Ad Code

លោក Trump ​និយាយ​ថា នឹង​បញ្ជូន​ទាហាន​ប្រដាប់​អាវុធ​ទៅ​ព្រំដែន​អាមេរិក​-​ម៉ិ​ក​ស៊ិ​ក​



​លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ទាហាន​ប្រដាប់​អាវុធ​ទៅកាន់​ព្រំដែន​ភាគ​ខាង​ត្បូង​បន្ទាប់ពី​ទាហាន​ម៉ិ​ក​ស៊ិ​ក​កាល​ពីពេល​ថ្មីៗ​នេះ ​បាន​ភ្ជង់​កាំភ្លើង​ដាក់​កងទ័ព​អាមេរិក​ដែល​ជា​ហេតុ​បង្កើន​សង្គ្រាម​ពាក្យសំដី​របស់​លោក​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ស្ដី​ពី​បញ្ហា​អន្តោប្រវេសន៍​។

លោក Trump ទំនងជា​សំដៅ​ទៅលើ​ឧប្បត្តិហេតុ​កាលពី​ថ្ងៃ​ទី​១៣​ខែ​មេសា​ដែល​កាលនោះ ទាហាន​ម៉ិ​ក​ស៊ិ​ក​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចោទសួរ​និង​ភ្ជង់​អាវុធ​របស់​ខ្លួន​លើ​កងទ័ព​អាមេរិក​ចំនួន​ពីរ​នាក់​ដែល​កំពុង​ធ្វើការ​ឃ្លាំមើល​នៅ​តាម​ព្រំដែន​។

​លោក​បាន​បង្ហោះ Twitter ថា “​ទាហាន​ម៉ិ​ក​ស៊ិ​ក​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ភ្ជង់​កាំភ្លើង​លើ​ទាហាន​ឆ្មាំ​ជាតិ​របស់​យើង​។ នេះ​ប្រហែលជា​យុទ្ធវិធី​បង្វែរ​សម្រាប់​អ្នក​ជួញ​ដូរ​ថ្នាំញៀន​នៅ​តាម​ព្រំដែន​ហើយ​មើល​ទៅ​។ យល់​ល្អ​សូម​កុំ​ឲ្យ​រឿង​នេះ​កើតឡើង​ម្តង​ទៀត​ឲ្យ​សោះ​”​។លោក​បន្ត​ថា “​ឥឡូវនេះ យើង​នឹង​បញ្ជូន​ទាហាន​ប្រដាប់​អាវុធ​ទៅកាន់​ព្រំដែន​។ ប្រទេស​ម៉ិ​ក​ស៊ិ​ក​មិន​បាន​ធ្វើ​សកម្មភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់ខ្លួន​និង​ប្រគល់​មកវិញ​ទេ​!”​។

​ស្របពេល​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បាន​និយាយថា រដ្ឋាភិបាល​របស់លោក​នឹង​វិភាគ​លើ​ឧបទ្ទវហេតុ​នេះហើយ​យកចិត្តទុកដាក់​លើ​មតិយោបល់​របស់លោក Trump និង​ធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​នៅក្នុង​ក្របខ័ណ្ឌ​នៃ​អធិបតេយ្យភាព​របស់​យើង​។

​ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ច្បាស់​ទេ​ថា​តើ​លោក Trump បានបង្ហាញ​ពី​ការដាក់​ពង្រាយ​ថ្មី​ឬ​ការផ្លាស់ប្តូរ​ណាមួយ​លើ​កងទ័ព​សហរដ្ឋអាមេរិក​នៅតាម​ព្រំដែន​។មន្ត្រី​មន្ទីរ​បញ្ច​កោណ​បាន​ប្រាប់ AFP ថា មន្ត្រី​ភារកិច្ច​សកម្ម​មួយចំនួន​ក្នុងចំណោម​២,៩០០​នាក់​និង​ទាហាន​ឆ្មាំ​ជាតិ​២,០០០​នាក់​ដែល​ដាក់ពង្រាយ​នៅ​ព្រំដែន​គឺ​តែងតែ​ត្រូវបាន​ប្រដាប់​ដោយ​អាវុធ​សម្រាប់តែ​ការការពារ​កងកម្លាំង​ប៉ុណ្ណោះ​។

​មេបញ្ជាការ​ភាគ​ខាងជើង​អាមេរិក​បាន​និយាយថា ទាហាន​អាមេរិក​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ឧប្បត្តិហេតុ​កាលពី​ថ្ងៃទី​១៣​ខែមេសា​គឺ​ស្ថិតនៅក្នុង​រថយន្ត​ខណៈ​ធ្វើ​ប្រតិ​ប​ត្ដិ​ការគាំទ្រ​ព្រំដែន​នៅ​ព្រំប្រទល់​ខាង​អាមេរិក​នៅពេល​ពួកគេ​ត្រូវបាន​តាម​ប្រកៀក​ដោយ​បុគ្គលិក​យោធា​ម៉ិ​ក​ស៊ិ​ក​ពី​ប្រាំ​ទៅ​ប្រាំមួយ​នាក់​។គួរ​បញ្ជាក់ថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង Rio Grande ក្នុង​រដ្ឋ Texas៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu