​ចិត្ត​ប្រដាល់​របស់​ក៏​ធំ​គួរសម​ដែរ​។ គេ​ប្រកួត​ចុងក្រោយ​នេះ​វាយ​ស្មើ​ជាមួយ​ លាស់ យីន​(​រាជសីហ៍បា​បា​)​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​។​
ទោះបីជា​យ៉ាងនេះ​ក្តី ជួប​ជាមួយ​ឆាយ មាស គឺ​ជ័យ ប៊ុន​សង់ ក៏​ប្រហែលជា​ពិបាក​នឹង​ឈ្នះ​ដែរ ព្រោះថា​ ឆាយ មាស គេ​មាន​ផ្លែ​ល្អ និង​មាន​កលល្បិច​ក្នុង​ការ​ប្រកួត​ច្រើន​ទៀត​ផង។ ឆាយ មាស អន់​តែ​កម្លាំង​កាយសម្បទា​(​ស៊ុ​ហ្វ​)​ប៉ុណ្ណោះ ស្នៀត​ទាត់ កណ្ដាប់ដៃ ជង្គង់ កែង​របស់​គេ​នៅតែ​ល្អ​ដដែល​ទេ​។ អ្នក​ប្រដាល់ ​ឆាយ មាស ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់​ មាស ច័ន្ទ​មាន អ្នក​ប្រដាល់​ក្លិប​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​។ ចាំ​មើល​រវាង ​ឆាយ មាស និង ជ័យ ប៊ុន​សង់​នេះ តើ​អ្នកណា​ជា​អ្នក​ឈ្នះ​នៅក្នុង​ការ​ជួប​គ្នា​លើកដំបូង​នេះ ? ម៉ាត់ ឆ្វេង អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ​នឹង​ជួប​ប្រកួត​ជាមួយ​ អាន មុន្នី អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ​។ ពីរ​នាក់​នេះ​មិនដែល​ជួបគ្នា​ទេ​ពី​មុន​មក​។​
ម៉ាត់ ឆ្វេង ជា​អ្នក​ប្រដាល់​វ័យក្មេង​ តែ​មាន​ស្នៀត​ប្រដាល់​និង​បទពិសោធន៍​ដូច​អ្នក​ប្រដាល់​ជើង​ចាស់​ដែរ​។ អ្នក​ប្រដាល់​ស្រករៗ​គេ មិន​ងាយ​យកឈ្នះ​គេ​បាន​នោះ​ឡើយ​។ ឆ្វេង​មាន​កណ្ដាប់ដៃ និង​ជើង​ទាត់​ល្អ និង​ធ្ងន់ ហើយ​ការ​វាយ​ចេញ​ក៏​លឿន​រហ័ស​ណាស់​ដែរ​។ តែ​ការប្រកួត​ចុងក្រោយ​របស់​គេ គឺ​វាយ​ចាញ់​ពិន្ទុ​ ម៉ន រដ្ឋា​ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​។
ប៉ុន្តែ​ការ​ជួប​ប្រកួត​ជាមួយ ​អាន​ មុន្នី​នេះ ម៉ាត់​ ឆ្វេង​ ប្រហែលជា​មិន​ចាញ់​នោះ​ទេ ព្រោះ ​មុន្នី​នេះ ត្បិត​តែ​គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា ប៉ុន្តែ​គេ​វាយ​អន់​និង​មិនសូវ​ដែល​ឈ្នះ​នរណា​ទេ​កន្លងមក​។
អាន មុន្នី គេ​បានតែ​កម្លាៗ​ទេ រឿង​វាយ​ខ្លាំង​គឺ​មិន​ខ្លាំង​ឡើយ​។ ប្រកួត​ដប់​ដង​ឈ្នះ​គេ​ម្តង​ប៉ុណ្ណោះ​។ ដូច្នេះ​ប៉ះ​ជាមួយ ​ម៉ាត់ ឆ្វេង ប្រហែលជា​ទៅ​មិន​រួច​ទេ​។ តែ​យ៉ាងណា​មិនអាច​ទាយ​មុន​បាន​ឡើយ ព្រោះថា​ ម៉ាត់ ឆ្វេង ពេលខ្លះ​ក៏​វាយ​អន់​ដែរ​។ ការ​ប្រកួត​ចុងក្រោយ​នេះ ម៉ាត់ ឆ្វេង គេ​វាយ​ចាញ់ ​ម៉ន រដ្ឋា ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ​។ ចំណែក​ការប្រកួត​ចុងក្រោយ​របស់​អាន មុន្នី គេ​វាយ​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់ យិន បូ​រិ​ន ក្លិប​អាស៊ី​កីឡា​។​
ឃីម សា​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រះខ័នរាជ្យ​នឹង​ជួប​ប្រកួត​ជម្រះបញ្ជី​ជាមួយ​ ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​។ ពួកគេ​ពីរ​នាក់​នេះ​ធ្លាប់​ជួបគ្នា​ពីរ​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ ចាញ់ គ្នា​ដោយ​ពិន្ទុ​ម្តង​ម្នាក់​។​
ហេង វាសនា និង ឃីម សា​វ៉េ​ត​នេះ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា និង​មាន​សមត្ថភាព​បច្ចេកទេស​ប្រហាក់​ប្រហែល​គ្នា​។ វាសនា គេ​វាយ​រាង​យឺត​មិនសូវ​រហ័សរហួន និង​មិន​សូវ​មាន​កល​ល្បិច​ក្នុង​ការ​ប្រកួត​ទេ។ អ្នក​ប្រដាល់​រូប​នេះ​មិនសូវ​ជា​ចូលចិត្ត​វាយ​ពី​ប្រយោល​ទេ គឺ​ភាគច្រើន​ចូល​កៀក​។ ចំណែក ឃីម សា​វ៉េ​ត គេ​ក៏​រាង​ស្ពឹក​បន្តិច​ដែរ តែ​មាន​ស្នៀត​ប្រដាល់​ល្អ និង​តិចនិក​ប្រកួត​ល្អ ។ តែ​យ៉ាងណា មិន​ដឹង​ថា​គេ​អាច​ឈ្នះ​ហេង វាសនា បាន​ឬ​អត់​នោះ​ទេ​នៅក្នុង​ការ​ជួបគ្នា​លើក​នេះ ? ​
ការប្រកួត​ចុងក្រោយ ឃីម សា​វ៉េ​ត វាយ​ចាញ់​វ៉ែន សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ ឯ​ ហេង វាសនា ប្រកួត​ចុងក្រោយ​វាយ​ចាញ់​ សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ​ដែរ ។ ចាំ​មើល​ជួបគ្នា​លើក​ទី​៣​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ​?​​
សយ ជ័យ អ្នក​ប្រដាល់​ក្លិប​ឌី​ណា​ព្រែកលៀប​ជួប​ជាមួយ តក់ រដ្ឋា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​។ ពីរ​នាក់​នេះ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា ។ ដូចនេះ​ការ​ជួប​ប្រកួត​គ្នា​នេះ​ពុំ​ដឹង​ថា​អ្នកណា​ជា​អ្នកឈ្នះ​នោះ​ឡើយ​៕


Post a Comment

0 Comments

Close Menu